ប្រាក់ចំណូលក្រុមហ៊ុន Apple

ប្រាក់ចំណូលរបស់ Apple កើនឡើងដល់ជាង ៣៩០ពាន់លានដុល្លារ ទោះមានវិបត្តិសេដ្ឋកិច្ចសាកល


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានទទួលប្រាក់ចំណូលកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីភាពខ្លាំងរឹងមាំ និងការឆ្លើយតបបានតាមតម្រូវការរបស់អតិថិជនខ្លួន បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងចុះខ្សោយយ៉ាងណាក៏ដោយ ដែលផ្ទុយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗមួយចំនួនទៀត។ កំណើនប្រាក់ចំណូលនេះ គឺមានចូលរួមចំណែកដ៏សំខាន់បំផុតពីការលក់ទូរសព្ទ iPhone ដែលក្រុមហ៊ុនទើបប្រកាសចេញថ្មីៗនេះ ហើយការលក់ក៏បានកើនឡើងនៅស្ទើរតែគ្រប់ទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសធំៗ។
លូហ្គូក្រុមហ៊ុន Apple នៅទីតាំងលក់មួយកន្លែងក្នុងសហរដ្ឋអាមេរិក
ដោយ

ក្រុមហ៊ុន Apple បានប្រកាសលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួននៅចុងខែតុលានេះថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ គឺមានចំនួន ជិត៣៩៥ពាន់លានដុល្លារ កើនឡើង ៨% បើប្រៀបធៀបនឹងឆ្នាំមុន។ ដោយឡែក បើគិតត្រឹមតែត្រីមាសទី៤ នៃឆ្នាំសារពើពន្ធ ២០២២ របស់ Apple ប្រាក់ចំណូល គឺមានចំនួន ជាង ៩០ពាន់លានដុល្លារ កើនឡើង ៨% ផងដែរ។

ការលក់របស់ Apple បានកើនឡើងស្ទើរតែគ្រប់ទីផ្សារសំខាន់ៗ ដូចជា ចិន អាមេរិក និងអឺរ៉ុប ខណៈនៅជប៉ុនធ្លាក់ចុះបន្តិច។ ប៉ុន្ដែ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺចំនួនលក់ការលក់ iPhone បានកើនឡើងទ្វេដង នៅប្រទេសរីកចម្រើនសេដ្ឋកិច្ចថ្មីៗដូចជា ឥណ្ឌា ថៃ វៀតណាម និងឥណ្ឌូណេស៊ី។

ចំពោះការលក់ទូរសព្ទខ្សែស្រលាយ iPhone 14 ដែលទើបចេញកាលពីខែមុននោះ គឺមានចំនួនដល់ជិត៤៣ពាន់លានដុល្លារ កើនឡើង ១០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួននេះ គឺបានចូលរួមចំណែកជិតពាក់កណ្តាលនៃចំណូលសរុបរបស់ Apple។

តាមរយៈទិន្នន័យនេះបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Apple មានស្ថានភាពហិរញ្ញវត្ថុល្អជាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត ដែលសុទ្ធតែរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញ ដូចជា Meta និង Google ជាដើម។

ជាក់ស្ដែង តម្លៃរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះជាង ៦៥ពាន់លានដុល្លារនៅក្នុងទីផ្សារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសពីការធ្លាក់ចុះចំណូល និងដោយសារតែឥទ្ធិពលវិបត្តិសេដ្ឋកិច្ចសាកល ដែលធ្វើឱ្យក្រុមហ៊ុននានាកាត់បន្ថយ និងផ្អាកការចំណាយផ្សព្វផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុក និងការចំណាយច្រើនទៅលើការអភិវឌ្ឍគម្រោង Metaverse។ ចំណែកក្រុមហ៊ុន Google ក៏ទើបតែបានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញ ២៧% ផងដែរ ពោលគឺក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ ប្រាក់ចំណេញរបស់ Google មានចំនួនជិត១៤ពាន់លានដុល្លារ។ ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ Google បានធ្លាក់ចុះជាង ៩%ផងដែរ៕

អត្ថបទ៖ សុ ភី




អត្ថបទបន្ទាប់


កត្ដាអ្វីជំរុញឲ្យរុស្ស៊ីផ្អាកការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញពីសមុទ្រខ្មៅឡើងវិញ?

ព័ត៌មាន
ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទី ២៩ តុលា បានផ្អាកការចូលរួមនៅក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅ ដែលមានអង្គការសហប្រជាជា…

រុស្ស៊ីចោទអង់គ្លេសថា នៅពីក្រោយការវាយប្រហារនាវាចម្បាំងរបស់ខ្លួននៅសមុទ្រខ្មៅ និងបំពង់បង្ហូរប្រេង Nord Stream

ព័ត៌មាន
ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសៅរ៍ ទី ២៩ តុលា បានចេញមុខនិយាយដោយចោទប្រកាន់ថា ក្រុមកងទ័ពជើងទឹកអង់គ្លេស គឺជាអ្នកបំផ្ទុះបំពង់បង្ហូរឧស្ម័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ