បច្ចុប្បន្នភាព​ស្ថានការណ៍នៅភូមា

មនុស្សរាប់លាននាក់ប្រឈមមុខនឹងភាពអត់ឃ្លាន ខណៈវិបត្តិនៅភូមាកាន់តែអាក្រក់ទៅៗ


អង្គការសហប្រជាជាតិបានឲ្យដឹងថា អសន្ដិសុខស្បៀងអាហារកំពុងតែកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសភូមា ចាប់តាំងពីមានរដ្ឋប្រហារយោធានៅដើមខែកុម្ភៈឆ្នាំនេះ បូករួមនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង ដែលនឹងរុញច្រានឲ្យពលរដ្ឋភូមារាប់លាននាក់ធ្លាក់ចូលក្នុងភាពអត់ឃ្លានក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មនុស្សរាប់លាននាក់ប្រឈមមុខនឹងភាពអត់ឃ្លាន ខណៈវិបត្តិនៅភូមាកាន់តែអាក្រក់ទៅៗ (រូបភាព៖ Bangkok Post)
ដោយ

យោង​តាម​ការ​វិភាគ​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) បាន​បង្ហាញ​ថា ប្រជាជន​រហូត​ដល់​ទៅ ៣​លាន​៤​សែន​នាក់ នឹង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ក្នុង​រយៈពេល ៣ ទៅ ៦ ខែ​ទៀត ដោយនៅ​ក្នុង​តំបន់​ទីប្រជុំជន​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​តែ​ការ​បាត់បង់​ការងារ​កើនឡើង​ខ្លាំង ក្នុង​វិស័យ​រោងចក្រ​សហគ្រាស វិស័យ​សំណង់ វិស័យ​សេវាកម្ម និង តម្លៃ​ម្ហូបអាហារ​មានការ​កើនឡើង​ខ្លាំង​ផង​ដែរ​។

នាយក​ប្រតិបត្តិ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​នៅ​ភូមា លោក ស្តេ​ហ្វិ​ន អាន​ដឺ​សុ​ន បាន​គូសបញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​ថា​៖«​ពលរដ្ឋ​ក្រីក្រ​កាន់តែ​ច្រើន​ឡើង​ៗ​ហើយ បាន​បាត់បង់​ការងារ​ធ្វើ ហើយ​ពួក​គេ​គ្មាន​លទ្ធភាព​ទទួល​បានការ​ផ្គត់ផ្គង់​ស្បៀងអាហារ​បាន​នោះ​ទេ​។​»

លោក​បន្ត​ថា «​វា​ទាមទារ​ឲ្យ​មានការ​ឆ្លើយ​តប​សម​ស្រប​ណាមួយ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ជា​បន្ទាន់ និង​ដើម្បី​ធានា​ឲ្យ​បាន​ថា​ពលរដ្ឋ​ភូមា​ក៏​ដូច​ជា ប្រទេស​ជាតិ​ទាំងមូល​នឹង​មិន​ជួប​ប្រទះ​បញ្ហា​អសន្តិសុខ​ស្បៀងអាហារ​ធ្ងន់ធ្ងរ​នោះ​ទេ​។​»

បើ​តាម​អង្គការ​ស្បៀងអាហារ​ពិភពលោក តម្លៃ​ម្ហូបអាហារ​នៅ​តាម​ទីផ្សារ​បាន​ហក់​ឡើង​ពី​៥% ទៅ​១៨% ចាប់ពី​ចុងខែ​កុម្ភៈ​មក​ម្ល៉េះ​។ ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​រ៉​ង់​ហ្គោ​ន ដែល​ជា​កន្លែង​មាន​ភាព​វឹកវរ​ជាងគេ​នោះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​ផ្តើម​កាត់​បន្ថយ​ការ​ហូប​ចុក និង​ពុំ​បាន​ទទួលទាន​អាហារ ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​នោះ​ទេ ខណៈ​ដែល​គ្រួសារ​ខ្លះ​កំពុង​ជំពាក់​បំណុល​គេ​ផង​ដែរ​។

អង្គការ​ស្បៀងអាហារ​ពិភពលោក ដែល​ស្ថិត​នៅ​ក្រោម អង្គការសហប្រជាជាតិ​មួយ​នេះ គ្រោង​ពង្រីក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ភូមា​ដែល​កំពុង​រង​គ្រោះ​ភាព​អត់ឃ្លាន​ឲ្យ​បាន​ដល់​ទៅ​ជាង ៣​លាន​បន្ថែម​ទៀត ជាមួយនឹង​កញ្ចប់​ទឹកប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ​។ 

គួរ​រំឭក​ថា ប្រទេស​ភូមា​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វឹកវរ​ចាប់តាំងពី​ពួក​យោធា​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី ចេញពី​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​។ យោង​តាម​ក្រុម​អ្នក​ឃ្លាំមើល​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា មាន​ជន​ស៊ី​វិល​យ៉ាង​ហោច​ជិត ៧៥០ នាក់ ត្រូវ​បាន​កងទ័ព​ភូមា​សម្លាប់ ហើយ​មនុស្ស​ជាង ៣.១០០ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ ធនាគារពិភពលោក​បាន​ព្យាករ​សេដ្ឋកិច្ច​របស់​ប្រទេស​ភូមា​ថា​នឹង​ធ្លាក់​ចុះ​ដល់    -១០% នៅ​ឆ្នាំ​២០២១​នេះ ដោយសារ​តែ​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស ចាប់តាំងពី​មាន​រដ្ឋប្រហារ​កាលពីដើម​ខែកុម្ភៈ​មក ហើយ​ប្រទេស​មហាអំណាច​ធំ​ៗ​បាន​បន្ត​ទម្លាក់​ទណ្ឌកម្ម​កាន់តែ​ច្រើន​ឡើង​មក​លើ​ក្រុម​យោធា ដែល​ទោះ​ចង់ ឬ​មិន​ចង់ វា​អាច​នឹង​ប៉ះពាល់​ដល​ពលរដ្ឋ​ភូមា​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ប្រទេសឡាវ​សម្រេច​បិទខ្ទប់ទីក្រុង ១៤ថ្ងៃ ក្រោយរកឃើញ​កូវីដ-១៩​ក្នុង​សហគមន៍​២៦ករណី

ស្របពេលដែល កម្ពុជា និងថៃ កំពុងតែញ៉ាប់ដៃញ៉ាប់ជើងមមាញឹកទប់ស្កាត់នឹងការឆ្លងកូវីដ-១៩ដែលកំពុងរីករាលដាលខ្លាំងនោះ ឥឡូវនេះ ប្រទេសឡាវក្បែរខា…

ក្រុមហ៊ុន KrisEnergy កំពុងជួបវិបត្តិកាន់តែយ៉ាប់យ៉ឺនហើយ ក្រោយពីមិនអាចបន្ដស្នើផែនការស្ដារបំណុលរបស់ខ្លួនបាន

ដោយសារតែទិន្នផលប្រេងដែលបូមបានពីអណ្ដូងប្រេងអប្សារានៅកម្ពុជា នៅតែបន្ដមានតិចជាងអ្វីដែលបានរំពឹងទុកនោះ ក្រុមហ៊ុន KrisEnergy បានបញ្ជាក់នៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ