
សម្រាប់ថ្នាក់សិក្សាពេលព្រឹក ដែលបានចូលរួមដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja) និងក្លឹបអ្នកកាសែតកម្ពុជា(CCJ) យើងឃើញថាមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានក្នុងស្រុកចំនួន ១០០ នាក់។ ប្រធានបទដែលបានលើកឡើងរួមមាន៖ ការលើកកំពស់ការយល់ដឹងអំពីស្តង់ដារសហគមន៍របស់ក្រុមហ៊ុន Meta ដល់អ្នកសារព័ត៌មាន ដើម្បីអោយពួកគេចេះថែរក្សាសុវត្ថិភាពគណនីបណ្ដាញសង្គមរបស់ពួកគេ ក៏ដូចជាចែករំលែកអំពីគន្លឹះក្នុងការបង្កើតនិងថែរក្សាទំនាក់ទំនងបានជិតស្និទ្ធជាមួយនឹងសហគមន៍។
ថ្លែងក្នុងឱកាសនេះផងដែរ នាយកគ្រប់គ្រងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំកម្ពុជា លោក “ហេង ភក្ដី” បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Meta បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញទឹកចិត្តឱ្យអ្នកសារព័ត៌មានក្នុងស្រុក ក៏ដូចជាបណ្ដាអង្គការសង្គមស៊ីវិល ឱ្យបានយល់បានច្បាស់អំពីជំហរនៃសេចក្ដីប្ដេជ្ញាចិត្ត អំពីគោលការណ៍ដែលក្រុមហ៊ុន Meta នឹងសម្រេចអោយបាន ដើម្បីធានាជូននូវសុវត្ថិភាពដល់បទពិសោធន៍កម្សាន្តរបស់អ្នកប្រើប្រាស់នៅលើភ្លែតហ្វមហ្វេសប៊ុករបស់ខ្លួន។”

នាយកគ្រប់គ្រងក្លឹបអ្នកកាសែត (CCJ) លោក “ប៉ែន បូណា” មានប្រសាសន៍ថា៖ សព្វថ្ងៃនេះ “ហ្វេសប៊ុក” ត្រូវបានក្លាយជាផ្នែកមួយនៃបរិបទទំនាក់ទំនងប្រចាំថ្ងៃ ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ហើយអ្នកប្រើប្រាស់រាប់លានអ្នក តែងតែមានលទ្ធិភាពអាចទទួលបានដំណឹង ឬព័ត៌មានប្រចាំថ្ងៃពីភ្លែតហ្វមបណ្ដាញសង្គមមួយនេះ។ ក្នុងនាមជាអ្នកផ្ដល់ព័ត៌មាន និងអ្នកអត្ថាធិប្បាយ វាពិតជាធ្វើអោយខ្ញុំមានអារម្មណ៍ថាកក់ក្ដៅណាស់ ដែលបានដឹងថា ក្រុមហ៊ុន Meta យកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាព និងខ្វល់អំពីសារប្រយោជន៍របស់យើងគ្រប់គ្នា។”

លោក “ណុប វី” ដែលជានាយកប្រតិបត្តិ CamboJA បានលើកឡើងថា៖ “សមាជិករបស់យើងច្រើនណាស់ ដែលកំពុងតែប្រើប្រាស់ភ្លែតហ្វមរបស់ Meta សម្រាប់ធុរៈកិច្ចផ្ទាល់ខ្លួន និងសម្រាប់ការងារ។ ការស្វែងយល់ដឹងអំពីគោលការណ៍ស្តង់ដារសហគមន៍ និងរបៀបធ្វើការរបស់មុខងារសំខាន់ៗមួយចំនួនរបស់ Meta គឺពិតជាមានអត្ថប្រយោជន៍ណាស់ដល់អ្នកគ្រប់គ្នា។”

ចំណែកឯលោក “អ៊ិត សុធឿត” ជានាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានលើកឡើងបន្តថា៖ “សមាជិករបស់យើងពិតជារីករាយណាស់នឹងឱកាសដែលបានទទួលបានការការចែករំលែក ពីសំណាក់តំណាងក្រុមហ៊ុន Meta អំពីរបៀបក្នុងការការពារខ្លួនពីហានិភ័យនានា ដែលអាចកើតមានឡើង តាមរយៈការឆបោកទាំងឡាយក្នុងអនឡាញ។”

សម្រាប់កិច្ចថ្នាក់បណ្តុះបណ្ដាលពេលរសៀលវិញ ផ្ដោតសំខាន់ទៅលើអង្គការក្រៅរដ្ឋាភិបាល ដែលមានការិយាល័យនៅកម្ពុជានានា គឺទទួលបានការចូលរួមពីសំណាក់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។ ហើយវគ្គនេះផងដែរ ក៏បានផ្ដោតសំខាន់លើរបៀបដែល ក្រុមហ៊ុន Meta អាចរួមចំណែកក្នុងការអភិវឌ្ឍបន្ថែមនូវសមត្ថភាពរបស់អង្គការសង្គមស៊ីវិល និងបំនិនឌិជីថលនានា។
ប្រធានផ្នែកទំនាក់ទំនង និងគៀគរធនធាននៃគណៈកម្មាធិការសហប្រតិបត្តិការសម្រាប់កម្ពុជា លោក “នង នាថនរៈ” មានប្រសាសន៍ថា៖ អង្គការសង្គមស៊ីវិលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ ភ្លែតហ្វម នានា របស់ក្រុមហ៊ុន Meta ដើរតួរយ៉ាងសំខាន់ក្នុងនាមជាឧបករណ៍ទំនាក់ទំនងដ៏មានអត្ថប្រយោជន៍សម្រាប់អង្គការនានា ដើម្បីបង្កើតបាននូវបទពិសោធន៍ និងជំនួយនៃការយល់ដឹង។ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលសង្គមកម្ពុជាត្រូវតែចេះអំពីឧបករណ៍ និងយុទ្ធសាស្រ្តមួយចំនួនទាំងនេះ ដែលវាអាចប្រើប្រាស់ដើម្បីការពារសុវត្ថិភាពគណនី និងបង្កើនបទពិសោធន៍នៃការប្រើប្រាស់ឱ្យកាន់តែប្រសើឡើងនៅលើបណ្តាភ្លែតហ្វមនានារបស់ Meta។ ហេតុដូច្នេះហើយ ការបើកវគ្គបណ្ដុះបណ្ដាលបែបនេះ គួរតែត្រូវធ្វើឡើងអោយបានច្រើនដងបន្ថែមទៀតសម្រាប់សង្គមកម្ពុជាជាសំខាន់ ហើយនិងអង្គភាពរបស់សង្គមថ្នាក់បន្ទាប់ផ្សេងទៀត ដើម្បីជួយបន្ស៊ាំពួកគេជាមួយនឹងគោលការណ៍សុវត្តិភាពខាងបច្ចេកវិទ្យាបែបនេះ។

បន្ថែមពីលើការបណ្ដុះបណ្ដាលដោយផ្ទាល់ៗបែបនេះ ក្រុមហ៊ុន Meta ក៏មានចែកជូនជាសៀវភៅណែនាំអំពី សុវត្ថិភាព និង ឯកជនភាពហ្វេសប៊ុកផងដែរ។ គម្រូសៀវភៅណែនាំដែលមាន ៥៨ ទំព័រនោះ មានបញ្ចូលនូវគន្លឹះផ្សេងៗ ក្នុងការថែរក្សាប្រូហ្វាល និងទំព័រហ្វេសប៊ុករបស់អ្នកប្រើប្រាស់ឱ្យមានសុវត្ថិភាព ព្រមទាំងបន្ថែមនូវការពន្យល់អំពីរបៀបក្នុងការទប់ស្កាត់ការបៀតបៀនពីសំណាក់ដទៃ និងគ្រប់គ្រងលទ្ធិភាពក្នុងការបញ្ចេញមតិរបស់ពួកគេនោះ។ លំណែនាំទាំងនោះ ក៏មានផ្ដល់នូវគន្លឺះប្រើប្រាស់បន្ថែមអំពីការប្រើប្រាស់ Facebook Instagram និង WhatsApp ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ IOS និង Android ៕