 
      ការលើកឡើងរបស់ ឧកញ៉ា ម៉ុង ឫទ្ធី នេះ គឺនៅពេលដែល នាប៉ុន្មានសប្ដាហ៍មកនេះ ទីផ្សារផ្លែស្វាយកែវរមៀតកំពុងជួបប្រទះនឹងបញ្ហាទីផ្សារ ខណៈដែលពលរដ្ឋ និងក្រុមហ៊ុនបានលើកឡើងថា តម្លៃស្វាយកែវរមៀតបានធ្លាក់ចុះខ្លាំង ហើយមិនសូវមានឈ្មួញមកទិញផងដែរ។
កសិករដាំស្វាយកែវរនៅខេត្តត្បូងឃ្មុំ បានលើកឡើងថា ពួកគេកំពុងជួបបញ្ហាខ្លាំង ដោយសារស្វាយកែវរមៀតមានតម្លៃទាបពេក ដែលតម្លៃបោះដុំនៅចំការ គឺ១គីឡូក្រាមត្រឹមតែ ៤០០រៀល ទៅ៥០០រៀលប៉ុណ្ណោះ ខណៈកាលពីមុនតម្លៃពី១.៥០០រៀលទៅជាង ២.០០០រៀល ក្នុងមួយគីឡូក្រាម។
លោក អ៊ុំ សុភា តំណាងកសិករនៃសហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា បច្ចុប្បន្នសហគមន៍របស់លោក នៅសល់ស្វាយដែលចាស់ល្មមបេះ ប្រមាណជា ១.៥០០តោន ទៅ២ពាន់តោន ដោយកសិករមិនទាន់ហ៊ានបេះ ព្រោះបានតម្លៃទាបពេក ខណៈដែលតម្លៃទាបបែបនេះហើយ គ្មានឈ្មួញទិញទៀត។
ជាមួយគ្នានេះដែរ លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិ នាយកដ្ឋាននាំចេញកសិផល នៃក្រុមហ៊ុនអង្គរហ្រ្គីន បានឲ្យដឹងថាដែរថា តម្លៃស្វាយពិតជាមានការចុះថ្លៃប្រាកដមែន ដោយសារតែរោងចក្រមួយចំនួនធំនៅចិន បានបិទទ្វារសម្រាកចូលឆ្នាំចិន ។
ជុំវិញនឹងបញ្ហាតម្លៃស្វាយនេះដែរ ក្រសួងកសិកម្មកាលពីថ្ងៃទី ៤ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានលើកឡើងថា តម្លៃស្វាយកាលពីដើមឆ្នាំ មានតម្លៃល្អប្រសើរ ប៉ុន្ដែ នាដើមខែកុម្ភៈមក តម្លៃស្វាយធ្លាក់ចុះ គឺដោយសារតែដល់រដូវកាលប្រមូលផលស្វាយមានបិរមាណច្រើន ហើយស្វាយ ដែលលក់បានតម្លៃទាប ក៏ព្រោះតែផ្លែស្វាយនោះ មានគុណភាពមិនត្រូវតាមស្ដង់ដារតាមការបញ្ជាទិញរបស់ក្រុមហ៊ុន គួបផ្សំនឹងរដូវកាលចូលឆ្នាំប្រពៃណីចិន វៀតណាម ធ្វើឲ្យពាណិជ្ជករផ្អាកការបញ្ជាទិញ។
របាយការណ៍ស្តីពីក្រសួងកសិកម្ម បានឲ្យដឹងថា នៅខែមករា ឆ្នាំ ២០២១ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ប្រមាណជាង ១ម៉ឺន ១ពាន់តោន ទៅកាន់ប្រទេសថៃ វៀតណាម កូរ៉េ សិង្ហបុរី និងហុងកុង៕
សូមទស្សានាសេចក្តីរាយការណ៍បន្ថែមខាងក្រោម៖
 
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              