អត្ថបទពាណិជ្ជកម្ម

ធនាគារ មេយប៊ែង ខេមបូឌា និង UNGCMBC សហការគ្នាដើម្បីពង្រឹងសកម្មភាពអាជីវកម្មប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា


ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ ធនាគារ មេយប៊ែង ខេមបូឌា និងស្ថាប័នបណ្តាញ UN Global Compact ប្រចាំម៉ាទ្បេស៊ី ព្រុយណេ និងកម្ពុជា (UNGCMBC) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងពង្រឹងសមត្ថភាព និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់នៅក្នុងប្រទេសកម្ពុជា។
ធនាគារ មេយប៊ែង ខេមបូឌា និង UNGCMBC សហការគ្នាដើម្បីពង្រឹងសកម្មភាពអាជីវកម្មប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា
ដោយ
អំពី Maybank

សម្ព័ន្ធធនាគារ មេយប៊ែង បានចូលរួមជាសមាជិកយ៉ាងសកម្ម និងជាដៃគូដ៏សំខាន់របស់ UNGCMBC តាំងពីឆ្នាំ២០២២ មកម្ល៉េះ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកចីរភាពរបស់ខ្លួន។ ភាពជាដៃគូនេះ បាននាំមកនូវសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមទាំងការបង្កើតវគ្គសិក្សា វិញ្ញាបនបត្របញ្ជាក់អ្នកជំនាញផ្នែកចីរភាព ធនាគារ មេយប៊ែង (“MSPC”)។ កម្មវិធី MSPC នេះត្រូវបានរៀបចំឡើង ក្រោមក្របខណ្ឌសហការជាមួយ UNGCMBC ដើម្បីផ្តល់នូវកម្មវិធីសិក្សា ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដែលអនុញ្ញាតឱ្យអ្នកជំនាញផ្នែកចីរភាពអាចពង្រឹង និងទទួលបានការទទួលស្គាល់ជំនាញរបស់ពួកគេ តាមរយៈដំណើរការវាយតម្លៃជាដំណាក់កាលយ៉ាងហ្មត់ចត់។

កិច្ចសហប្រតិបត្តិការនេះក៏ឆ្លុះបញ្ចាំងពីការបន្តភាពជាដៃគូ និងបើកនូវទំព័រថ្មីមួយក្នុងការចូលរួមរបស់ UNGCMBC នៅក្នុងប្រទេសកម្ពុជា ដោយបានផ្សារភ្ជាប់ជាលើកដំបូងបង្អស់រវាងវត្តមាននៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងបណ្តាញអាជីវកម្មរបស់ធនាគារ មេយប៊ែង ជាមួយនឹងជំនាញ ឧបករណ៍ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ផ្នែកចីរភាពរបស់ UNGCMBC។ ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងស្វែងរកឱកាសដើម្បីសហការគ្នាលើការតស៊ូមតិ បង្កើនការយល់ដឹង និងបង្កើតកម្មវិធីពង្រឹងសមត្ថភាពលើការងារបរិស្ថាន សង្គម និងអភិបាលកិច្ច កម្មវិធីជួបជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក៏ដូចជាការស្រាវជ្រាវ និងការដឹកនាំលើការបង្កើតគំនិតថ្មីៗ ពាក់ព័ន្ធនឹងផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។

លោក Datuk Shahril Azuar Jimin នាយក​ចីរភាព នៃសម្ព័នធនាគារ មេយប៊ែង បានមានប្រសាសន៍ថា៖ «ភាពជាដៃគូរបស់យើងជាមួយ UNGCMBC បានពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ជូននូវហិរញ្ញប្បទានប្រកបដោយចីរភាព និងការបង្កើតផលវិជ្ជមានដល់សង្គម ក៏ដូចជាបរិស្ថាន ស្របតាមយុទ្ធសាស្ត្រ ROAR30។ តាមរយៈកិច្ចសហការនេះ យើងមានគោលបំណងពន្លឿនសកម្មភាពរួមគ្នា ពង្រឹងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងផ្តល់នូវលទ្ធផលដែលអាចវាស់វែងបាននៅទូទាំងសហគមន៍ដែលយើងកំពុងបម្រើប្រតិបត្តិការ​»។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ធនាគារ មេយប៊ែងក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្រោមយុទ្ធសាស្ត្រ ROAR30 ក្នុងការផ្តល់ជូនថវិកាចំនួន ៣០០ ពាន់លានរីងហ្គីត (ប្រហែល ៧៣ ពាន់លានដុល្លារ) សម្រាប់ហិរញ្ញប្បទានប្រកបដោយចីរភាពចន្លោះឆ្នាំ២០២៦ ដល់ ២០៣០។

នៅក្នុងឆ្នាំ២០២៥ ធនាគារ មេយប៊ែង បានផ្តល់ជូនហិរញ្ញប្បទានរហូតដល់ ១០៨,៦៤ លានដុល្លារអាមេរិក សម្រាប់ការផ្ដល់ហិរញ្ញប្បទានប្រកបដោយចីរភាព រួមទាំងថវិកាចំនួន ៤០ លានដុល្លារ ត្រូវបានបែងចែកជាហិរញ្ញប្បទានបៃតង ដើម្បីគាំទ្រដល់ការពង្រឹងប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីជាតិរបស់កម្ពុជា និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះធនាគារ មេយប៊ែង ក៏បានចូលរួមចំណែកគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ជាង ១០០នាក់ តាមរយៈការបណ្តុះបណ្តាលសមត្ថភាពអាជីវកម្ម និងបានជួយពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់បុគ្គលចំនួន ៨៥៤ នាក់ផងដែរ។ កត្តាទាំងនេះ សុទ្ធតែបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ក្នុងការជំរុញសេដ្ឋកិច្ចឱ្យមានភាពរីកចម្រើន បរិយាបន្ន និងមានភាពធន់ជាងមុន។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង បានមានប្រសាសន៍ថា៖ «នៅក្នុងដំណើរដែលប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចដែលមានចីរភាពជាងមុន គឺទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិស័យសាធារណៈ និងឯកជន។ តាមរយៈភាពជាដៃគូជាមួយ UNGCMBC យើងមានបំណងចង់ជួយគាំទ្រដល់អាជីវកម្មនានា តាមរយៈការផ្តល់នូវចំណេះដឹង បណ្តាញទំនាក់ទំនង និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយចីរភាព ដែលជាកត្តាចាំបាច់ក្នុងការបង្កើនភាពធន់ ជំរុញកំណើនរយៈពេលវែង និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា»។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានកើតឡើងចំពេលដែលកម្ពុជាកំពុងពង្រឹងរបៀបវារៈហិរញ្ញវត្ថុប្រកបដោយចីរភាព និងការខិតខំឆ្ពោះទៅរកគោលដៅអព្យាក្រឹតកាបូន។ កិច្ចសហប្រតិបត្តិការនេះ ក៏មានភាពស៊ីចង្វាក់គ្នាជាមួយការដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព នៅប្រទេសកម្ពុជា ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា តាមរយៈកិច្ចសហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងដៃគូពាក់ព័ន្ធផ្សេងៗ ដែលបង្កើតនូវចំនុចចាប់ផ្តើមយោងមួយក្នុងការកំណត់ និងបែងចែកប្រភេទសកម្មភាពសេដ្ឋកិច្ចនានាដែលប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។

លោក Faroze Nadar នាយកប្រតិបត្តិនៃ UNGCMBC បានលើកឡើងថា៖ «ដើម្បីសម្រេចបាននូវវឌ្ឍនភាពនៃចីរភាពប្រកបដោយប្រសិទ្ធភាព យើងត្រូវការភាពដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ មិនត្រឹមតែយល់ដឹងលើសមិទ្ធផលធម្មតាប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាពក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងស្ថាប័ន។ ខណៈពេលដែលវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជាកំពុងមានការរីកចម្រើន ភាពដឹកនាំអាជីវកម្មគឺមានតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយគោលដៅឱ្យទៅជាសកម្មភាពជាក់ស្តែង ការពង្រឹងអភិបាលកិច្ចកាន់តែរឹងមាំ និងការបង្កើតតម្លៃយូរអង្វែង។ តាមរយៈកិច្ចសហការជាមួយធនាគារ មេយប៊ែង យើងសង្ឃឹមថានឹងអាចផ្តល់នូវចំណេះដឹង ការពិភាក្សា និងឧបករណ៍ចាំបាច់នានា ដើម្បីជួយដល់ថ្នាក់ដឹកនាំ និងអាជីវកម្មនានា ក្នុងការជំរុញសកម្មភាពអាជីវកម្មឱ្យកាន់តែមានការទទួលខុសត្រូវខ្ពស់»។

ដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការនេះធនាគារ មេយប៊ែង និង UNGCMBC កំពុងធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមចំនួនពីរគឺ៖ វគ្គបណ្តុះបណ្តាលសម្រាប់អតិថិជនលើ ការកសាងភាពធន់តាមរយៈចីរភាពសម្រាប់អាជីវកម្មកម្ពុជា និង កិច្ចពិភាក្សាតុមូលស្តីពីភាពដឹកនាំប្រកបដោយចីរភាពលើ ការជំរុញការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព។

កម្មវិធីបណ្តុះបណ្តាលសម្រាប់អតិថិជន បានប្រមូលផ្តុំម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម និងតំណាងក្រុមហ៊ុននានា ដើម្បីចូលរួមក្នុងវគ្គពង្រឹងសមត្ថភាពជាក់ស្តែង ស្តីពីចីរភាព និងភាពធន់នៃអាជីវកម្ម។ នៅក្នុងវគ្គនេះ យើងបានលើកយកមកបង្ហាញនូវគោលការណ៍ចីរភាព និងបរិស្ថាន សង្គម និងអភិបាលកិច្ច ព្រមទាំងការវិវត្តនៃទិដ្ឋភាពចីរភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវិធីសាស្ត្រអនុវត្តជាក់ស្តែង ដើម្បីឱ្យអាជីវកម្មអាចបញ្ចូលនូវការទទួលខុសត្រូវក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

ការពិភាក្សានេះបានផ្តោតលើសារៈសំខាន់នៃចីរភាព ដែលអាចជួយឲ្យអាជីវកម្មត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងបញ្ហានានា កែលម្អដំណើរការការងារឱ្យកាន់តែប្រសើរ កាត់បន្ថយការចំណាយ បង្កើនទំនុកចិត្តពីសំណាក់អតិថិជន និងសហគមន៍ ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងរយៈពេលវែង។ ទន្ទឹមនឹងនេះ អ្នកចូលរួមក៏ទទួលបានការណែនាំអំពីដំណោះស្រាយហិរញ្ញវត្ថុ ដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព និងការគ្រប់គ្រងហានិភ័យឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

លោក រ័ត្ន សោភ័ណ បានបញ្ជាក់បន្ថែមថា៖ «នៅពេលដែលការគិតគូពីចីរភាព ត្រូវបានដាក់បញ្ចូលទៅក្នុងរាល់ការសម្រេចចិត្តលើអាជីវកម្ម និងការវិនិយោគ ការដឹកនាំនឹងក្លាយជាកត្តាដ៏សំខាន់បំផុតក្នុងការជំរុញឱ្យមានការរីកចម្រើនប្រកបដោយអត្ថន័យ។ វដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា បានបង្កើតនូវមូលដ្ឋានគ្រឹះរួមមួយ សម្រាប់កំណើនប្រកបដោយចីរភាព ប៉ុន្តែផលប៉ះពាល់ជាក់ស្តែងនៃចំណាត់ថ្នាក់នេះ គឺអាស្រ័យទៅលើឆន្ទៈរបស់ស្ថាប័ននីមួយៗ ក្នុងការហ៊ានផ្លាស់ប្តូរ ពង្រឹងអភិបាលកិច្ច និងបញ្ចូលនូវគោលការណ៍ចីរភាពទៅក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់ពួកគេ។ យើងពិតជាមានសេចក្តីរីករាយក្នុងការសម្របសម្រួលកិច្ចពិភាក្សាដ៏សំខាន់ទាំងនេះ ដើម្បីជួយគាំទ្រដល់អតិថិជនរបស់យើង ក្នុងដំណើរការឆ្ពោះទៅរកចីរភាពរបស់ពួកគេ»។

កម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពីភាពដឹកនាំប្រកបដោយចីរភាពនេះ បានក្លាយជាវេទិកាមួយដែលប្រមូលផ្តុំនូវថ្នាក់ដឹកនាំប្រតិបត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាជីវកម្មនានា ដើម្បីរួមគ្នាពិភាក្សាកម្រិតយុទ្ធសាស្ត្រ អំពីស្ថានភាពហិរញ្ញវត្ថុប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសិក្សាពីផលប៉ះពាល់ជាក់ស្តែងនៃ វដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា។

ការពិភាក្សានេះ បានស្វែងយល់យ៉ាងស៊ីជម្រៅអំពីតួនាទីនៃវដ្តករសាស្ត្រ ក្នុងការតម្រង់ទិសដៅវិនិយោគ ការសម្រេចចិត្តលើហិរញ្ញប្បទាន និងយុទ្ធសាស្ត្រផ្លាស់ប្តូរអាជីវកម្មឱ្យស្របទៅនឹងអាទិភាពនៃចីរភាពជាតិ ក៏ដូចជាស្តង់ដារអនុវត្តល្អបំផុតជាអន្តរជាតិ។ ទន្ទឹមនឹងនេះ អ្នកចូលរួមក៏បានផ្លាស់ប្តូរមតិយោបល់គ្នាលើបញ្ហាប្រឈមនានា ក្នុងការអនុវត្តជាក់ស្តែង ការស្វែងរកការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័ននិយតកម្ម ព្រមទាំងការលើកឡើងអំពីភាពជាអ្នកដឹកនាំដែលចាំបាច់ ដើម្បីប្រែក្លាយគោលដៅចីរភាពឱ្យទៅជាសកម្មភាពជាក់ស្តែង។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នានេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារ មេយប៊ែង និង UNGCMBC ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីអាជីវកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង ការពិភាក្សាយុទ្ធសាស្ត្រ និងការសហការគ្នារវាងវិស័យផ្សេងៗ។ ចំពោះវគ្គបណ្តុះបណ្តាល និងការពិភាក្សាតុមូលនាពេលនេះ គឺជាសកម្មភាពដំបូងបង្អស់ដែលត្រូវអនុវត្តក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ។




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា អាម៉េរិក-អ៊ីរ៉ង់បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព តែអ៊ីរ៉ង់បដិសេធ

ពិភពលោកទាំងមូលកំពុងរង់ចាំមើលយ៉ាងអន្ទះសារ ក្រោយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ រួមជាមួយប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល…

អ្នកជំនាញថា វិស័យធានារ៉ាប់រងជាសំណាញ់សុវត្ថិភាពការពារហិរញ្ញវត្ថុ និងជាមេដែកក្នុងការស្រូបទាញការវិនិយោគ

ក្រុមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានចាត់ទុកវិស័យធានារ៉ាប់រង មិនត្រឹមតែដើរតួជាខ្នងបង្អែកដ៏រឹងមាំក្នុងការជួយសង្គ្រោះ និងរក្សាសុវត្ថិភាពជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ