នៅក្នុងឆ្នាំ២០២២ កន្លងទៅមានគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត ១ម៉ឺន៧ពាន់ សហគ្រាសបានចុះបញ្ជីនៅក្រសួងការងារ ដោយបានផ្តល់ការងារដល់កម្មករជិត១លាន៥សែននាក់ និងផ្តល់ប្រាក់ឈ្នួលជាមធ្យមជិត៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។
នាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ ក្រសួងការងារបានបញ្ជូនពលរដ្ឋខ្មែរជាង១លាន៣សែននាក់ទៅបម្រើការងារនៅតាមប្រទេស និងតំបន់ស្វយ័តពិសេសមួយចំនួន។ ការធ្វើការងារនៅក្រៅប្រទេសនេះបានក្លាយជាប្រភពទុនដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយពួកគេបានបញ្ជូនប្រាក់ត្រឡប់មកប្រទេសកម្ពុជាបានជាមធ្យមជាង២ពាន់៧០០លានដុល្លារក្នុងមួយឆ្នាំ។
បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងការងារ ក្នុងចំណោមប្រទេសដែលពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការ ថៃជាប្រទេសដែលបានស្រូបទាញកម្លាំងពលកម្មពីកម្ពុជាច្រើនជាងគេមានរហូតដល់ជាង១លាន២សែននាក់ បន្ទាប់មកកូរ៉េមានជិត៥ម៉ឺននាក់, ម៉ាឡេស៊ីជាង២ម៉ឺននាក់, ជប៉ុនជាង១ម៉ឺន៦ពាន់នាក់, សិង្ហបុរី៨៥១នាក់, តំបន់រដ្ឋបាលពិសេសហុងកុងចំនួន២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីតចំនួន១១នាក់។
បើយោងតាមរបាយការណ៍ការងាររបស់ក្រសួងការងារ នៅឆ្នាំ២០២២ កន្លងទៅនេះ មានគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត១ម៉ឺន៧ពាន់សហគ្រាស បានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដែលមានកម្មករនិយោជិតចំនួន១លាន៥សែននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជិត៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ឯកឧត្តម អិុត សំហេង រដ្ឋមន្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជួយឲ្យក្រសួងការងារទទួលបានលទ្ធផលជាមោទកនៅឆ្នាំ២០២២ កន្លងទៅ៕