ថ្លែងក្នុងពិធីបើកកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត ឯកឧត្តម ជា វ៉ានដេត បើទោះបីជានៅអំឡុងឆ្នាំ ២០២០-២០២៤ ប្រទេសកម្ពុជាមានជួបបញ្ហាប្រឈច្រើន ពិសេសជំងឺរាតត្បាតកូវីដ១៩ក្ដី ប៉ុន្ដែ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មក្នុងការគិតគូរ និងកែប្រែសភាពការណ៍វិបត្តិឱ្យទៅជា កាលានុវត្តភាព សម្រាប់ការអនុវត្តការងាររបស់ក្រសួងតាមគន្លងប្រក្រតីភាពថ្មី ដោយជំរុញឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រកិច្ចការកែទម្រង់របស់ខ្លួន។
ឯកឧត្តមបន្ថែមថា ជាលទ្ធផល ក្នុងរយៈពេលពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចបានការរៀបចំកិច្ចការរដ្ឋបាល ដែល ធានាបានរំហូរការងារលឿនរហ័ស និងមានតម្លាភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធអនុម័តឯកសារផ្ទៃក្នុង (DWF) និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត ព្រមទាំងសម្រេចបានការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្តោតទៅលើ ការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងចំណាយឱ្យចំគោលដៅ។
ជាក់ស្តែងពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចប្រមូលចំណូលថវិកាជាតិនិងវិភាគទានមូលនិធិសរុបបានប្រមាណ ៨០៤លានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិ និងវិភាគទានមូលនិធិក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបាន ចំនួនប្រមាណ ២១៦លានដុល្លារអាម៉េរិក។ ទន្ទឹមនេះដែរ ក្រសួងបានរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ចូលក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្ត្រីរាជការផ្ទៃក្នុង, លើកកម្ពស់សុខុមាលភាព និងផ្តល់ការលើកទឹកដល់មន្ត្រីរាជការ តាមរយៈការបង្កើនប្រាក់រង្វាន់ ការផ្តល់ប្រាក់ឧបត្ថម្ភ និងការដំឡើងថ្នាក់និងឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស បណ្ណសរសើរ, ជាពិសេសយកចិត្តទុកដាក់កៀរគរធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈ កម្មវិធីផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស។ លើការកែទម្រង់អង្គភាព ក្រសួងក៏ បានពង្រឹងការងារនិយ័តកម្មនៃនិយ័តករទូរគមនាគមន៍កម្ពុជា, ប្រែក្លាយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), បែងចែក តួនាទីភារកិច្ចការងារច្បាស់លាស់ដោយមិនឱ្យមានការចុះត្រួតពិនិត្យស្ទួនគ្នារវាងអគ្គាធិការដ្ឋាន និងនាយកដ្ឋាន សវនកម្មផ្ទៃក្នុង, កែទម្រង់សហគ្រាសទូរគមនាគមន៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា ក៏ដូចជាអង្គភាពផ្សេងៗទៀត ក្រោមចំណុះរបស់ក្រសួង ដើម្បីជំរុញ និងធ្វើឱ្យប្រសើរឡើងនូវសមិទ្ធកម្មការងារ។
ឯកឧត្តម ជា វ៉ានដេត បានគូសបញ្ជាក់ទៀតថា នៅឆ្នាំ២០២០-២០២៤ រាជរដ្ឋាភិបាល បានអនុម័តឯកសារសំខាន់ៗចំនួន៤ ដើម្បីជំរុញការអភិវឌ្ឍ និងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកសារទាំងនោះ រួមមាន “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”, “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥”, “គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០” និង “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”។
ឯកឧត្តមបានឱ្យដឹងបន្ថែមថា ឯកសារទាំងអស់នេះ គឺជាប្រទីប និងជាត្រីវិស័យបំភ្លឺ និងនាំផ្លូវដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការជំរុញការអភិវឌ្ឍ និងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវវិស័យ៣ ដែលស្ថិតនៅក្នុងវិសាលភាពនៃការទទួលខុសត្រូវរបស់ក្រសួង រួមមាន វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬហៅថា វិស័យឌីជីថល ដើម្បីរួមចំណែកនៅក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ច និងសង្គមទាំងមូល៕