ឯកសារចំនួនពីរត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្តួចផ្តើម សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលក្នុងនោះរួមមាន៖
១. «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត» មានគោលបំណងអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជាទៅនឹងខ្សែចង្វាក់តម្លៃតំបន់ និងសកល និងជាពិសេសប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងផ្គុំយានយន្ត (Components Manu-facturing Hub) ព្រមទាំងជំរុញការផលិតគ្រឿងផ្គុំយានយន្តដែលមានលក្ខណៈស្មុគស្មាញ និងតម្លៃបន្ថែមខ្ពស់ជាងមុន ។
២. «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យអេឡិចត្រូនិក» មានគោលបំណងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ដែលមានសមាហរណកម្មខ្ពស់ (Integrated Electronics Production Hub) ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើនប្រភេទ, ផលិតគ្រឿងបង្គំពាក់កណ្តាលសម្រេច (Sub-assembled Products) និងផលិត-ផលសម្រេច (Fully Assembled Products) ដើម្បីបម្រើទីផ្សារនាំចេញក្នុងតំបន់ និងពិភពលោក ។
ក្នុងរយៈពេលចុងក្រោយនេះ វិស័យយានយន្ត និងវិស័យអេឡិចត្រូនិកនៅកម្ពុជា មានភាពរីកចំរើនគួរឱ្យកត់សម្គាល់ ។ ដោយផ្អែកលើលទ្ធភាព និងសក្តានុពលជាក់ស្តែង ក្រៅពីវិស័យផ្សេងទៀតរាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាព ដែលមានសក្តានុពលសម្រាប់ជំរុញការចូលរួមរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាពិសេសចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមាគ៌ាដែលបានដាក់ចេញក្នុង «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» ៕
អត្ថបទ សោម ស្រីពេជ្រ