ដោយសារតែភាពជោគជ័យនិងការកើនឡើងខ្លាំងនៃការបង្កើតសេវាទូទាត់សងប្រាក់តាមប្រព័ន្ធផ្ទេរប្រាក់ចល័ត បានធ្វើឲ្យធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រកាសស្តីពី«ការគ្រប់គ្រងគ្រឹះស្ថានផ្តល់សេវា ទូទាត់សងប្រាក់» ក្នុងគោលបំណងចម្បងដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យការផ្តល់សេវាទូទាត់សងប្រាក់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ការពារផលប្រយោជន៍អតិថិជន ធានាភាពរឹងមាំនៃសេវាទូទាត់សងប្រាក់ ជំរុញការប្រកួតប្រជែង លើកកម្ពស់គំនិតច្នៃប្រឌិតនិងផ្តល់ជំនឿទុកចិត្តដល់សាធារណជនដែលប្រើប្រាស់សេវាទូទាត់សងប្រាក់នៅក្នុងប្រទេសកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសស្តីពីការគ្រប់គ្រង និងនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណ ចំពោះការផ្តល់សេវាទូទាត់សងប្រាក់នៅកម្ពុជា។ ប្រកាសនេះគឺដើម្បីជួយពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។ ប្រកាសនេះមាន៣៥មាត្រា ដែលក្នុងនោះក៏បញ្ជាក់ពីនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណ ការការពារផលប្រយោជន៍របស់អតិថិជន និងការធានាសុវត្ថិភាព និងភាពរឹងមាំនៃសេវាទូទាត់សងប្រាក់។
លោក ង៉ែត ជូ អ្នកស្រាវជ្រាវហិរញ្ញវត្ថុជាន់ខ្ពស់បានអះអាងថា ការដែលធនាគារជាតិដាក់ចេញប្រកាសនេះ គឺជាការត្រឹមត្រូវ ខណៈដែលការផ្តល់សេវាទូទាត់សងប្រាក់ក៏ជាផ្នែកមួយនៃសេវាហិរញ្ញវត្ថុដែលតម្រូវឲ្យមានការតាមដាននិងត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។
លោកបានបន្ថែមថា ការដាក់ចេញប្រកាសនេះមិនត្រឹមតែជួយការពារអតិថិជនដែលប្រើប្រាស់សេវានេះប៉ុននោះទេ ថែមទាំងជាផ្នែកមួយក្នុងការជួយការពារវិស័យហិរញ្ញវត្ថុកម្ពុជាផងដែរ។
ការដាក់ចេញប្រកាសរបស់ធនាគារជាតិនេះ ស្របពេលដែលកំណើននៃសេវាវេរលុយ ទូទាត់សងលុយ កំពុងតែមានកើនឡើងយ៉ាងខ្លាំង។
លោក ង៉ែត ជូ បន្ថែមថា ដោយសារតែការផ្តល់សេវាទូទាត់សងប្រាក់នេះ មានការកើនឡើងក៏តម្រូវឲ្យខាងការផ្តល់សេវាហិរញ្ញវត្ថុមួយនេះ មានលក្ខណៈជាផ្លូវការផងដែរ។
របាយការណ៍ «ការពន្លឿនបរិយាប័ន្នហិរញ្ញវត្ថុក្នុងតំបន់អាស៊ីអាគ្នេយ៍តាមហិរញ្ញវត្ថុ Digital» របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ធ្លាប់បានចង្អុលបង្ហាញពីការកើនឡើងយ៉ាងលឿននៃការទូទាត់ និងការផ្ទេរប្រាក់តាមរយៈប្រព័ន្ធផ្ទេរប្រាក់ចល័តក្នុងស្រុកដែលយុវជនប្រមាណ ៣៣ភាគរយ ទទួលប្រាក់តាមរយៈសេវាមួយនេះ៕