ការបោះឆ្នោតនៅឥណ្ឌូនេស៊ី

លោក ចូកូ វីដូដូ កំពុងត្រួសត្រាយផ្លូវ ឲ្យកូនអាចចូលប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី


លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលនឹងផុតអណត្តិនៅដើមឆ្នាំក្រោយកំពុងតែបង្កើតវិថីនយោបាយសម្រាប់ត្រកូលរបស់លោក តាមរយៈការត្រួសត្រាយផ្លូវ ដើម្បីឱ្យកូនខ្លួនអាចចូលរួមប្រកួតប្រជែងក្នុងតំណែងជាអនុប្រធានាធិបតី នាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ។ការខិតខំត្រួសត្រាយរបស់ប្រធានាធិបតីរូបនេះធ្វើឡើងក្រោយកូនប្រុសរបស់ខ្លួនពុំទាន់ទទួលបានសិទ្ធិស្របច្បាប់ ដើម្បីចូលរួមប្រកួតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
ការបោះឆ្នោតនៅឥណ្ឌូនេស៊ី
ដោយ

បើទោះបីជាកូនប្រុសទាំងពីររបស់លោក ចូកូ វីដូដូ នៅមិនទាន់ទទួលបានសិទ្ធិស្របច្បាប់ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខក៏ដោយ ប៉ុន្តែលោក ចូកូ វីដូដូ កំពុងខិតខំត្រួសត្រាយវិថីនយោបាយសម្រាប់បើកផ្លូវឱ្យកូនប្រុសទាំងពីររបស់ខ្លួនអាចឈរឈ្មោះប្រកូតប្រជែងក្នុងការបោះឆ្នោតដ៏ធំមួយនេះ។

បើយោងតាមសារព័ត៌មាន Nikkei តុលាការធម្មនុញ្ញរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ បានសម្រេចកែសម្រួលការកំណត់អាយុបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយបើកផ្លូវឱ្យកូនប្រុសច្បងរបស់លោក ចូកូ វីដូដូ គឺលោក ជីប្រេន រ៉ាកាប៊ូមីង (Gibran Rakabuming) មានភាពស្របច្បាប់ សម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។

តុលាការបានសម្រេចគាំទ្រឱ្យមានការពិនិត្យឡើងវិញ ដើម្បីប្រឆាំងនឹងប្រការមួយក្នុងច្បាប់បោះឆ្នោតសកលឆ្នាំ២០១៧ ដែលតម្រូវឲ្យបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី មានអាយុយ៉ាងតិច៤០ឆ្នាំ។

បណ្តឹងនេះ រួមនឹងបណ្តឹងស្រដៀងគ្នាមួយចំនួនទៀត ដែលប្តឹងទៅតុលាការ ត្រូវបានគេមើលឃើញថា មានគោលបំណងអនុញ្ញាតឱ្យលោក រ៉ាកាប៊ូមីង ដែលជាអភិបាលក្រុងវ័យ៣៦ឆ្នាំ នៃទីក្រុងសូឡូ (Solo) នៅភាគកណ្តាលនៃកោះហ្សាវ៉ា ( Central Java ) អាចចូលរួមក្នុងការបោះឆ្នោតប្រធានា​ធិបតី ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក អានវ៉ា យូសមេន (Anwar Usman) ប្រធានចៅក្រមបាននិយាយថា តុលាការសម្រេចថា មន្ត្រីរដ្ឋ ដែលមានបទពិសោធន៍ពីមុនជាសមាជិកនីតិបញ្ញត្តិ ឬអភិបាលរាជានុសិទ្ធិ និងអភិបាលក្រុង សមនឹងអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ឬអនុប្រធានាធិបតី។

លោកបានបន្តថា មន្ត្រីដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ គឺបានបង្ហាញថា គេទទួលបានការជឿទុក​ចិត្តពីប្រជាជន ហើយការកំណត់អាយុក្នុងការឈរឈ្មោះបោះឆ្នោតក្នុងកម្រិតប៉ុណ្ណេះ វានឹងដកហូតយុវជនជំនាន់ក្រោយពីការប្រកួតប្រជែងប្រធានាធិបតី បើទោះបីជាពួកគេមានសក្តានុពលក៏ដោយ។

បើទទួលបានភ្លើងខៀវពីតុលាការមែននោះ លោក រ៉ាកាប៊ូមីង អាចជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនមានសក្តានុពលផ្សេងទៀត ដែលរួមមានលោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីការពារជាតិ និងលោក ហ្គានចា ប្រាណូវូ (Ganjar Pranowo) អភិបាលខេត្តហ្សាវ៉ាកណ្តាល សម្រាប់ការប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។

តែយ៉ាងណាអ្នកវិភាគស្ថានភាពសង្គមបានវាយតម្លៃថា ទោះបីអាយុមិនចោទជាបញ្ហាដែលអាចបើកផ្លូវឱ្យលោក រ៉ាកាប៊ូមីង ក្លាយជាបេក្ខជនប្រធានាធិបតីក៏ដោយ ប៉ុន្តែលោកទំនងជានៅមិនទាន់ ចង់បានតំណែងប្រធានាធិបតីភ្លាមៗនោះទេ ពោល​គឺលោក រ៉ាកាប៊ូមីង ត្រូវបានគេដឹងថា អាចនឹងកំពុងតែប្រឹងប្រែងសម្រាប់តំណែងអនុប្រធានា​ធិបតីជាមុនសិន។

លោក រ៉ាកាប៊ូមីង គឺជាកូនច្បងក្នុងចំណោមកូនបីនាក់របស់ លោក វីដូដូ ដោយលោកបានបញ្ចប់ការសិក្សានៅប្រទេសសិង្ហបុរី និងអូស្ត្រាលី ហើយបានដើរតាមគន្លងរបស់ឪពុក ដោយចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនខាងភោជនីយដ្ឋាន និងសេវាកម្មជួសជុលកុំព្យូទ័រ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ២០១៩។ នៅខែកញ្ញា កន្លងទៅលោក ខេសាង ប៉ានហ្គារ៉េប (Kaesang Pangarep) ដែលជាប្អូនប្រុសពៅរបស់លោក ក៏បានក្លាយជាអ្នកនយោបាយមួយរូបផងដែរ ដោយទទួលការតែងតាំងជាប្រធានគណបក្សសាមគ្គីឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា លោក វីដូដូ បានក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ី នៅឆ្នាំ២០១៤ ហើយត្រូវបានជាប់ឆ្នោតឡើងវិញ នៅឆ្នាំ២០១៩ តែត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញនៅអាណត្តិទីបីនេះ បើទោះបីជាលោកធ្លាប់ប៉ុនប៉ងស្វះស្វែងរកលទ្ធភាពបន្តអាណត្តិទៀតក៏ដោយចុះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេងរំអិលស្តង់ដារពិភពលោក Hyundai XTeer នាំផលចំណេញបន្ថែមដល់ដៃគូរដឹកជញ្ជូន Foodpanda

ព័ត៌មាន
ថ្មីៗនេះក្រុមហ៊ុនយក្សហ៊ីយុនដាយអ៊ិចស្សធា Hyundai XTeer និង ក្រុមហ៊ុន Foodpanda បានសហការជាមួយគ្នាបង្កើតជាកម្មវិធីស្តីពីការថែទាំម៉ាស៊ីនម…

រុស្ស៊ីចូលរួមជាមួយចិន ផ្អាកនាំចូលអាហារសមុទ្រពីជប៉ុន ក្រោយបារម្ភពីបញ្ហាវិទ្យុសកម្ម

ព័ត៌មាន
អាជ្ញាធររុស្ស៊ី បានសម្រេចផ្អាកនាំចូលអាហារសមុទ្រពីជប៉ុន ដោយសារតែក្តីបារម្ភពីបញ្ហាវិទ្យុសកម្ម បន្ទាប់ពីជប៉ុន បានបញ្ចេញទឹកកាកសំណល់ពីរោងចក្រថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ