លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បន្ទាប់ពីជោគជ័យលើការបង្រ្កាបវត្តមានដង្កូវហ្វូងមិនបានប៉ុន្មានផង ឥឡូវនេះបានរកឃើញការផ្ទុះឡើងនូវវត្តមានរុយសស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅខេត្ដចំនួន៣ជាប់ព្រំដែនកម្ពុជា-វៀតណាម គឺខេត្ដព្រៃវែង ស្វាយរៀង និងតាកែវ។ បើតាមជំទាវ អ៊ឹម រចនា បច្ចុប្បន្នមន្ត្រីជំនាញនៃក្រសួងកសិកម្មបានចុះពិនិត្យស្ថានភាពនៃការផ្ទុះរាលដាលរុយសស៊ីបំផ្លាញដំណាំស្រូវនេះ ក៏ដូចជាបានណែននាំដល់ប្រជាកសិករអំពីវិធីសាស្ត្រផ្សេងៗក្នុងការការពារ និងកម្ចាត់ រួមទាំបច្ចេកទេសនៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាពនិងសុវត្ថិភាព។ ហើយតាមរយៈការចុះពិនិត្យដំណាំស្រូវរបស់មន្ត្រីជំនាញនេះឃើញថា ការបំផ្លាញមានសភាពធ្ងន់ធ្ងរ ហើយការរាលដាលមានល្បឿនលឿន។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការចេញយុទ្ធានាការបង្រ្កាបរុយសនេះ គឺស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយទេ ខណៈមន្ដ្រីជំនាញបានចុះពិនិត្យតាមដានករណីនេះយ៉ាងយកចិត្ដទុកដាក់ដើម្បីធានាការចាត់វិធានការអន្តរាគមន៍បានទាន់ពេលវេលា ដ្បិតថា សត្វរុយសនេះមានភាពធន់នឹងថ្នាំជាងសត្វដង្កូវហ្វូង និងងាយបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយដែលអាចរាលដាលបន្តបានលឿន ដូច្នេះត្រូវទាមទារឱ្យមានការចាត់វិធានការភ្លាមៗ។
សូមបញ្ជាក់ថា នៅអំឡុងពេលនៃការចុះពិនិត្យរបស់មន្ត្រីជំនាញ អគ្គនាយកដ្ឋានកសិកម្ម ក៏បានចែកថ្នាំកសិកម្មដល់មន្ទីរកសិកម្មខេត្តព្រៃវែង និងកសិករ ដើម្បីបាញ់កម្ចាត់សត្វរុយសលើផ្ទៃដីចំនួន២០ហិកតា និងណែនាំឱ្យកសិករបាញ់នៅពេលព្រឹក និងពេលល្ងាចផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ