ប៉ុន្តែ អ្នកជំនាញផ្នែកកសិកម្មបានលើកទឹកចិត្តឲ្យកសិករងាកមកប្រើប្រាស់ដ្រូន (drone) ដោយសារថា វាជួយសន្សំសំចៃការចំណាយ កាត់បន្ថយកម្លាំងពលកម្មមនុស្ស និងមានប្រសិទ្ធភាព ។
លោក ឡេង សុខលី ប្រធានក្រុមហ៊ុនដ្រូនខ្មែរតិចណូឡូជី បានពន្យល់យ៉ាងដូច្នេះ ៖ «ខ្ញុំគិតថា វាជាពេលវេលាមួយដែលកសិករគួរតែផ្ដោតមកលើការប្រើប្រាស់ដ្រូន ដោយមូលហេតុថា ទីមួយ យើងបានដឹងពីប្រសិទ្ធភាពរបស់វាតាមរយៈបទពិសោធន៍ដែលយើងបានប្រើប្រាស់កន្លងមក ឃើញថា ប្រសិទ្ធភាពរបស់ដ្រូនគឺល្អ បើទោះបីប្រើទឹកតិចក៏ដោយ ។ ការសង្ស័យរបស់កសិករស្ទើរតែគ្រប់គ្នា គឺសង្ស័យតែមួយមុខទេ គឺ ប្រើទឹកតិច បាញ់យ៉ាងម៉េចនឹងសព្វ ។ យើងសង្ស័យៗ ប៉ុន្តែ សំខាន់គឺលទ្ធផលជាក់ស្ដែង ជាការវាស់វែង ។ គ្រប់ប្រភេទដំណាំ យើងបានប្រើដ្រូនហ្នឹង ឃើញថា មានប្រសិទ្ធភាពល្អ... កសិករនៅ[ស្រុក]ស្អាង គាត់ប្រើពីររដូវហើយ បាញ់ដោយដ្រូនសុទ្ធសាធ ។ អ៊ីចឹង គឺជោគជ័យ ។ ទឹកពី ២៥០លីត្រ មកត្រឹម ១៥លីត្រក្នុងមួយហិកតា ។ ឃើញជោគជ័យដូចគ្នា ។ អ៊ីចឹង ជាមូលហេតុមួយដែលខ្ញុំគិតថា កសិករគួរតែ[ប្រើដ្រូន] ពីព្រោះស្រួល សន្សំសំចៃ និងបានផលល្អទៀត ។»
ក្នុងនាមជាអ្នកជំនាញខាងវិស័យកសិកម្ម និងមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះ លោក ឡេង សុខលី លើកទឹកចិត្តដល់កសិករគ្រប់ខ្នាត ឲ្យប្រើប្រាស់ដ្រូនកសិកម្ម ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនថែមទៀត ។
លោក ឡេង សុខលី បានបន្ថែមយ៉ាងដូច្នេះថា ៖ «បច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើប អ៊ីចឹង ប្រទេសកម្ពុជាក៏នឹងទំនើបដូចគេ ។ តាមការអភិវឌ្ឍលើវិស័យកសិកម្មនេះឃើញថា ខ្ញុំដើរផ្ទាល់ គ្រប់ខេត្តគ្រប់ក្រុង ឃើញថាសម្បូរបែបជាងមុន ទីណាក៏ខៀវដែរ ខុសពីបួនប្រាំឆ្នាំមុន ឬដប់ឆ្នាំមុនឆ្ងាយ ។ ហើយក្រឡេកមើលបច្ចេកវិទ្យាវិញកាន់តែទំនើប យើងមាន AI, OIT (Internet Of Things) ឲ្យតែមានអ៊ីនធើណិត យើងអាចធ្វើការបានទាំងអស់ ហើយវិស័យកសិកម្មក៏ដើរ ទន្ទឹមនឹងវិស័យផ្សេងៗទៀតដែរ ។ អ៊ីចឹង សង្ឃឹមថា ក្នុងពេល ៣ ទៅ ៥ឆ្នាំទៀត វិស័យកសិកម្មកាន់តែទំនើប ប្រជាកសិករក៏កាន់តែងាយស្រួល ប៉ុន្តែ ពួកគាត់ត្រូវរៀនពីបច្ចេកវិទ្យា ដើម្បីដើរឲ្យទាន់គេ សន្សំសំចៃ ... ធ្វើការលឿន ទិន្នផលក៏បានប្រសើរ ៕»