បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែឧសភា បានឲ្យដឹងថា កន្លងមកក្រសួងក៏ធ្លាប់ទទួលបានការស្នើសុំឱ្យមានកិច្ចសហការលើការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសតាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា ការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួនដូចជា មិនទាន់មានយន្តការសមស្រប និងច្បាស់លាស់ ការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់មិនសមស្របនឹងប្រាក់ចំណូលដែលទទួលបាន។ ជាមួយគ្នានោះ លក្ខខណ្ឌការងារនៅមិនទាន់ត្រូវបានធានា និងការពារដោយបទដ្ឋានគតិយុត្តិនៃប្រទេសទទួលពលករនៅឡើយ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ ដោយទាមទារឱ្យមានការសិក្សាស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ចប្រទេសទទួលលក្ខខណ្ឌការងារ កម្រៃសេវាដែលបងប្អូនពលករត្រូវចំណាយ និងជាពិសេសលើយន្តការនៃការបញ្ចូន ដើម្បីទទួលបានឱកាសការងារសមរម្យនៅក្រៅប្រទេសផងដែរ។
ក្នុងករណីមានកិច្ចព្រមព្រៀងលើការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសជាមួយប្រទេសណាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងជាសាធារណៈផងដែរ.
សូមបញ្ជាក់ថា តាំងពីមានផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ការងារពលករធ្វើការងារនៅក្រៅប្រទេស តួយ៉ាងនាពេលកន្លង ពលករពីប្រទេសថៃបានធ្វើដំណើរមកកាន់ស្រុកកំណើតវិញ។ ពលករចំណាកស្រុករបស់កម្ពុជា ភាគច្រើនទៅធ្វើការងារនៅក្នុងប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុនជាដើម។
តួលេខពីធនាគារជាតិបង្ហាញថា កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ផ្ញើមកពីពលករដែលធ្វើការនៅក្រៅប្រទេស សរុបមានជាង១ពាន់២រយលានដុល្លារ មានការធ្លាក់ចុះប្រហែល២០% ធៀបនឹងឆ្នាំ២០១៩ ដោយសារតែមានការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច និងការរឹតបន្ដឹងការធ្វើដំណើរនៅតាមប្រទេសនានា ដើម្បីទប់ស្កាត់នឹងការឆ្លងរីករាលដាលកូវីដ១៩៕
អត្ថបទ៖ សោម ស្រីពេជ្រ