ការព្រមាន និង កំណត់ឱសានវាទនេះ ធ្វើឡើងក្រោយក្រសួងពាណិជ្ជកម្មសង្កេតឃើញក្រុមហ៊ុន សហគ្រាស និង អ្នករកស៊ីតាម Online មួយចំនួនធំ កំពុងប្រតិបត្តិការដោយគ្មានលិខិត ឬអាជ្ញាបណ្ណត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗ បានកំណត់វិធាន និងនីតិវិធី នៃការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលគ្មានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា។
ក្រសួងពាណិជ្ជកម្ម បន្តក្រើនរំឮកដល់ក្រុមហ៊ុន សហគ្រាស និងបុគ្គលរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកឲ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនៅក្រសួងឲ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ជាកំហិត បើមិនចង់រងការផាកពិន័យ។ ការកំណត់ឱសានវាទបែបនេះ ធ្វើឡើងក្រោយក្រសួងសង្កេតឃើញមានក្រុមហ៊ុន សហគ្រាស និងបុគ្គលរកស៊ីតាមអនឡាញជាច្រើន នៅតែបន្តធ្វើប្រតិបត្តិការ ដោយគ្មានលិខិត ឬអាជ្ញាបណ្ណអនុញ្ញាត ទោះបីក្រសួងបានដាស់តឿនជាច្រើនលើកច្រើនសាក៏ដោយ។
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ែន សុវិជាតិ បានអះអាងថា ក្រសួងពាណិជ្ជកម្មនឹងចាត់វិធានការក្តៅចំពោះក្រុមហ៊ុន សហគ្រាស ឬបុគ្គលដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្មានលិខិត ឬអាជ្ញាបណ្ណអនុញ្ញាតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ តទៅ។ ទន្ទឹមនឹងការព្រមាននេះ ឯកឧត្តម ក៏បានបង្ហាញពីអត្ថប្រយោជន៍ ដែលក្រុមហ៊ុន សហគ្រាស និងបុគ្គលរកស៊ីតាមអនឡាញ ទទួលបានពីការស្នើសុំលិខិត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។
ពាក់ព័ន្ធការរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗបានដាក់ចេញនូវវិធាន និងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម ដើម្បីគ្រប់គ្រងការប្រមូលអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលគ្មានស្នាក់ការ ឬគ្រឹះស្ថាននៅកម្ពុជា។
អាករលើតម្លៃបន្ថែមនេះ ត្រូវបានអនុវត្តចំពោះអនិវាសនជន ឬហៅថា បុគ្គល ដែលផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា និងអ្នកដែលទទួលបានផលប្រយោជន៍ពីការផ្គត់ផ្គង់នេះ។ ជាមួយគ្នានេះ ក៏មានបុគ្គលរកស៊ីតាមអនឡាយ ហើយមិនជាប់ពន្ធអាករលើតម្លៃបន្ថែមនេះផងដែរ។ អាករលើតម្លៃបន្ថែមត្រូវកំណត់តាមអត្រា ១០% លើតម្លៃជាប់អាករចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាកម្មឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
បើតាមច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស និងបុគ្គលរកស៊ីតាម Online ដោយគ្មានការអនុញ្ញាតនឹងរងពិន័យដោយផ្អាក ឬបិទអាជីវកម្ម និងប្រាក់រហូតដល់១០លានរៀល។ ប៉ុន្តែពាក់ព័ន្ធតម្លៃចុះបញ្ជីឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការស្នើសុំលិខិតអនុញ្ញាតលក្ខណៈបុគ្គលមានតម្លៃ២០ម៉ឺនរៀល, លិខិតអនុញ្ញាតសម្រាប់សហគ្រាសឯកបុគ្គលមានតម្លៃ៤០ម៉ឺនរៀល និងអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនតម្លៃ១លានរៀល៕