លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ជំនួបជាមួយវិស្វករជប៉ុនរបស់ក្រុមហ៊ុន Mirarth នាពេលថ្មីៗនេះ គឺទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ពោលគឺក្រុមហ៊ុននេះបានបង្ហាញបំណងចង់វិនិយោគលើការបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួនពីរបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា នៅ៣ឆ្នាំក្រោយ។ ក្នុងនោះក្រុមហ៊ុន Mirarth គ្រោងវិនិយោគលើការបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដែលមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីចំនួន២ម៉ឺនតោនក្នុងមួយឆ្នាំ និងវិនិយោគលើការបើករោងចក្រកៀបយកប្រេងពីសំបកស្វាយចន្ទី។ បើតាមប្រធានសមាគមរូបនេះ ក្រុមហ៊ុន Mirarth ក៏គ្រោងសាកល្បងបំពាក់ម៉ាស៊ីនកៀបយកប្រេងពីសំបកគ្រាប់ស្វាយចន្ទីនៅរោងចក្ររបស់ខ្លួន ដែលមានស្រាប់នៅខេត្តកំពង់ធំ នៅឆ្នាំក្រោយផងដែរ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន ដែលធ្វើតែមួយដំណាក់កាលប៉ុណ្ណោះ ខណៈបច្ចេកវិទ្យាបច្ចុប្បន្នររបស់ពិភពលោកដំណើរការកៀបយកប្រេងត្រូវឆ្លង៥ដំណាក់កាល។
លោក អួន ស៊ីឡុត ជឿជាក់ថា តាមរយៈគម្រោងសាកល្បងកៀបយកប្រេងពីសំបកស្វាយចន្ទីរបស់ក្រុមហ៊ុននេះ នឹងធ្វើឱ្យតម្លៃផលិតកម្មស្វាយចន្ទីនៅកម្ពុជា ចុះទាប បើធៀបនឹងប្រទេសជិតខាង ដែលវានឹងជួយកាត់បន្ថយថ្លៃដើមផលិតដ៏សម្បើម ដ្បិតថា កសិករអាចលក់ទាំងគ្រាប់ស្វាយចន្ទីផង និងសំបកគ្រាប់ស្វាយចន្ទីផង។ បើតាមអ្នកជំនាញរូបនេះ សម្រាប់ផ្លែស្វាយចន្ទីចំនួន៥តោន គឺអាចទទួលបានគ្រាប់ស្វាយចន្ទីឆៅចំនួន១តោន ហើយបន្ទាប់ពីកែច្នៃរួច នៅសល់សំបកចំនួន៧៥០គីឡូក្រាម និងសាច់ដែលទទួលទានបានចំនួន២៥០គីឡូក្រាម។
បើតាមការគូសបញ្ជាក់របស់លោក អួន ស៊ីឡុត បច្ចុប្បន្នកម្ពុជា នៅមិនទាន់មានរោងចក្រសម្រាប់កៀបយកប្រេងពីសំបកស្វាយចន្ទីនៅឡើយនោះទេ ខណៈកន្លងមកមានក្រុមហ៊ុន Santana Agro Products មួយបានដំឡើងម៉ាស៊ីនកៀបយកប្រេងពីសំបកគ្រាប់ស្វាយចន្ទីនេះ ប៉ុន្តែមិនបានដំណើរការនោះទេ។
សូមជម្រាបថា ក្រុមហ៊ុន Mirarth របស់ជប៉ុន បានចាប់ផ្តើមប្រតិបត្តិការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២១ និងបានកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ៣០០តោនក្នុងមួយឆ្នាំ ហើយបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ប្រមាណ១ពាន់៥០០តោន ក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ននេះ៕