
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការ កសហវ. និងឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការកសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីវឌ្ឍនភាព នៃការកែសម្រួលប្រកាសអន្តរក្រសួងពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង ការពិន័យ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ និងអង្គភាពក្រោមឱវាទ កសហវ.។

ស្របតាមទិសដៅ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ និងក្នុង គោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន,រាជរដ្ឋាភិបាលតាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងកម្មវិធីកែទម្រង់ប្រទាក់ក្រឡាដទៃទៀត បានសម្រេចផ្ទេរ និងចែករំលែកធនធានបន្ថែមកាន់តែច្រើន ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ មុខងារផ្តល់សេវាសាធារណៈនៅតាមក្រសួង ស្ថាប័នក៏មានភាពចាំបាច់ក្នុង ការកែលម្អឱ្យកាន់តែប្រសើរឡើងផងដែរ ដើម្បីធានានូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពពេញលេញ ដែលជា ការរួមចំណែកយ៉ាងសំខាន់នៅក្នុងដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ។

ក្នុងស្មារតីនេះ ឯកឧត្តមបណ្ឌិត បានស្នើតំណាងក្រសួង ស្ថាប័នទាំងអស់ជំរុញបញ្ចប់ការកែសម្រួល ប្រកាសអន្តរក្រសួងទាំងអស់ពាក់ព័ន្ធនឹងមុខងារផ្តល់សេវាសាធារណៈនិងការពិន័យ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៥ ដើម្បីអាចអនុវត្តបានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ចាប់ពីដើមឆ្នាំ២០២៦ តទៅ។ មុននឹងបញ្ចប់, ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកិច្ចការពាក់ព័ន្ធនឹងការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ប្រកបដោយស្មារតី បុរេសកម្ម និងមានភាពជាម្ចាស់ខ្ពស់ ព្រមទាំងបានស្នើសុំអង្គភាពពាក់ព័ន្ធ ក្រោមឱវាទ កសហវ.បន្ដផ្ដល់ ការគាំទ្រដល់គ្រប់ក្រសួង ស្ថាប័ន សំដៅសម្រេចឱ្យបាននូវគោលដៅដែលបាន គ្រោងទុក៕









