ជាមួយគ្នានេះក្រសួងមហាផ្ទៃ ទុកពេលឱ្យអ្នកពាក់ព័ន្ធ បញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់យ៉ាងយូរត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បើមិនចង់រងចំណាត់ការផ្លូវច្បាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើត្រួតពិនិត្យកម្ចីតាមអនឡាញខុសច្បាប់ និងសហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកលេងល្បែង និងមេល្បែង ជាពិសេសក្រុមឈ្មួញកណ្ដាល ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានគ្រប់ច្រក និងគ្រប់មធ្យោបាយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការបើក ឬភ្ជាប់បណ្ដាញ និងការលេងល្បែងខុសច្បាប់។ ការបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំ ស្តីពីការបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗ។
ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់កំហិតឱ្យអ្នកពាក់ព័ន្ធនឹងការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាពរបស់ខ្លួនយ៉ាងយូរនៅត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បើមិនចង់រងវិធានការច្បាប់ ហើយបញ្ហាឱ្យមន្រ្តីមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ជំនាញ ទាំងជំនាញស្រាវជ្រាវតាមទីតាំង តាមបណ្ដាញអ៊ីនធឺណិត និងជំនាញបង្ក្រាបសហការគ្នាអនុវត្តសារាចរណែនាំទាំង៥ចំណុច ដែលក្រសួងដាក់ចេញកាលពីពេលថ្មីៗឱ្យបានតឹងរ៉ឹងតាមទស្សនល្មើសមួយ បង្ក្រាបមួយ ល្មើសពីរបង្ក្រាបពីរ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញឱ្យអភិបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងស៊ីសងតាមដងផ្លូវសាធារណៈ តែលើកលែងបដាតាមកាស៊ីណូស្របច្បាប់ និងស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញជាដើម។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗបានដាក់ចេញសារាចរណែនាំចំនួន៥ចំណុច សំដៅទប់ស្កាត់ និងលុបបំបាត់ការផ្សព្វផ្សាយ និងលេងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជា។ ក្នុងនោះក្រសួងបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី, ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
លើសពីនេះ ក្រសួងតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការឱ្យតឹងរ៉ឹងតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ បន្ថែមលើនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
យ៉ាងណាមិញកាលពីពេលកន្លងទៅ យើងសង្កេតឃើញសមត្ថកិច្ចបានចុះទៅបង្ក្រាបដល់ទីកន្លែងបើកល្បែងស៊ីសងខុសច្បាប់ទាំងតាមអនឡាញក្ដី និងមិនតាមអនឡាញនៅតាមតំបន់មួយចំនួនដូចជា នៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តមណ្ឌលគិរីជាដើម។
បើយោងតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ បានចែងថា ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។ ច្បាប់របស់កម្ពុជា មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋលេងល្បែងនោះទេ សូម្បីតែក្នុងកាស៊ីណូក៏ដោយ៕
អត្ថបទ ជា ម៉ារ៉ា