
ម៉ាហ្គាវ៉ា គឺជាកណ្ដុរអាហ្វ្រិក ដែលកើតនៅខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសតង់ហ្សានី ហើយត្រូវបានចិញ្ចឹមនិងបង្វឹកឲ្យចេះហិតរុករកជាតិផ្ទុះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺននិងស្រាវជ្រាវរបស់អង្គការ APOPO ប្រចាំប្រទេសតង់ហ្សានី ។ កណ្ដុរហិតមីន ម៉ាហ្គាវ៉ា បានផ្លាស់ទីមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ២០១៦ និងបានចាប់ផ្ដើមការងារហិតរុករកមីននិងគ្រាប់មិនទាន់ផ្ទុះនៅខេត្តសៀមរាប ។
គិតមកទល់នឹងថ្ងៃនេះ ម៉ាហ្គាវ៉ា បានហិតរកឃើញគ្រាប់មីនចំនួន ៧១គ្រាប់ និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៨ដុំ ដែលធ្វើឲ្យ ម៉ាហ្គាវ៉ា ក្លាយជា «វីរកណ្ដុរ» (HeroRat) ជោគជ័យជាងគេបំផុតរបស់អង្គការ APOPO ។ យោងតាមអង្គការ APOPO ក្នុងរយៈពេល ៥ឆ្នាំនេះ វីរកណ្ដុរ ម៉ាហ្គាវ៉ា ជួយបោសសម្អាតគ្រាប់មីននៅលើផ្ទៃដីបាន ជាង ២២៥.០០០ម៉ែត្រការ៉េ ។

កាលពីខែកញ្ញា ឆ្នាំទៅមិញ វីរកណ្ដុរ ម៉ាហ្គាវ៉ា បានទទួលមេដាយមាស PDSA Gold Medal ដែលនាំឲ្យវាក្លាយជាកណ្ដុរដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ៧៧ឆ្នាំរបស់អង្គការ APOPO ដែលទទួលបានមេដាយមាស PDSA កិត្តិយសនេះ ។

អង្គការមនុស្សធម៌ដែលធ្វើការងារខាងបោសសម្អាតគ្រាប់មីន APOPO បានចាប់ផ្ដើមកម្មវិធីការងារនៅកម្ពុជា នៅឆ្នាំ២០១៦ ។ សកម្មភាពបោសសម្អាតមីនរបស់អង្គការ APOPO ក៏បានដាក់បញ្ចូលការប្រើប្រាស់វីរកណ្ដុរ ដូច ម៉ាហ្គាវ៉ា ជាច្រើនផងដែរ ដែលធ្វើការងាររួមគ្នាជាមួយមនុស្សក្នុងបេសកកម្មបោសសម្អាតគ្រាប់មីន ។
នៅឆ្នាំ២០២០តែមួយឆ្នាំគត់ APOPO ប្រចាំកម្ពុជា បានបោសសម្អាតគ្រាប់មីនពីផ្ទៃដីជាង ៤,៣លានម៉ែត្រការ៉េ ។
កាលពីខែមីនា ឆ្នាំ២០២១ កណ្ដុរហិតរុករកមីននិងគ្រាប់មិនទាន់ផ្ទុះ ដែលទើបបានហ្វឹកហ្វឺនថ្មីចំនួន ២០ក្បាល ត្រូវបានបញ្ជូនមកដល់កម្ពុជា ដើម្បីចូលរួមនៅក្នុងបេសកកម្មបោសសម្អាតមីនជាមួយក្រុមការងារ ម៉ាហ្គាវ៉ា នៅខេត្តសៀមរាប ៕