របាយការណ៍មួយរបស់ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បង្ហាញថា មានជាង ៤២% នៃក្រុមហ៊ុនសំណង់ក្នុងស្រុក ដែលត្រូវបានស្ទង់មតិនិយាយថា ពួកគេបានជួបការលំបាកកាន់តែខ្លាំងនៅក្នុងត្រីមាសទី១ ខណៈ ៤១,៥% និយាយថា អាជីវកម្មរបស់ពួកគេមានស្ថិរភាព ហើយ១៦,៣%និយាយថា អាជីវកម្មរបស់ពួកគេមានភាពល្អប្រសើរក្នុងត្រីមាសទី១។
សម្រាប់ត្រីមាសទី២ ក្រុមហ៊ុនសំណង់ចំនួន ២៧,១% បានរំពឹងថា ប្រតិបត្តិការអាជីវកម្មរបស់ពួកគេនឹងកាន់តែពិបាក ខណៈ ៤០,៧%រំពឹងថា អាជីវកម្មរបស់ពួកគេនឹងមានស្ថិរភាព ហើយ៣៣,២%ព្យាករថា ដំណើរការអាជីវកម្មរបស់ពួកគេនឹងប្រសើរ បើធៀបនឹងត្រីមាសទី១។
ក្រុមហ៊ុនសំណង់ចំនួន ៤៦,៤% បានអំពាវនាវឱ្យមានការគាំទ្រផ្នែកដើមទុនដូចជា កម្ចីអនុគ្រោះ នីតិវិធីកម្ចីដែលងាយស្រួលជាងមុន និងឆាប់រហ័សជាងមុន និងការប្រាក់ទាបជាងមុនជាដើម។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនសំណង់ចំនួន៤៤,៣% បានស្នើសុំជំនួយទាក់ទិនវត្ថុធាតុដើមដូចជាការធានាការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃវត្ថុធាតុដើម ខណៈ៣៨,៣%រំពឹងថា ព័ត៌មានដេញថ្លៃនឹងកាន់តែមានលក្ខណៈបើកចំហ និងមានតម្លាភាព ហើយ៣២,៩%បានសង្កត់ធ្ងន់លើសារសំខាន់នៃការពន្លឿនកំណែទម្រង់រដ្ឋបាល។
ការស្ទង់មតិមួយទៀតដោយគេហទំព័រព័ត៌មានធុរកិច្ច Vietnam Report ក៏បានបង្ហាញដែរថា ក្រុមហ៊ុនសំណង់ចំនួន៥៥,៦% បានជួបប្រទះការលំបាកទាក់ទងនឹងដើមទុន។
ជាការពិតណាស់ ឥណទានរបស់ធនាគារត្រូវបានបង្កើន ហើយអត្រាការប្រាក់បានថយចុះ ប៉ុន្តែក្រុមហ៊ុនសំណង់នានា ជាពិសេសក្រុមហ៊ុនខ្នាតតូច និងមធ្យម (SMEs) នៅតែជួបការលំបាកក្នុងការទទួលបានប្រាក់កម្ចី ដោយសារលក្ខខណ្ឌហិរញ្ញវត្ថុរបស់ពួកគេមិនអាចបំពេញបានតាមលក្ខខណ្ឌតម្រូវរបស់ធនាគារពាណិជ្ជ។
អ្នកជំនាញបានលើកឡើងថា ដើម្បីសម្រាលការលំបាកសម្រាប់ឧស្សាហកម្មសំណង់ ចាំបាច់ត្រូវដោះស្រាយបញ្ហាធំៗមួយចំនួនដូចជាការកាត់បន្ថយថ្លៃដើម ការកែលម្អការប្រកួតប្រជែងរបស់អាជីវកម្ម និងការជំរុញការវិនិយោគ និងបរិយាកាសអាជីវកម្មជាដើម៕
ដោយ: តែម សុខុម