បោះឆ្នោតឃុំ​សង្កាត់

ការបោះឆ្នោត​ឃុំ​សង្កាត់​លើក​នេះ​ពិសេស​ជាង​លើក​មុនៗ។ ហេតុ​អ្វី?


ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​២០១៧ ប្រជាជន​កម្ពុជា​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន នៅ​ទូទាំង​ប្រទេស។ ការ​បោះឆ្នោត​នេះ​ ត្រូវ​បាន​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​មួយ ចាប់​អារម្មណ៍ថា មាន​ភាព​ពិសេស​ជាង​ការ​បោះឆ្នោត​លើក​មុនៗ។
ថ្ងៃទី៤ មិថុនា ២០១៧ ប្រជាជន​កម្ពុជា​នឹង​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ទូទាំងប្រទេស។ រូបថតពី​ហ្វេសប៊ុក
ដោយ

លោក ព្រាប កុល នាយកប្រតិបត្តិ​អង្គការ តម្លាភាព​កម្ពុជា មានប្រសាសន៍​ថា ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​នេះ គឺ​ពិសេស​ជាង​អាណត្តិ​មុនៗ ដោយសារ​ហេតុ​ផល​មួយ​ចំនួន ដូចជា៖ 

  1. មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​កើន​ឡើង​ពី​សំណាក់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ
  2. ចំនួន​អ្នក​ចូលរួម​សង្កេតការណ៍​ច្រើន​ជាង​លើក​មុនៗ​ស្ទើរតែ​ទ្វេដង ពោល​គឺ​លើក​នេះ មាន​អ្នក​ចូលរួម​សង្កេតការណ៍​ប្រមាណ ១០ម៉ឺន​នាក់ ក្នុង​នោះ​អ្នក​សង្កេត​ការណ៍​ផ្លូវ​ការ​ដែល​មាន​ប័ណ្ណ​សម្គាល់​ចេញ​ដោយ​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត (គ.ជ.ប) មាន​ចំនួន​ប្រមាណ ៦ម៉ឺននាក់ និង​មិន​ផ្លូវការ​ចំនួន ៤​ម៉ឺន​នាក់។
  3. អ្នក​នយោបាយ​មាន​ភាព​រំជើប​រំជួល​ខ្លាំង។ មាន​អ្នក​នយោបាយ​ខ្លះ​សប្បាយ​រំភើប​ជ្រុល មាន​អ្នកនយោបាយ​អួត​ជ្រុល មាន​អ្នក​នយោបាយ​ភ័យ​ជ្រុល។ល។


👉 គួរអាន ! អ្នក​នយោបាយ​ខ្មែរ​ត្រូវ​តាំង​ចិត្ត​ឲ្យ​សឿង​ដូច​អាមេរិក


លោក ព្រាប កុល នាយកប្រតិបត្តិការ​អង្គការ​តម្លាភាព​កម្ពុជា។ (រូបភាព៖ តម្លាភាព​កម្ពុជា)

បន្ថែម​លើ​ការចាប់អារម្មណ៍​របស់​លោក ព្រាប កុល នាយកប្រតិបត្តិ​អង្គការ​តម្លាភាព គេ​សង្កេតឃើញ​ចំណុច​ពិសេស​​បន្ថែម​ទៀត​ ដូច​ជា ការ​ងាក​មក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​សមរភូមិ​ដ៏​ស្រួច​ស្រាល់​ក្នុង​ការ​ឃោសនា​រក​សំឡេង​គាំទ្រ​។ 

មួយ​ទៀត គឺ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ដែល​ពី​មុន​មក​មិន​ដែល​ចេញ​ឃោសនា​ដោយ​ផ្ទាល់​នោះ ឥឡូវ​ប្រកាស​ថា នឹង​ដឹកនាំ​ក្បួន​ហែ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ឃោសនា​ចុង​ក្រោយ គឺថ្ងៃទី២ មិថុនា នៅ​តាម​ដង​ផ្លូវនានា​ក្នុង​រាជធានី​ភ្នំពេញ។ 

ពិសេស​មួយ​ចំណុចទៀត គឺ​កាសែត​ក្នុង​ស្រុក​ដ៏​ល្បី​ឈ្មោះ ភ្នំពេញប៉ុស្តិ៍ (The Phnom Penh Post) បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​គ្រូទាយ​សន្លឹក​បៀ ដែល​ទាយ​ពី​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​ឆ្នោត​ប្រផិត​ប្រផើយ​លើ​គូ​ប្រជែង​របស់​ខ្លួន​គឺ​គណបក្ស​សង្គ្រោះជាតិ។ អាន​ អត្ថបទ​លម្អិត​របស់​ភ្នំពេញ​ប៉ុស្តិ៍ !!! 

គួរបញ្ជាក់​ដែរ​ថា លោក ព្រាប កុល ថ្លែង​ចាប់​អារម្មណ៍​ខាង​លើ ក្នុង​កិច្ច​ប្រជុំ​មិន​ផ្លូវការ​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​ជាន់​ខ្ពស់​ ដើម្បី​បង្ហាញ​ពី​វិធី​សាស្ត្រ​ថ្មី​នៃ​ការ​សង្កេតការណ៍​បោះឆ្នោត​របស់​អង្គការ​តម្លា​ភាព​កម្ពុជា​កាល​ពី​ថ្ងៃទី៣១ ឧសភា។

អង្គការតម្លាភាព​នឹង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ប្រមាណ ១២០០នាក់ នៅ​តាម​មណ្ឌល​បោះឆ្នោត​ដែល​នឹង​ជ្រើសរើសជាសំណាក​ដោយ​ព្រាវៗ តាម​លក្ខណៈ​បច្ចេកទេស​ស្ថិតិ។ 


👉 គួរអាន ! សហគ្រិន​វ័យ​ក្មេង​ដ៏​ល្បី​ប្រាប់​ពី​រូបមន្ត​ជោគជ័យ​សម្រាប់​ហាង​កាហ្វេ​ទំនើប


ដោយ​បាន​ការ​គាំទ្រ​មូលនិធិ​ពីអង្គការ USAID ចំនួន ២០​ម៉ឺន​ដុល្លារ តម្លាភាព​កម្ពុជា ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​ដោយ​ប្រើ​វិធីសាស្ត្រ​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា គឺ​ការ​សង្កេតការណ៍​ដោយ​ផ្អែក​លើ​សំណាកវិទ្យាសាស្ត្រ (Sample-Based Observation)។ 

ជា​សង្ខេប ការសង្កេតការណ៍​បែប SBO នេះ គឺ​ប្រើ​ប្រាស់​បច្ចេកទេស​ស្រាវជ្រាវ​ស្ថិតិ​បែប​វិទ្យាសាស្ត្រ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ប្រមូល​ទិន្នន័យ បូកសរុប និង​វិភាគ។ 

លោក ព្រាប កុល សង្ឃឹមថា នៅ​ថ្ងៃ​បោះឆ្នោត​ ថ្ងៃទី៤ មិថុនា នៅ​វេលា​ម៉ោង​ប្រមាណ ៧យប់​ អង្គការតម្លាភាព​កម្ពុជា នឹងអាច​សរុប​លទ្ធផល​នៃ​ការសង្កេត​ការណ៍​របស់​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ដល់​បណ្ដាញ​សារព័ត៌មាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


២០​ឆ្នាំ​កន្លង​មក​នេះ តើ​កម្ពុជា​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​កម្រិត​ណា?

ព័ត៌មាន
ប្រទេស​កម្ពុជា​បាន​រក្សា​កំណើន​សេដ្ឋកិច្ច​ជាមធ្យម ៧% ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​កំណើន​នេះ​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្ន…

តួលេខ​សកល​អំពី​ស្ថានភាព​កុមារ​ដែល​អ្នក​គួរ​យល់​ដឹង !

ព័ត៌មាន
ថ្ងៃ​ទី១ មិថុនា ជា​ទិវា​កុមារអន្តរជាតិ ដែល​ប្រទេស​នានា​ជុំវិញ​ពិភព​លោក​ប្រារព្ធ​ទិវា​នេះ ដើម្បី​ជា​ការលើក​កម្ពស់​ការយល់ដឹង​​អំពី​កុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ