រដ្ឋាភិបាលកម្ពុជាកន្លងមក បានមើលឃើញពីឱកាសក្នុងការបង្កើនផលិតផលជលផលក្នុងស្រុកព្រមទាំងការនាំចេញទៅក្រៅប្រទេស ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដោយបានសម្រេចផ្អាកនាំចូលជាបណ្តោះអាសន្ននូវប្រភេទត្រីមួយចំនួន រួមមានត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោជាដើម។ ប្រការនេះ បានធ្វើឲ្យក្រុមអាជីវករដែលរកស៊ីនាំចេញនាំចូលផលិតផលជលផលទៅក្រៅប្រទេស មានការមិនពេញចិត្តចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនេះ។
ជាក់ស្តែង ក្រសួងកសិកម្មបានសម្រេចធ្វើការសម្របសម្រួលនូវបញ្ហានេះ ហើយបានដាក់ចេញនូវដំណោះស្រាយមួយចំនួនរួមមាន ក្រសួងនឹងសម្រួលដល់ក្រុមអាជីវករ តាមរយៈការជូនដំណឹងដល់អាជីវករចុះទៅប្រមូលទិញផលត្រីពីកសិករ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក។
ក្រសួងក៏បានអនុញ្ញាតផងដែរ ឲ្យអាជីវករបង្កើតសមាគមបណ្តុំអ្នកប្រមូលទិញ ដើម្បីសម្រួលដល់ការប្រមូលទិញក្នុងស្រុកសម្រាប់ការនាំចេញ និងចុងក្រោយអាជីករសន្យាថានឹងចុះបញ្ចីត្រឹមត្រូវពេលនាំផលិតផលជលផលឆ្លងកាត់កម្ពុជា ដោយធានាមិនអោយមានការហូរចូលទីផ្សារក្នុងស្រុកឡើយ។
សូមបញ្ជាក់ថា កម្ពុជានៅក្នុងពេញមួយឆ្នាំ២០២០កន្លងទៅសម្រេចបានផលិតផលជលផលសរុបចំនួនជាង ៩៣ម៉ឺនតោន គិតជាទំហំទឹកប្រាក់ប្រមាណ ១ពាន់៨រយលានដុល្លារអាមេរិក ក្នុងនោះផងដែរផលិតផលជលផលបាននាំចេញទៅក្រៅប្រទេសជាង ៣ពាន់តោនគិតជាទឹកប្រាក់ប្រមាណ ៨លានដុល្លារអាមេរិក៕