ក្រសួងអប់រំចង់ផ្អាកបើកសាលារៀនឯកជន

តើការផ្អាកបើកសាលារៀនឯកជនបន្ថែមជាបណ្ដោះអាសន្ន ពិតជាជួយពង្រឹងគុណភាពអប់រំរបស់រដ្ឋ ឬយ៉ាងណា?


នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការធ្វើកំណែទម្រង់ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ជាពិសេសមានការចូលរួមពីវិស័យឯកជនតែម្ដង។
ក្រសួងអប់រំចង់ផ្អាកបើកសាលារៀនឯកជនបន្ថែមជាបណ្ដោះអាសន្ន
ដោយ

ទន្ទឹមនឹងភាពរីកចម្រើននេះ វិស័យអប់រំកម្ពុជា ក៏នៅជួបប្រឈមបញ្ហាចំនួនផងដែរ ពិសេសការខ្វះខាតគ្រូបង្រៀននៅតាមសាលារដ្ឋ ដោយបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡា កត់សម្គាល់ឃើញថា ដោយសារតែមួយរយៈពេលចុងក្រោយនេះ ការបើកសាលារៀនឯកជនថ្មីៗ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលជាការប្រកួតប្រជែងរវាងស្ថាប័នអប់រំរដ្ឋ និងឯកជន។

ជុំវិញបញ្ហានេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញការព្រួយបារម្ភថា ការកើនឡើងនៃសាលារៀនឯកជន នឹងអាចទាញយកគ្រូបង្រៀន និងសិស្សពីសាលារៀនរដ្ឋ ហើយអាចធ្វើឲ្យគុណភាណអប់រំនៅសាលារដ្ឋធ្លាក់ចុះ។ ក្នុងន័យនេះលោកបានបញ្ជាក់ថា ក្រសួងសម្រេចផ្អាកបើកគ្រឹះស្ថានអប់រំឯកជនគ្រប់កម្រិតជាបណ្តោះអាសន្ន ពិសេសនៅរាជធានីភ្នំពេញ ដើម្បីសិក្សា និងវាយតម្លៃជាមុនសិន។ តើការផ្អាកបើកសាលារៀនឯកជនបន្ថែមជាបណ្ដោះអាសន្ន ពិតជាអាចជួយពង្រឹងគុណភាពអប់រំរបស់ស្ថាប័នរដ្ឋ ឬយ៉ាងណា?

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក នាយកប្រតិបត្តិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន ដែលជាសហគ្រិនមួយរូបក្នុងវិស័យអប់រំយល់ឃើញថា ការសម្រេចផ្អាកបើកសាលារៀនឯកជនបណ្ដោះអាសន្ន មិនមែនជម្រើសល្អនោះទេក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ហើយវាក៏អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចមួយផ្នែកផងដែរ។ ម្យ៉ាងវិញទៀត ស្ថិតក្នុងស្ថានភាពអន់ថយផ្នែកសេដ្ឋកិច្ច ការបិទសាលារៀនឯកជន អាចនឹងប៉ះពាល់ដល់ភាពប្រកួតប្រជែងសេដ្ឋកិច្ច និងប្រាសចាកពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកកម្ពស់ដល់វិស័យឯកជន។ សម្រាប់អ្នកឧកញ៉ា គួច ម៉េងលី ដ្បិតវិស័យអប់រំនៅកម្ពុជា កាន់តែមានភាពទូលំទូលាយ ប៉ុន្តែការបង្កើតសាលារៀនគ្រប់កម្រិតនៅទូទាំងប្រទេសកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ពោលគឺមិនទាន់អាចឆ្លើយតបទៅតាមតម្រូវការនៃកំណើនរបស់ប្រជាជន។

យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ឃើញថា ការរួមចំណែករបស់វិស័យឯកជន ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងទាំងនៅក្នុងវិស័យអប់រំ និងសេដ្ឋកិច្ច ហើយបើសិនក្រសួងអប់រំផ្អាកបើកសាលារៀនឯកជនពិតមែន វាអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់គ្រូបង្រៀន និងប្រឈមនូវបញ្ហាខ្វះថ្នាក់បង្រៀន ថែមទៀត។ អ្នកឧកញ៉ា គួច ម៉េងលី បញ្ជាក់ថា ក្រសួងគួរណាស់តែបង្កើនការពង្រឹងកម្មវិធីសិក្សាសម្រាប់សិស្សជាជាងព្រួយបារម្ភសាលារដ្ឋគ្មានសិស្ស និងគ្រូបង្រៀន តាមរយៈការផ្អាកបើកសាលារៀនឯកជន ព្រោះវិស័យឯកជន បានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋ។ លើសពីនេះ ស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងមានចក្ខុវិស័យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នោះ កម្ពុជាពិតជាចាំបាច់បំផុតក្នុងការអភិវឌ្ឍន៍ទៅលើវិស័យអប់រំ ដើម្បីមានធនធានដែលមានសក្ដានុពល។

ដោយឡែក ឧកញ៉ា ប៉ិច បូឡែន អ្នកវិនិយោគនៅក្នុងវិស័យអប់រំមួយរូប និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group យល់ឃើញថា វាជារឿងសមស្របដែលក្រសួងអប់រំយុវជន និងកីឡា មានការព្រួយបារម្ភអំពីការថយចុះនៃចំនួនសិស្ស និងគ្រូបង្រៀនពីសាលារដ្ឋ ក៏ប៉ុន្តែការផ្អាកបើកសាលាឯកជនបន្ថែមបណ្ដោះអាសន្ន ដើម្បីសិក្សាលម្អិតនូវបញ្ហាប្រឈមនោះ មិនមែនជាការប្រសើរឡើយ។ ម្យ៉ាងវិញទៀត ទាំងសាលារៀនរដ្ឋ និងឯកជន សុទ្ធតែស្ថិតក្នុងប្រព័ន្ធអប់រំជាតិ ដូច្នេះការផ្អាកសាលាឯកជន មិនមែនជាវិធីសាស្រ្តល្អក្នុងការជំរុញគុណភាពអប់រំនៅកម្ពុជាឡើយ។ បើតាមការគូសបញ្ជាក់របស់ឧកញ៉ា ប៉ិច បូឡែន បច្ចុប្បន្ន គម្លាតនៃការអប់រំរវាងស្ថាប័នទាំងពីរ ហាក់ខុសគ្នាបន្តិចមែន ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើសាលាដែរ ដោយក្នុងនោះ សាលារដ្ឋខ្លះ មានប្រព័ន្ធអប់រំល្អជាងសាលាឯកជន ហើយសាលាឯកជនខ្លះ ក៏មានប្រព័ន្ធអប់រំល្អជាងសាលារដ្ឋ មួយចំនួនទៅតាមតម្លៃ និងស្ដង់ដានៃការអប់រំ។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ អះអាងទៀតថា បច្ចុប្បន្នចំនួនសាលាឯកជន ហាក់នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងសាលារដ្ឋ ហើយបើក្រសួងសម្រេចផ្អាកបើកសាលាឯកជនពិតមែន នោះវានឹងប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំមកនេះ ចំនួនសាលារៀនបានកើនឡើងជិត៤ពាន់គ្រឹះស្ថានសិក្សា គឺកើនពីជាង១ម៉ឺន៤ពាន់សាលារៀនឈានរហូតដល់ជិត២ម៉ឺនសាលារៀន ដោយសាលាបឋមសិក្សាមានចំនួនជាង៨ពាន់ អនុវិទ្យាល័យមានជា១ពាន់៣រយ និងវិទ្យាល័យមានចំនួនជាង៨រយ។ ផ្នែកលើបរិមាណនេះ ទើបធ្វើឲ្យក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកការបើកសាលាឯកជនបណ្ដោះអាសន្ន ក្នុងគោលបំណងពង្រឹងគុណភាពអប់រំសម្រាប់សាលានរៀនរដ្ឋ ជាពិសេសនៅរាជធានីភ្នំពេញតែម្ដង។ បើតាមឯកឧត្តម ហង់ជួន ណារ៉ុន ទន្ទឹមនឹងការសម្រេចផ្អាកនេះដែរ ក្រសួងអប់រំបានដាក់ភារកិច្ចដល់ក្រុមការងារគោលនយោបាយគិតគូរ និងសិក្សាវាយតម្លៃ ហើយលោកនឹងអនុញ្ញាតឱ្យបង្កើតសាលារៀនឯកជនបន្តទៀតនៅពេលមានការសិក្សា និងវាយតម្លៃគ្រូបង្រៀនច្បាស់លាស់៕




អត្ថបទបន្ទាប់


អ្នកចិញ្ចឹមត្រីនៅកម្ពុជាថយចុះប្រមាណ៦០% ក្រោយចំណីឡើងថ្លៃ តែត្រីលក់បានថោក

កសិករជាច្រើនដែលជាសមាជិករបស់សមាគមវារីវប្បករនៅកម្ពុជា បានផ្អាកការចិញ្ចឹមត្រី និងខ្លះទៀតបានបន្ថយបរិមាណត្រីក្នុងស្រះ ដោយសារតែកន្លងមកពួកគេពុំ…

កម្ពុជានាំចេញទំនិញទៅអាមេរិកមានទំហំជាង៦ពាន់លានដុល្លារ ខណៈនាំចេញទៅចិនមានតែជិត១ពាន់លានដុល្លារ នៅ៨ខែឆ្នាំនេះ

ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិហាក់បង្ហាញសញ្ញាណវិជ្ជមានឡើងវិញនៅ៨ខែឆ្នាំ២០២៣នេះ ជាមួយនឹងទំហំទឹកប្រាក់នាំចេញជាង១៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ