វិស័យដឹកជញ្ជូន

តើតម្លៃដឹកជញ្ជូននៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយបានហក់ឡើងចន្លោះពី២៥ទៅ៣០% នាពេលកន្លងទៅ?


​​ភាពមិនច្បាស់លាស់ នៃតម្លៃប្រេងឥន្ធនៈសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ាបានក្លាយជាសម្ពាធដ៏ធ្ងន់សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងពិភពលោក រួមទាំងកម្ពុជា ផងដែរ។ កន្លងទៅ ក្រុមហ៊ុនដឹកជញ្ជូនបានដំឡើងថ្លៃដឹកជញ្ជូនចន្លោះពី២៥ ទៅ៣០% ដើម្បីទប់ទល់នឹងការហក់ឡើងតម្លៃប្រេងម៉ាស៊ូត។ ស្របពេលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួលឡើងចុះមិនទៀតទាត់ តើស្ថានភាពដឹកជញ្ជូននៅកម្ពុជា បច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាដែរ?
វិស័យដឹកជញ្ជូន
ដោយ

ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នថ្លៃដឹកជញ្ជូនបានចាប់ផ្ដើមធូរស្រាលមកវិញខ្លះហើយ ដោយបានថយចុះពីកម្រិត៣០% ដែលបានហក់ឡើងកន្លងមក មកនៅត្រឹមប្រមាណ១៥% ប៉ុណ្ណោះ។ ការថយចុះនេះ គឺស្របទៅតាមការចុះថោកនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារមួយចំនួន។ លោកបានកត់សម្គាល់ថា នៅក្នុងរយៈពេលជិត៤ខែកន្លងមកនេះ ការដឹកជញ្ជូនទំនិញចេញ-ចូលតាមច្រកព្រំដែននៅតែរក្សានិរន្តរភាពបានយ៉ាងល្អ។

ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា កត់សម្គាល់ឃើញថា មកទល់ពេលនេះ វិស័យដឹកជញ្ជូនរបស់កម្ពុជា មិនមានសញ្ញាណាមួយបង្ហាញពីការធ្លាក់ចុះនោះទេ បើទោះបីថ្លៃដឹកជញ្ជូនមានការកើនឡើងដោយសារវិបត្តិប្រេងឥន្ធនៈក៏ដោយ។ ជាមួយគ្នានេះ លោកជឿជាក់ថា វិស័យដឹកជញ្ជូនរបស់កម្ពុជានឹងនៅតែមានភាពល្អប្រសើរសម្រាប់ឆ្នាំនេះ ដោយសារកម្ពុជា ទទួលបានគម្រោងវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់។

ដោយឡែក ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានឱ្យដឹងថា មកដល់ពេលនេះតម្លៃដឹកជញ្ជូនមិនមានការឡើងថ្លៃថែមទៀតនោះទេ។ អ្នកជំនាញរូបនេះជឿជាក់ថា តម្លៃដឹកជញ្ជូននឹងមានការថយចុះនៅពេលណាតម្លៃប្រេងឥន្ធនៈមានការធ្លាក់ថ្លៃ ខណៈមកដល់ពេលនេះផ្លូវដឹកជញ្ជូនក្នុងតំបន់ចាប់ផ្ដើមមានការថយចុះខ្លះៗហើយ។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះមកទល់ពេលនេះ វិស័យដឹកជញ្ជូននៅកម្ពុជា នៅតែមានភាពមមាញឹកស្របពេលការនាំចេញរបស់កម្ពុជា នៅតែមានសញ្ញាកើនឡើង។

សូមបញ្ជាក់ថា ការហក់ឡើងនៃតម្លៃប្រេងសាំង និងម៉ាស៊ូតកំពុងបង្កផលប៉ះពាល់ដល់វិស័យដឹកជញ្ជូន ខណៈនាពេលកន្លងទៅការដឹកជញ្ជូនត្រូវបានដំឡើងថ្លៃចន្លោះពី២៥ ទៅ៣០%។ ជាក់ស្តែងគិតត្រឹមថ្ងៃទី២៧ ខែមេសា តម្លៃប្រេងសាំងធម្មតានៅកម្ពុជាត្រូវបានលក់ក្នុងតម្លៃ៥,០០០រៀល ខណៈប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ៥,៤០០រៀលក្នុងមួយលីត្រ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ទឹកភ្នែកកសិករដាំទុរេននៅបាត់ដំបង! ខ្យល់កន្ត្រាក់បោកបក់ធ្វើឱ្យផ្លែទុរេនជិត២ម៉ឺនផ្លែជ្រុះ និងដើមទុរេនជាច្រើនដួលរលំ

​​ក្តីសង្ឃឹមរបស់កសិករដាំទុរេននៅខេត្តបាត់ដំបង ត្រូវបានរលាយបាត់បង់មួយចំណែកធំ បន្ទាប់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងក្លាបណ្…

ធនាគារ មេយប៊ែង បើកដំណើរការកម្មវិធី R.I.S.E. ជំនាន់ឆ្នាំ២០២៦ នៅក្នុង ប្រទេសកម្ពុជា ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ច នៅទូទាំងតំបន់អាស៊ាន

ធនាគារ មេយប៊ែង តាមរយៈមូលនិធិធនាគារ មេយប៊ែង (Maybank Foundation) បានប្រកាសបើកដំណើរការកម្មវិធី «ឈានទៅកាន់ឯករាជ្យភាព និងសហគ្រិនភាពប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ