ផ្អែកលើភាពជោគជ័យ នៃកម្មវិធី R.I.S.E. នៅប្រទេសកម្ពុជាកាលពីឆ្នាំមុន ដែលបានលើកកម្ពស់ដល់អ្នកចូលរួមជាង ១៤០០ នាក់ កម្មវិធីឆ្នាំនេះមានគោលបំណងលើកកម្ពស់អ្នកចូលរួមចំនួន ១៤០០ នាក់បន្ថែមទៀត នៅក្នុងខេត្តក្រុងមួយចំនួន រួមមាន៖ ភ្នំពេញ សៀមរាបព្រះសីហនុ កណ្តាល និងកំពង់ចាម ដើម្បីឆ្លុះបញ្ចាំងពីការពង្រីកវិសាលភាព និងលទ្ធភាពក្នុងការរីកចម្រើននៃកម្មវិធី។
ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើង ដើម្បីជាកិច្ចបន្តសហប្រតិបត្តិការយុទ្ធសាស្រ្តរបស់ធនាគារ មេយប៊ែង ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) ដែលចូលរួមដោយក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) និងអាជ្ញាធរមីនកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន (CMAA)។ អនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ស្រេង សោភា អគ្គលេខាធិការរងរអាជ្ញាធរមីនទទួលបន្ទុកនាយកដ្ឋានសង្រ្គោះជនពិការដោយសារមីន ដែលមានវត្តមានលោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា ជាសក្ខីភាព។
អនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីការពង្រឹងភាពជាដៃគូពហុភាគី ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងពង្រីកលទ្ធភាព នៃការប្រកបរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព សម្រាប់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះ តាមរយៈកម្មវិធី R.I.S.E. ដែលជាការរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាឲ្យកាន់តែទូលំទូលាយ។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង បានមានប្រសាសន៍ថា៖ «ការរីកចម្រើនរបស់ប្រទេសកម្ពុជាបានផ្តល់នូវឱកាសយ៉ាងច្រើន ប៉ុន្តែការធានាថាសហគមន៍គ្រប់ស្រទាប់វណ្ណៈអាចចូលរួមចំណែកក្នុងសេដ្ឋកិច្ចបានយ៉ាងពេញលេញ គឺជារឿងសំខាន់បំផុត។ ក្នុងនាមជាគ្រឹះស្ថានធនាគារ តួនាទីរបស់យើងមិនត្រឹមតែផ្តល់ជូននូវលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ គឺថែមទាំងជួយបុគ្គលម្នាក់ៗឲ្យមានសមត្ថភាពបង្កើនប្រាក់ចំណូល កសាងភាពរឹងមាំ និងស្ថេរភាពយូរអង្វែងផងដែរ។ តាមរយៈគំនិតផ្តួចផ្តើម នៃកម្មវិធី R.I.S.E. នេះ យើងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសហគមន៍មូលដ្ឋាន និងជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិទាំងមូល។»
ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា៖ «សម្រាប់ប្រជាពលរដ្ឋ ដែលមានពិការភាព ការទទួលបានឱកាស និងលទ្ធភាពក្នុងការរកប្រាក់ចំណូល គឺជាកត្តាចម្បងបំផុត ដើម្បីឲ្យពួកគាត់អាចរស់នៅដោយសមធម៌ និងមានឯករាជ្យភាពពេញលេញ។ ការពង្រឹងសមត្ថភាពរបស់ពួកគាត់ មិនត្រឹមតែធ្វើឲ្យជីវិតបុគ្គលម្នាក់ៗកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកកសាងសង្គមមួយ ដែលគ្មានភាពរើសអើង និងមានតុល្យភាពសម្រាប់កម្ពុជាទាំងមូល។»
លោកជំទាវ ស្រេង សោភា អគ្គលេខាធិការរងរអាជ្ញាធរមីនទទួលបន្ទុកនាយកដ្ឋានសង្រ្គោះជនពិការដោយសារមីន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការជួយដល់ជនរងគ្រោះដោយសារមីន និងជនមានពិការភាពឱ្យមានជីវភាពប្រសើរឡើងវិញ គឺជាផ្នែកដ៏សំខាន់បំផុតមួយក្នុងការជួយពួកគាត់កសាងជីវិតថ្មី។ តាមរយៈការផ្តល់ជំនួយ និងឱកាសសមស្រប ពួកគេអាចទទួលបានទំនុកចិត្តសាជាថ្មី អាចផ្គត់ផ្គង់គ្រួសារ និងឈានទៅមុខប្រកបដោយស្ថិរភាព និងឯករាជ្យភាពកាន់តែរឹងមាំ។»
អ្នកស្រី Izlyn Ramli នាយិកាផ្នែកកិច្ចការក្រុមហ៊ុន និងជានាយិកាប្រតិបត្តិ នៃមូលនិធិធនាគារ មេយប៊ែង បានមានប្រសាសន៍ថា៖ «កម្មវិធី R.I.S.E. បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ដែលក្នុងនោះបរិយាបន្នហិរញ្ញវត្ថុត្រូវបានប្រែក្លាយទៅជាលទ្ធផលជាក់ស្ដែង និងមានន័យពិតប្រាកដ។ គំនិតផ្តួចផ្តើមនេះពិតជាសំខាន់ណាស់ មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អាស៊ានទាំងមូល ក្នុងការជួយដល់សហគមន៍ងាយរងគ្រោះឲ្យកសាងជីវភាពប្រកបដោយចីរភាព និងចូលរួមចំណែកក្នុងសេដ្ឋកិច្ចឲ្យកាន់តែទូលំទូលាយ។»
កម្មវិធីក្នុងថ្ងៃនេះ ក៏មានការចែករំលែកពីអតីតអ្នកចូលរួមក្នុងឆ្នាំមុនៗផងដែរ គឺអ្នកស្រី កែវ រចនា និង អ្នកស្រី លាច ស្រីណេត ដែលបានឆ្លុះបញ្ចាំងអំពីកត្តាដែលជួយជំរុញឲ្យពួកគេចូលរួមកម្មវិធី R.I.S.E. និងផ្តល់ទស្សនៈពិតប្រាកដអំពីជីវិតពិតក្នុងនាមជាសហគ្រិន។
អ្នកស្រី លាច ស្រីណេត បាននិយាយថា៖ «កម្មវិធី R.I.S.E. បានជួយជំរុញឲ្យខ្ញុំក្លាយជាសហគ្រិនដែលមានភាពអត់ធ្មត់ និងខិតខំប្រឹងប្រែង។ សព្វថ្ងៃ ខ្ញុំអាចអនុវត្តយុទ្ធសាស្រ្តជាក់ស្តែង ដើម្បីឲ្យអាជីវកម្មអាចសម្របខ្លួនទៅនឹងស្ថានភាពបញ្ហាប្រឈមបាន។»
ជាមួយពេលនោះដែរ អ្នកស្រី កែវ រចនា បាននិយាយថា៖ «ក្រៅពីការរីកចម្រើនដែលខ្ងុំទទួលបានសម្រាប់ខ្លួនឯង ខ្ញុំមានកិត្តិយស ក្នុងការចែករំលែកចំណេះដឹងដែលបានរៀនពីកម្មវិធី R.I.S.E. ទៅឲ្យបងប្អូននៅក្នុងសហគមន៍ ដើម្បីធានាថាពួកគេអាចទទួលបានភាពរីកចម្រើន និងការលើកកម្ពស់ ដូចទៅនឹងអ្វីដែលខ្ងុំទទួលបានផងដែរ។»
គិតចាប់តាំងពីការដាក់ឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣មក កម្មវិធីនេះបានជួយដល់អ្នកចូលរួមសរុបចំនួន ២៦៧៦ នាក់ ក្នុងនោះរួមមានជនមានពិការភាព ២.១០៨ នាក់ និងបុគ្គលមកពីសហគមន៍ងាយរងគ្រោះចំនួន ៥៦៨នាក់។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ប្រាក់ចំណូលរបស់អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានកើនឡើងពី ៧.៤៩១ដុល្លារ ទៅ២៦.៥៧៨ដុល្លារ នៃប្រាក់ចំណូលមធ្យម ជាប្រចាំខែរបស់ពួកគេ ដែលគិតជាភាគរយគឺ ២៥៨,៦៧% ដោយបានបង្ហាញពីការរីកចម្រើន នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងពិតប្រាកដ។
កម្មវិធី R.I.S.E. គឺជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ដ៏សំខាន់មួយក្រោមមូលនិធិធនាគារ មេយប៊ែង ដែលមានគោលបំណងជួយលើកស្ទួយដល់សហគមន៍ដែលងាយរងគ្រោះ តាមរយៈការបណ្តុះបណ្តាលជំនាញសហគ្រិនភាព ចំណេះដឹងហិរញ្ញវត្ថុ និងការកសាងសមត្ថភាព ដោយមានការផ្ដល់ការគាំទ្រជាបន្តបន្ទាប់ដូចជា ការប្រឹក្សា និងការណែនាំផ្នែកបច្ចេកទេស ដើម្បីជួយឲ្យពួកគេបង្កើតប្រាក់ចំណូលប្រកបដោយចីរភាព។ គិតចាប់តាំងពីការដាក់ឲ្យដំណើរការ អ្នកចូលរួមសរុបជាង ៥០.០០០ នាក់បានប្រែក្លាយខ្លួនជាសហគ្រិនដែលមានឯករាជ្យភាពនៅទូទាំងប្រទេសអាស៊ានរួមមានប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ កម្ពុជា និងសិង្ហបុរី។
មូលនិធិធនាគារ មេយប៊ែង បានក្លាយខ្លួនជាអង្គភាពអនុវត្តការងារសង្គមក្នុងតំបន់ ដែលមានតួនាទីយ៉ាងសកម្មក្នុងការគាំទ្របេសកកម្មរបស់ធនាគារ មេយប៊ែង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព។ ក្នុងស្មារតីធានាឲ្យបាននូវការក្លាយជាកម្លាំងចលករដ៏ល្អ ស្របពេលជាមួយនឹងការផ្តល់ផលវិជ្ជមានដល់សហគមន៍ មូលនិធិសម្ព័ន្ធធនាគារ មេយប៊ែង បានជួយដល់ជីវិតមនុស្សច្រើនជាង ៦៤០០០០នាក់ ក្នុងឆ្នាំ២០១៣។ ទាំងនេះ បាននាំមកនូវការអនុម័តថ្នាក់តំបន់អាស៊ាន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ មេយប៊ែង ក្នុងការបង្កើតឥទ្ធិពល ដែលមានអត្ថន័យ ច្បាស់លាស់ និងប្រកបដោយចីរភាពនៅទូទាំងតំបន់។