ការចុះបញ្ជីសម្រាប់អាជីវកម្មអនឡាញ

ក្រសួងពាណិជ្ជកម្មលើកលែងការចុះបញ្ជីសម្រាប់អាជីវកម្មអនឡាញ ៦ប្រភេទ


ក្រោយពីបានពន្យរពេលម្ដង ជាពីរដងរួចមក នៅទីបំផុត ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្ដើមការផាកពិន័យចំពោះអាជីវកម្មលក់ដូរទំនិញ និងសេវាកម្មតាមអនឡាញ ដែលមិនបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវហើយ ដោយការអនុវត្តផាកពិន័យ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ។ ទោះយ៉ាងណា បើតាម មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់ដែរថា មានប្រភេទអាជីវកម្មលក់ដូរតាមអនឡាញចំនួន៦ប្រភេទ នឹងត្រូវបានលើកលែង ដោយមិនចាំបាច់ទៅចុះបញ្ជីនោះទេ។ តើអាជីវកម្មអនឡាញទាំង៦ប្រភេទនោះមានអ្វីខ្លះ?
ក្រសួងពាណិជ្ជកម្មកម្ពុជា

បើគ្មានអ្វីប្រែប្រួលនោះទេ ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្ដើមផាកពិន័យលើអាជីវកម្មអនឡាញដែលមិនទាន់បានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅហើយ។ យោងតាមសេចក្ដីប្រកាសអន្តរក្រសួងស្ដីពីច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា បើសិនបើការរកស៊ីអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកគ្មានការអនុញ្ញាត នោះម្ចាស់អាជីវកម្មប្រឈមនឹងការផាកពិន័យ១០លានរៀល ឬត្រូវបញ្ឈប់អាជីវកម្ម ផងដែរ។

ជុំវិញបញ្ហានេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មានកិច្ចសហការយ៉ាងជិតស្និទ្ធិ ជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាក្រសួងពាក់ព័ន្ធសម្រាប់កិច្ចការ ក្នុងការពិនិត្យឃ្លាំមើលសកម្មភាពនៃការលក់ ឬក៏ប្រើប្រាស់បណ្ដាញអនឡាញ ដើម្បីធ្វើអាជីវកម្ម។ ដូច្នេះ បើសិនជាដល់ការកំណត់ហើយ នៅតែបន្ដមិនមកចុះអាជ្ញាបណ្ណពាណិជ្ជកម្ម វាអាចធ្វើឲ្យអាជីវកម្មនោះ ធ្លាក់ទៅក្នុងការផាកពិន័យ របស់ក្រសួងពាណិជ្ជកម្ម ទៅតាមច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងទទួលបានការស្នើសុំចុះបញ្ជីអាជីវកម្មអនឡាញជាង ៣០០ពាក្យស្នើសុំ និងបានធ្វើការចុះបញ្ជីបានមួយចំនួន ទាំងការចុះបញ្ជី និងផ្ដល់អាជ្ញាបណ្ណ ខណៈបច្ចុប្បន្ន នៅមានអាជីវកម្មអនឡាញជាច្រើនទៀត ដែលមិនទាន់បានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅឡើយទេ។ បើទោះជាបែបនេះក្ដី ឯកឧត្តម ប៉ែន សុវិជាតិ ក៏បានសង្កត់ធ្ងន់ដែរថា មិនមែនគ្រប់អាជីវកម្មអនឡាញសុទ្ធតែត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនោះទេ ដោយក្នុងនោះ ក្រសួងក៏មានការលើកលែងលើអាជីវកម្មចំនួន ៦ប្រភេទដែរ។ អាជីវកម្មតាមអនឡាញ ដែលត្រូវបានលើកលែង ដោយមិនចាំបាច់មកចុះបញ្ជីនោះ រួមមាន៖ ទី១.អាជីវកម្មដែលគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន ដូចជា ការផ្សព្វផ្សាយទំនិញកសិផលល្អ ប៉ុន្ដែមិនបានប្រកាសអំពីតម្លៃរបស់កសិផល។

ទី២. ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មានផ្សេងៗ សម្រាប់អតិថិជន ឬអ្នកប្រើប្រាស់។ មានន័យថា មានការជជែកជាមួយអ្នកទិញបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះក៏មិនចាំបាច់ចុះបញ្ជី នោះដែរ។ ទី៣. ការលក់ទំនិញ ឬសេវា របស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច។ មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀលក្នុង១ឆ្នាំ)។ ទី៤. ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណៈគ្រួសារតាមរដូវកាល។ ទី៥. ការលក់ទំនិញជាស្នាដៃសិល្បៈ។ និងទី៦. ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀន ជាសិក្ខាសាលា ជាដើម។

សូមបញ្ជាក់ថា ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស ឬបុគ្គលរកស៊ីតាមអនឡាញទាំងអស់ អាចដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មដើម្បីស្វែងរកការស្នើសុំតាមអនឡាញ។ ដោយឡែក ពាក់ព័ន្ធតម្លៃសេវានៃការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណវិញ ត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់ថា មានតម្លៃ ២០ម៉ឺនរៀលសម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែលមានសុពលភាពរយៈពេល២ឆ្នាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីអ៊ុយក្រែនស្នើG7 ជួយបញ្ចប់សង្គ្រាមឱ្យបានមុនរដូវរងាដំណាច់ឆ្នាំនេះ

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូលូឌីមៀ ហ្សេលេនស្គី កាលពីចន្ទសប្តាហ៍នេះ បានជំរុញឱ្យមហាអំណាចពិភពលោក ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយបញ្ចប់ស…

ហេតុអ្វីការចុះបញ្ជីក្រុមហ៊ុនថ្មីនៅ CSX មានភាពយឺតយ៉ាវខុសពីការរំពឹងទុក?

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា(CSX)បានបង្ហាញហេតុផលមួយចំនួន ដែលធ្វើឲ្យការចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុនថ្មីៗហាក់មានភាពយឺតយ៉ាវជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ