ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនមួយត្រូវបានគេស្គាល់ថាបានផ្តល់សេវាផ្ទេរប្រាក់តាមរយៈបណ្តាញភ្នាក់ងារធំបំផុតរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងចូលរួមក្នុងកិច្ចប្រជុំរបស់កម្ពុជានៅក្នុងពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក។ ពិធីនេះដំណើរការចាប់ពីថ្ងៃទី៧ ដល់ទី១១ ខែធ្នូ។
ក្រុមហ៊ុនក៏មានសេវាផងដែរសម្រាប់ការគាំទ្រដល់ការទូទាត់ឌីជីថលតាមរយៈការផ្តល់ជូន “ការផ្ទេរប្រាក់ដោយឥតគិតថ្លៃទៅកាន់មនុស្សគ្រប់គ្នា” ពីកម្មវិធីទូរស័ព្ទ TrueMoney Wallet ហើយថ្មីៗនេះ ក្រុមហ៊ុនបានដាក់ដំណើរការសេវាអ្នកលក់តាមបណ្តាញទំនាក់ទំនងសង្គមក្នុងស្រុក ដោយបានបង្កើតសិក្ខាសាលាជាច្រើនដែលមានការចូលរួមពីសហគ្រិនអនឡាញរាប់រយនាក់។
សិក្ខាសាលាទាំងនេះបានបង្រៀនសហគ្រិនឌីជីថលក្នុងស្រុកអំពីរបៀបធ្វើទីផ្សារអំពីខ្លួនឯង និងផលិតផលរបស់ពួកគេ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធផលក្នុងការបង្កើតមាតិកាអនឡាញ និងរបៀបធ្វើឱ្យអាជីវកម្មអនឡាញរបស់ពួកគេរីកលូតលាស់ផងដែរ។
លោកស្រី ឃួន ហ្រ្វង់ដារា ប្រធាននាយកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) នឹងនិយាយអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ចំពោះបរិយាប័ន្នហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃពិភាក្សាជាក្រុមអំពីប្រធានបទនេះនៅពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក។ ពិភាក្សាជាក្រុមនេះដែលធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ស្ថិតក្រោមប្រធានបទ ចក្ខុវិស័យបរិយាប័ន្នហិរញ្ញវត្ថុកម្ពុជាចាប់ពីឆ្នាំ២០២១ទៅមុខ។ ការពិភាក្សានឹងវាយតម្លៃផលប៉ះពាល់នៃបរិយាប័ន្នហិរញ្ញវត្ថុមកលើកម្ពុជា។
លោកស្រី ឃួន ហ្រ្វង់ដារា បានថ្លែងថា៖ «ក្នុងនាមជាក្រុមហ៊ុនមួយដែលប្តេជ្ញាចិត្តចំពោះការជួយប្រជាជនសាមញ្ញឱ្យចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ធ្វើឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើន យើងមានកិត្តិយសដែលបានចូលរួមក្នុងពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោកនេះ»។ លោកស្រីបានបន្ថែមថា៖ «យើងមានកិត្តិយសយ៉ាងពិសេសដែលបាននិយាយអំពីបរិយាប័ន្នហិរញ្ញវត្ថុ ដែលជាប្រធានបទមួយដែលយើងមានបទពិសោធយ៉ាងរឹងមាំនៅទីនេះក្នុងប្រទេសកម្ពុជា ព្រមទាំងនៅទូទាំងតំបន់ផងដែរ»។
កម្មវិធីទូរស័ព្ទ TrueMoney Wallet គឺជាកម្មវិធី (App) ដែលផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ចំណាយមិនគិតថ្លៃដល់អតិថិជនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏ផ្តល់ជូនការលើកលែងការទូទាត់បណ្តោះអាសន្នលើសេវាមួយចំនួនផងដែរដូចជាការសងកម្ចីទៅកាន់ធនាគារជាដើម។
ក្រៅពីការផ្ទេរប្រាក់មិនគិតថ្លៃ ក្រុមហ៊ុនក៏លើកកម្ពស់ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុផងដែរតាមរយៈការផ្តល់ជូនអ្នកប្រើប្រាស់របស់ក្រុមហ៊ុន ទ្រូម៉ាន់នី នូវការផ្តល់ជូនដោយឥតគិតថ្លៃ និងការផ្តល់ជូនប្រាក់ត្រលប់ទៅវិញ។
ខណៈដែលគំនិតផ្តួចផ្តើមបែបនេះមានគោលបំណងធ្វើឡើងចំពោះអ្នកប្រើប្រាស់ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏ប្តេជ្ញាចិត្តផងដែរចំពោះការជួយដល់វិស័យអប់រំទាំងមូលតាមរយៈការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់។ ក្រុមហ៊ុនកំពុងរៀបចំផែនការបង្កើតភាពជាដៃគូសំខាន់ៗជាមួយផ្លែតហ្វមរៀនសូត្រអេឡិចត្រូនិច (E-learning platforms) ដើម្បីជួយជំរុញដល់ ការផ្លាស់ប្តូរពីដំណោះស្រាយហិរញ្ញវត្ថុអហ្វឡាញទៅកាន់ដំណោះស្រាយហិរញ្ញវត្ថុអនឡាញ ដែលជាកន្លងប្រតិបត្តិថ្មីដោយសារការរាតត្បាតជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។
លោកស្រី ឃួន ហ្រ្វង់ដារា មានប្រសាសន៍បន្តថា៖ “អនាគតរបស់វិស័យហិរញ្ញវត្ថុគឺអនឡាញ។ នោះគឺជាមូលហេតុដែលយើងកំពុងសម្លឹងឆ្ពោះទៅរកការបង្កើតភាពជាដៃគូសំខាន់ៗជាមួយផ្លែតហ្វមរៀនសូត្រអេឡិចត្រូនិច ដែលអាចជួយអប់រំដល់យុវជនកម្ពុជាអំពីរបៀបគ្រប់គ្រងប្រាក់របស់ពួកគេតាមអនឡាញប្រកបដោយការទទួលខុសត្រូវ»។
លោកស្រីបានបន្ថែមថា៖ «បច្ចេកវិទ្យារបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលត្រូវបានធ្វើតេស្តនៅទូទាំងនៅទូទាំងតំបន់ មានលក្ខណៈសមស្របតាមតម្រូវការ ដើម្បីជួយឱ្យអ្នកប្រើប្រាស់មានបទពិសោធល្អៗ។ គោលបំណងរបស់យើងគឺដើម្បីនាំយកប្រព័ន្ធទំនើបទាំងនេះមកទីនេះ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើបបែបនេះ»។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុល្បីឈ្មោះក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារជាង ៦៥.០០០ ភ្នាក់ងារដែលកំពុងបម្រើសេវាដល់អ្នកប្រើប្រាស់ជាង ៤០លាននាក់ក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រផងដែរពីក្រុមហ៊ុន Ant Financial ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alibaba ដែលផ្តល់លទ្ធភាពទទួលបានផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាចុងក្រោយបំផុត។
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលបច្ចុប្បន្នផ្តល់សេវាទូទាត់អនឡាញ និងអហ្វឡាញ ដូចជាផ្ទេរប្រាក់ក្នុងស្រុក ការទូទាត់ការចំណាយ ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ការសងប្រាក់កម្ចី និងសេវាប្រាក់បៀវត្ស ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alibaba។
ចាប់តាំងពីបង្កើតប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេស។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នីបានឱ្យដឹងថា មានបណ្តាញភ្នាក់ងារជាង ១០.០០០ ភ្នាក់ងារដែលកំពុងផ្តល់សេវាមិនពាក់ព័ន្ធហិរញ្ញវត្ថុដល់ប្រជាជនដែលគ្មានគណនីធនាគារ និងគ្មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុស្របច្បាប់ ៕