សហគ្រិន​ស្ត្រី-​កាហ្វេ​មណ្ឌលគិរី

សហគ្រិន​ស្ត្រី​ដែល​សាង​ភាព​ល្បីល្បាញ​ដោយ​នាំ​កាហ្វេ​មណ្ឌលគិរី​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ


កន្លង​មក គេ​សង្កេត​ឃើញ​ថា កាហ្វេ​នៅ​កម្ពុជា ភាគច្រើន​គឺ​នាំចូល​ពី​បរទេស ពីព្រោះ យុវជន​ខ្មែរ​បាន​និង​កំពុង​ឈ្លក់​វង្វេង​នឹង​កាហ្វេ​ដែល​មាន brand បរទេស។ ប៉ុន្តែ កាហ្វេ​មណ្ឌលគិរី​របស់​កម្ពុជា ក៏​ត្រូវ​បាន​នាំចេញ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​លក់​ក្នុង​ទីផ្សារ​អន្តរជាតិ និង​ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​ពី​បណ្តា​ប្រទេស​ទាំង​នោះ ផង​ដែរ។
អ្នក​ស្រី អ៊ន់ ចន្ធី ថតរូប​ជាមួយ​ស្វាមី ក្នុង​ឱកាស​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពាន​រង្វាន់​ដែល​ក្រុមហ៊ុន​អ្នកស្រី​ទទួល​បាន នាពេល​ថ្មីៗ​កន្លងមក​នេះ។
ដោយ

អ្នកស្រី អ៊ន់ ចន្ធី នាយិកា​ក្រុមហ៊ុន MK កាហ្វេ​​មណ្ឌលគិរី បាន​ថ្លែង​ថា បច្ចុប្បន្ន អ្នកស្រី​បាន​បោះដុំ​កាហ្វេ​ខេត្ត​មណ្ឌលគិរី ដែល​រួមមាន កាហ្វេ​គ្រាប់ ម្សៅ និង​ប្រភេទ 3​ in 1 នៅ​ក្នុង​ទីផ្សារ​កម្ពុជា និង​ធ្វើការ​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ ចិន រុស្ស៊ី កូរ៉េ ជប៉ុន អូទ្រីស អាល្លឺម៉ង់ អាមេរិក និង​បណ្តាល​ប្រទេស​មួយ​ចំនួន​ទៀត ដែល​គិត​ជា​សរុប​មាន​ប្រមាណ ៣០ ទៅ ៤០​តោន​ក្នុង​មួយ​ខែ។

ក្រៅ​ពី​បោះដុំ​នៅ​តាម​ផ្សារ​ទំនើប និង​សណ្ឋាគារ​ទំនើបៗ​ក្នុង​ស្រុក និង​នាំ​កាហ្វេ​ចេញ​ទៅ​បរទេស អ្នកស្រី​ក៏​មាន​ហាង​កាហ្វេ​ផ្ទាល់​ខ្លួន​នៅ​ភ្នំពេញ និង​ខេត្ត​មណ្ឌលគិរី​មួយ​កន្លែង​ផង​ដែរ។

អ្នកស្រី អ៊ន់ ចន្ធី មិនមែន​ត្រឹមតែ​ជា​ឈ្មួញ​កណ្តាល​នោះ​ទេ ប៉ុន្តែ អ្នកស្រី​បាន​ដាំ​កាហ្វេ​ដោយ​ខ្លួន​ឯង និង​ប្រមូល​ទិញ​បន្ថែម​ពី​អ្នក​ភូមិ ដើម្បី​ផ្គត់ផ្គង់​ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក និង​បាន​ក្លាយ​ជា​ក្រុមហ៊ុន​រហូត​មាន​បុគ្គលិក​ជា​ច្រើន​នាក់ ដោយ​ក្នុង​នោះ ក៏​មាន​ជនជាតិ​ដើម​ភាគតិច​ព្នង​៥​នាក់​ផង​ដែរ។

តាម​ពិតទៅ អ្នកស្រី អ៊ន់ ចន្ធី មិនមែន​ជា​ជនជាតិ​ដើម​ភាគ​តិច ដែល​មាន​ដើម​កំណើត​ក្នុង​ទឹកដី​ភាគឦសាន​នោះ​ទេ តែ​នាយិកា​រាង​ស្គម​រូប​នេះ គឺ​ជា​អ្នក​ខេត្ត​កំពង់ចាម និង​បាន​ទៅ​រស់នៅ​ខេត្ត​មណ្ឌលគិរី ជាមួយ​ស្វាមី បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ដើរ​ចូល​រោងការ​រួច​ក្នុង​អំឡុង​ឆ្នាំ​១៩៩០។

កាហ្វេ មណ្ឌលគិរី ជា​ហាង​កាហ្វេ​ដែលលក់​កាហ្វេ​ជា​ផលិតផល​របស់​ខ្មែរ។

អ្នកស្រី​រំឭក​យ៉ាង​ដូច្នេះ ថា៖ «កាល​នោះ ប្តី​ខ្ញុំ​ទៅ​នៅ​ជាមួយ​ពុក​ធម៌​គាត់​នៅ​មណ្ឌលគិរី ដែល​ជា​អ្នក​លីង​កាហ្វេ​តាំង​ពី​ដើម​មក គាត់តែង​ជួយ​ធ្វើការ​ឲ្យ​គេ​រហូត​ចេះ​ខ្លួន​ឯង។ ពេល​យើង​រៀបការ​រួច យើង​ក៏​មាន​ផ្ទះ​សំណាក់​មួយ​ឈ្មោះ គិរីរម្យ នៅ​ខេត្ត​មណ្ឌលគិរី។ យើង​អត់​ដឹង​រកស៊ី​អី ក៏​គិត​ថា ប្តី​ចេះ​លីង​កាហ្វេ ក៏​ចាប់​ផ្តើម​ដាំ និង​លក់​កាហ្វេ»។

បើ​តាម​អ្នកស្រី អ៊ន់ ចន្ធី ក្នុង​ឆ្នាំ​២០០៨ អ្នកស្រី​និង​ក្រុម​គ្រួសារ បាន​លីង​កាហ្វេ​ជាមួយ​ឧបករណ៍​បុរាណ ដោយ​បាន ៥០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ដើម្បី​លក់​គួបផ្សំ​ជាមួយ​ម្ហូប​នៅ​ផ្ទះ​សំណាក់​របស់​ខ្លួន។ បន្ទាប់​មក ភ្ញៀវ​ដែល​តែង​ទទួល​ទាន​កាហ្វេ​នៅ​ទីនោះ បាន​ជំរុញ​ឲ្យ​អ្នកស្រី​យក​កាហ្វេ​ទាំង​នេះ ទៅ​លក់​នៅ​ភ្នំពេញ ទើប​អ្នកស្រី​ចាប់​ផ្តើម​លក់​ឲ្យ​ផ្សារ​ទំនើប Lucky ដោយ​គេ​កុម៉្មង់​ដំបូង ចំនួន​៥​កេស ក្នុង​​មួយ​​កេស មាន​បរិមាណ ១២​គីឡូក្រាម និង​កើន​ឡើង​ជា​បន្ត​បន្ទាប់។

ចាប់​ផ្តើម​តាំង​ពី​មាន​ចម្ការ​កាហ្វេ ៣​ហិកតា សព្វ​ថ្ងៃនេះ អ្នកស្រី អ៊ន់ ចន្ធី មាន​ចម្ការកាហ្វេ​ដែល​បាន​ទទួល​ផល​ចំនួន ១០​ហិកតា និង​កំពុង​ពង្រីក​ផ្ទៃ​ដី​ដាំដុះ​ឲ្យ​បាន ២០០​ហិកតា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទៀត។

ជា​សហគ្រិន​ដ៏​ឆ្នើម​ម្នាក់ អ្នកស្រី អ៊ន់ ចន្ធី បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ពិភព​ជំនួញ​កាហ្វេ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ជួយ​ជីវភាព​អ្នកភូមិ តាមរយៈ​ការ​ប្រមូល​ទិញ​កាហ្វេ​ពី​ពួកគេ ដែល​មាន​ទាំង​ជនជាតិ​ដើម​ភាគ​តិច​ព្នង និង​ជន​ជាតិ​ខ្មែរ។

កាហ្វេ មណ្ឌលគិរី ជា​ហាង​កាហ្វេ​ដែលលក់​កាហ្វេ​ជា​ផលិតផល​របស់​ខ្មែរ។

បើ​តាម​សហគ្រិន​ខាង​លើ ពលរដ្ឋ​នៅ​ទីនេះ កាល​ពី​ដំបូង​ឡើយ មិនទាន់​​មាន​បច្ចេកទេស​ត្រឹមត្រូវ​ក្នុង​ការ​ដាំដុះ​កាហ្វេ​នោះ​ទេ តែ​ក្រោយ​មក ក៏​មាន​ខាង​ក្រសួង​កសិកម្ម បាន​ចុះ​ទៅ​បង្រៀន ទើប​​ពួកគេ​​អាច​​ផលិត​កាហ្វេ​ដែល​មាន​គុណភាព​ល្អ ដើម្បី​​បំពេញ​​តម្រូវការ​ទីផ្សារ ដែល​​កំពុង​រំជើប​រំជួល​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា និង​អន្តរជាតិ។

អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ជនជាតិ​ដើម​ភាគ​តិច មាន​ចំនួន​តិច​ដែរ​ទេ។ ដំបូង ជនជាតិ​ព្នង​ខ្លះ អត់​មាន​ចម្ការ​កាហ្វេ​ទេ ប៉ុន្តែ ដល់​ពេល​ឃើញ​កាហ្វេ​មាន​គុណភាព និង​តម្លៃ​ខ្ពស់ ពួកគាត់​ចាប់​ផ្តើម​បំផុស​បន្តៗ​គ្នា​គាត់​ហ្នឹង ឲ្យ​ដាំ តាម​ទំហំ​ដី​របស់​គាត់។ ដំបូង គាត់​លំបាក​ណាស់ ព្រោះ​ធ្វើ​តែ​ស្រូវ តែ​ឥឡូវ​គាត់​មាន​កាហ្វេ​លក់ ជីវភាព​គាត់​ធូរធារ ខ្លះ​មាន​ឡាន ឬ​ផ្ទះ​ថ្ម​ធំៗ។ ក្រុមហ៊ុន​ខ្ញុំ កំពុង​មាន​គម្រោង​បំផុស​ឲ្យ​ពលរដ្ឋ​ដាំ​កាហ្វេ​បន្ថែម​ទៀត បើ​សិន​ពួកគាត់​ខ្វះលុយ ពួកខ្ញុំ​នឹង​ជូន​លុយ​ឲ្យ​គាត់​មុន​ខ្លះ មុន​នឹង​ទទួល​បាន​ផល​កាហ្វេ»។

រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ដែល​កាហ្វេ​មណ្ឌលគិរី ត្រូវ​បាន​ចរាចរ​ក្នុង​ទីផ្សារ​កម្ពុជា និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស។ បើ​តាម​អ្នកស្រី អ៊ន់ ចន្ធី ផលិត​ផល​កាហ្វេ មណ្ឌលគិរី មិន​ខ្លាច​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ កាហ្វេ​ដែល​មាន​ brand ពី​បរទេស​នោះ​ទេ ពីព្រោះ កាហ្វេ​មណ្ឌលគិរី មាន​គុណភាព​ល្អ និង​ផលិត​ដោយ​ដៃ​ពលរដ្ឋ​ខ្មែរ និង​មាន​បរទេស​ទទួល​ស្គាល់ ហើយ​បច្ចុប្បន្ន​អ្នកស្រី​ផ្គត់ផ្គង់​កាហ្វេ​មិន​ទាន់ តាម​តម្រូវការ​អតិថិជន​នៅ​ឡើយ។

ទន្ទឹម​នឹង​ភាព​លេច​ធ្លោ​របស់​កាហ្វេ​មណ្ឌលគិរី ក្រុមហ៊ុន MK កាហ្វេ មណ្ឌលគិរី ក៏​ទទួល​បាន​ពាន​រង្វាន់​ មកុដ​មាស អន្តរជាតិ ពី​ចក្រភព​អង់គ្លេស (International Quality Crown Award) កាល​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ២០១៧ ដែល​ក្នុង​ចំណោម​៦០​ក្រុមហ៊ុន​លើ​គ្រប់​ពហុវិស័យ មកពី ៣០​ប្រទេស ជុំវិញ​ពិភព​លោក ហើយ​មាន​ក្រុមហ៊ុន​ខ្មែរ ដែល​ធ្វើ​ការងារ​លើ​វិស័យ​ផ្សេងៗ​ចំនួន​៥ បាន​ជាប់​ពាន​រង្វាន់​នេះ​ដែរ។

ការ​ផ្តល់​ពាន​រង្វាន់​ដល់ MK កាហ្វេ មណ្ឌលគិរី របស់​ចក្រភព​អង់គ្លេស គឺ​ផ្អែក​ទៅ​លើ​គុណភាព ការ​គ្រប់គ្រង​ធនធាន​មនុស្ស​បាន​ល្អ បំពេញ​តម្រូវការ​ដល់​អតិថិជន​ទាន់​ពេល​វេលា និង​ជា​ជំនួញ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជាដើម។

ភាព​តស៊ូ ទើប​ជំរុញ​ឲ្យ​អាជីវកម្ម​របស់​អ្នកស្រី អ៊ន់ ចន្ធី មាន​ភាព​ជោគជ័យ សហគ្រិនរូបនេះ មានការលំបាកជាច្រើន ទម្រាំសាង​ភាព​ល្បីល្បាញ​អាច​មាន​លទ្ធភាព​នាំ​ចេញ​កាហ្វេ​ខ្មែរ ទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ។ យ៉ាងណា ការ​តស៊ូ​និង​អត់ធ្មត់​ក្នុង​ការ​ដាំ​និង​ផលិត​កាហ្វេ និង​ប្រឹងប្រែង ពង្រីក​ដើម​ទុន ព្រមទាំង​ស្វែងរក​ដៃគូ​របស់​អ្នកស្រី អ៊ន់ ចន្ធី បាន​ធ្វើ​ឲ្យ​អ្នក​ជំនួញ​កាហ្វេ​នៅ​ខេត្ត​មណ្ឌលគិរី​រូប​នេះ ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ត្រចេះ​ត្រចង់។ 

អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ ថា៖ «ខ្ញុំ​លំបាក​ច្រើន​ណាស់ ព្រោះ យើង​ត្រូវ​ខំ​ផលិត​ឲ្យ​បាន​ល្អ​ទាំង​ការ​វេច​ខ្ចប់ និង​គុណភាព​កាហ្វេ។ ខ្ញុំ​អត់​ធ្មត់​ណាស់ ដើម្បី​ពង្រឹង​គុណភាព​កាហ្វេ​ក្នុង​ស្រុក ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ និង​បរទេស​បាន​ស្គាល់​ច្រើន ហើយ​ទទួល​ស្គាល់​ថា គុណភាព​កាហ្វេ​មណ្ឌលគិរី មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់»៕ 

None



អត្ថបទបន្ទាប់


អគារ The Peak ជិត ៦០០​លាន​ដុល្លារ កម្ពស់​៥៥​ជាន់ ផុស​​ជា​រូបរាង​ផុត​ពី​ដី​ហើយ!

ដូច​​អ្វី្វ​ដែល​​បាន​សន្យា​ពី​សំណាក់​ម្ចាស់​គម្រោង គឺ​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើល ប្រ៊ីដ គ្រុប បាន​ប្រាប់​ស…

ជ្រូកនាំចូលពីវៀតណាមច្រើនពេក ធ្វើឲ្យកសិករខ្មែរខាតឡុងចុង

ក្នុងឆ្នាំ២០១៧នេះ គឺជាឆ្នាំអាក្រក់បំផុត ដែលតម្លៃជ្រូករបស់កសិករខ្មែរធ្លាក់ថ្លៃយ៉ាងគំហុក ដោយបង្កឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកជាច្រើន បោះបង់មុខរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ