មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ" បានកត់សម្គាល់ឃើញថា បច្ចុប្បន្ន ការវិនិយោគនៃមូលនិធិ Venture Capital (VC) និង ភាគហ៊ុនឯកជន Private Equity (PE) គឺជាគន្លឹះមួយសម្រាប់កំណើនសេដ្ឋកិច្ចលឿនជាងមុន និងជាធាតុស្នូលមួយក្នុងការជំរុញការបង្កើតថ្មី និងបង្កើតការងារនៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសក្នុងបរិការណ៍នៃការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។
លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានគូសបញ្ជាក់ថា ទីផ្សារ VC និង PE មានសារៈសំខាន់ខ្លាំងណាស់ក្នុងការគាំទ្រទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពលនៅកម្ពុជា ព្រោះជាទូទៅ ធនាគារមិនចង់ផ្តល់ហិរញ្ញប្បទាន ទៅដល់ធុរកិច្ចណា ដែលមានហានិភ័យខ្ពស់នោះទេ ខណៈពេលដែលការបោះពុម្ភផ្សាយមូលបត្រលើទីផ្សារភាគហ៊ុនបច្ចុប្បន្ននៅមានកម្រិត ។
ជាមួយគ្នានោះ លោក នៀវ សុគន្ធ នាយកប្រតិបត្តិប្រតិបត្តិការនៃធនាគារធុនតូចនិងធម្យមកម្ពុជា បានគូសបញ្ជាក់ថា ដ្បិតវិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសជិតខាង តែលោកយល់ថា វិស័យនេះ បានរីកចម្រើនគួរឲ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក៏ប៉ុន្តែ បើទោះជាយ៉ាងណា វិស័យនេះ ក៏នៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាយលើបញ្ហានេះ ហើយធនាគារសហគ្រាសធុនតូចនិងមធ្យមផ្ទាល់ ក៏បានចួលរួមយ៉ាងសកម្មភាពផងដែរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសការផ្ដល់សហហិញ្ញប្បទានដល់អាជីវកម្មទេសចរណ៍ ដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ នាពេលកន្លងមក តែម្ដង។
យោងតាមលទ្ធផលស្រាវជ្រាវបឋម និងកិច្ចពិភាក្សានៃសិក្ខាសាលានេះ ការវិនិយោគទៅលើធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺនៅមានកម្រិតទាប និងមានគម្លោត ដោយសារបញ្ហាប្រឈមមួយចំនួន ដូចជា កង្វះខាតធុរកិច្ចដែលមានគុណភាពខ្ពស់ ស្ថាប័នផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនៅមានចំនួនទាប ប្រតិបត្តិការវិនិយោគនៅមានកំណត់ ឬមិនមានទិន្នន័យសាធារណ:គ្រប់គ្រាន់ មិនសូវមានជម្រើសក្នុងការដកទុនចេញ បញ្ហាអនុលោមភាព និងបទប្បញ្ញត្តិនានា និងការផ្សព្វផ្សាយកម្មវិធីគាំទ្រនានាមិនទាន់ទូលំទូលាយ ផងដែរ។
យ៉ាងណាមិញ ដើម្បីចូលរួមលើកកម្ពស់វិស័យធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមកម្ពុជា អង្គសិក្ខាសាលាបានលើកជាសំណើចំនួន៣ ក្នុងការចូលរួមជាធាតុចូល មានដូចជា ទី១. បង្កើនជំនួយហិរញ្ញវត្ថុ ដោយធ្វើការរៀបចំមូលនិធិ ទៅតាមវិស័យអាទិភាពជាក់លាក់ និងទៅតាមដំណាក់កាលនៃតម្រូវការហិរញ្ញវត្ថុរបស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។ ទី២. បង្កើនសេវាកម្មគាំទ្រ ដោយផ្តល់នូវការបណ្តុះបណ្តាលប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងជំនាញគ្រប់គ្រងមូលនិធិដែលមានជំនាញវិជ្ជាជីវៈ អភិវឌ្ឍសមត្ថភាពរបស់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម និងធ្វើការឃោសនា និងបណ្ដុះវប្បធម៌ទទួលយកហានិភ័យ និងផ្នត់គំនិតសហគ្រិនជាកម្រិតក្នុងស្រុក និងក្នុងតំបន់។ និងទី៣. ជំរុញការអភិវឌ្ឍវិស័យនេះ ដោយបន្តកាត់បន្ថយបន្ទុកអនុលោមភាព ដើម្បីទាក់ទាញវិស័យ VC និង PE ព្រមទាំងដាក់ចេញនូវយន្តការចែករំលែកហានិភ័យ តាមរយៈវិធានការសហវិនិយោគ៕