លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកទាំង១៣២របស់សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទានសរុបជាង៥,១ពាន់លានដុល្លារដល់អតិថិជនជាង១,៥លានគណនី និងទទួលប្រាក់បញ្ញើជាង២,២ពាន់លានដុល្លាពីអតិថិជនជិត២លានគណនី ក្នុងនោះមាន៦៧%ជាស្ត្រី។ ការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងពង្រីកវិសាលភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះ មិនត្រឹមតែផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតការងារក្នុងស្រុកដោយផ្ទាល់ចំនួន២ម៉ឺន១ពាន់នាក់ ដែលកំពុងបម្រើការងារតាមការិយាល័យចំនួន៩០០។
តាមរយៈលទ្ធផលនេះសបញ្ជាក់ឱ្យឃើញថា វិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ជាពិសេសបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរក្សានិរន្តភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
ដើម្បីបង្ហាញពីការប្ដេជ្ញារបស់សមាគមក្នុងការរួមចំណែកជួយពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវស្របតាមគោលដៅអភិវឌ្ឍន៍សកល ព្រមទាំងធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាគំរូសម្រាប់ហិរញ្ញប្បទានប្រកបដោយនិរន្តភាព សមាគមមីក្រូហិរញ្ញវត្ថុ បានរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំក្រោមប្រធានបទ«និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» ដោយមានការរួមពី ថ្នាក់ដឹកនាំ អ្នកបង្កើតគោលនយោបាយ និងដៃគូអន្តរជាតិជាច្រើនរូប។
ថ្លែងទៅកាន់អ្នកចូលរួមជាង៣០០នាក់ លោកជំទាវ ឌិត នីតា បានចាត់ទុកនិរន្តភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុមិនមែនគ្រាន់តែជាគោលដៅប៉ុណ្ណោះទេ តែជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការពង្រឹង និងអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ បើតាមការលើកឡើករបស់ថ្នាក់ដឹកនាំរូបនេះ ទាំងថ្នាក់ដឹកនាំ និងសមាជិករបស់សមាគមកំពុងធ្វើការងាររួមគ្នា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពរឹងមាំ សមភាពសង្គមកាន់តែប្រសើរ និងប្រព័ន្ធហិរញ្ញវត្ថុដែលបម្រើប្រជាជនគ្រប់ៗរូប។ ទន្ទឹមនឹងនេះលោកជំទាវប្តេជ្ញាថា នឹងជួយលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជននៅទូទាំងសហគមន៍ជនបទ សហគមន៍ខ្វះខាត ដែលមានប្រមាណ៧៤,៤% នៃចំនួនប្រជាជនកម្ពុជា។
លោកជំទាវបន្តថា ស្របពេលការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជននៅតែជាបេសកកម្មចម្បងរបស់ខ្លួន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងជំរុញហិរញ្ញវត្ថុបៃតងឱ្យស្របតាមនិន្នាការសកល ដោយផ្តោតលើនិរន្តរភាពបរិស្ថាន។ ជាមួយគ្នានេះ សមាគម ក៏កំពុងសហការជាមួយអង្គការ Oxfam ក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ Water.org ក្នុងការផ្ដល់ជំនួយបច្ចេកទេស ដើម្បីអភិវឌ្ឍផលិតទឹកស្អាត និងអនាម័យក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុ។
ពាក់ព័ន្ធបញ្ហានេះដែរលោកជំទាវ ឌិត នីតា លើកទឹកចិត្តឱ្យគ្រឹះស្ថានជាសមាជិកចាត់ទុកហិរញ្ញវត្ថុបៃតងជាកត្តាចាំបាច់ ដើម្បីឈានទៅរកនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងបរិស្ថាន ដែលជាផ្នែកមួយជួយគាំទ្រដល់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពសកល រួមមានការទទួលបានទឹកស្អាត និងសកម្មភាពបរិស្ថាន។
តាមរយៈសន្និសីទខាងលើ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កត់ធ្ងន់លើភាពចាំបាច់នៃចំណេះដឹង ហិរញ្ញវត្ថុអតិថិជន ការកសាងសមត្ថភាពគ្រឹះស្ថាន និងការប្រកាន់ខ្ជាប់នូវក្រមប្រតិបត្តិវិជ្ជាជីវៈតឹងវ៉ឹង ដើម្បីបង្កើតបានវិស័យហិរញ្ញវត្ថុមួយប្រកបដោយតម្លាភាព និងភាពធន់៕