ក្រៅតែពីប្រទេសកម្ពុជាយើងដែលសម្រុកចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ តើមានប្រទេសណាខ្លះហើយ ដែលកំពុងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ?
គេសង្កេតឃើញថា ប្រទេសអ៊ីស្រាអែល បារាំង អាល្លឺម៉ង់ រុស្សី និង បណ្តាប្រទេសអ្នកមានដោយសារប្រេងមួយចំនួនទៀតនៅមជ្ឈិមបូព៌ា ដូចជា បារ៉ែន និង អារ៉ាប់រួម ជាដើម សុទ្ធសឹងតែជាប្រទេសអ្នកមាន ដែលកំពុងសម្រុកចាក់វា់ក់សាំងដូសទី៣ ឬដូសជំរុញសម្រាប់ពលរដ្ឋរបស់ខ្លួន។
ជាមួយគ្នានេះដែរ ក៏មានប្រទេសមួយចំនួនទៀត កំពុងពិចារណា ផ្តល់វ៉ាក់សាំងដូសជំរុញនេះដូចគ្នាដែរ ដែលថ្មីៗនេះក្រសួងសុខាភិបាលចក្រអង់គ្លេសបានបង្ហើបថា ប្រទេសរបស់ខ្លួននឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញចាប់ពីខែកញ្ញាខាងមុខនេះតទៅ។ ដោយឡែក អ្នកជំនាញសុខាភិបាលរបស់សហរដ្ឋអាមេរិកវិញ ក៏បានផ្តល់យោបល់ឲ្យរដ្ឋបាលលោក ចូ បៃឌិន គិតគូរពីការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣នេះ ឲ្យពលរដ្ឋអាមេរិកាំងផងដែរ ស្របពេលដែលករណីឆ្លងនៅអាមេរិកកំពុងកម្រើកឡើងវិញគួរឲ្យព្រួយបារម្ភខ្លាំង។
ចុះសួរថា ក្រៅពីប្រទេសអ្នកមាន តើមានប្រទេសណាទៀតដែលកំពុងគិតគូរពីការចាក់ដូសទី៣ ឬ ដូសជំរុញនេះ?
ក្រៅពីប្រទេសអ្នកមាន ប្រទេសមួយចំនួនដែលបានប្រើប្រាស់វ៉ាក់សាំងផលិតដោយប្រទេសចិន ក៏កំពុងពិចារណា ចាក់ដូសទី៣ ឬដូសជំរុញដូចគ្នាដែរ ហើយសូម្បីតែចិនខ្លួនឯងផ្ទាល់ហ្នឹង ដែលរហូតមកដល់ពេលនេះ បានចាក់វ៉ាក់សាំងជាង ១ពាន់៨រយលានដូសហើយនោះ ក៏កំពុងសិក្សាពីការចាក់ដូសទី៣ ឬដូសជំរុញដោយប្រើវ៉ាក់សាំងប្រភេទផ្សេងដូចគ្នាដែរ។
ដំបូងយើងក្រឡេកមកមើលប្រទេសថៃ ខាងកម្ពុជាយើងឯណេះវិញ! ថៃគ្រោងនឹងប្រើប្រាស់វ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca និង Pfizer ដើម្បីជាដូសទី៣ ឬដូសជំរុញដល់បុគ្គលិកសុខាភិបាលជួរមុខរបស់ខ្លួន ដែលកន្លងមកបានទទួលថ្នាំវ៉ាក់សាំង Sinovac រួចហើយ។
ដោយឡែក សមាគមគ្រូពេទ្យនៅប្រទេសឥណ្ឌូនេស៊ីឯណោះវិញ កាលពីសប្តាហ៍មុនបានអំពាវនាវដល់រដ្ឋាភិបាល លោក ចូកូ វីដូដូ ឱ្យមានការចាក់ថ្នាំបង្ការកូវីដ១៩ដល់បុគ្គលិកសុខាភិបាលបន្ថែមទៀត បន្ទាប់ពីមានបុគ្គលិកពេទ្យខ្លះ បានធ្លាក់ខ្លួនឈឺ និងស្លាប់ បើទោះបីជាបានចាក់វ៉ាក់សាំងបង្ការពេញលេញហើយក៏ដោយ ស្របពេលដែលឥណ្ឌូនេស៊ីនៅតែជាប្រទេសមានការឆ្លងរីករាលដាលកូវីដ១៩ខ្លាំងជាងគេដដែលនៅក្នុងតំបន់អាស៊ាន។
ចំណែកឯ រដ្ឋាភិបាលសិង្ហបុរី វិញ ក្នុងនាមជាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងច្រើនជាងគេក្នុងតំបន់ និងនៅលើពិភពលោកដែរនោះ កាលពីពេលថ្មីៗនេះ បានបង្ហើបបង្ហាញពីផែនការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញ យ៉ាងយូរនៅដើមឆ្នាំ២០២២ ឬ ចុងឆ្នាំក្រោយ។
សូម្បីតែប្រទេសចិន ដែលបានចាក់វ៉ាក់សាំងអស់ចំនួនជាង ១ពាន់៨រយលានដូសហើយនោះ ក៏កំពុងសិក្សានិងវាយតម្លៃពីអត្ថប្រយោជន៍នៃការចាក់ដូសទី៣ ផងដែរ។ បើតាមប្រភពពីរដ្ឋចិនសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន រ៉យទ័រថា បច្ចុប្បន្នចិនកំពុងត្រួតពិនិត្យលើវ៉ាក់សាំង Pfizer-BioNTech ដើម្បីសុំការអនុញ្ញាត ឲ្យប្រើប្រាស់ សម្រាប់ជាដូសជំរុញផងដែរ។
គួរកត់សម្គាល់ត្រង់កន្លែងនេះបន្តិចដែរថា កម្ពុជាយើងអាចចាត់ទុកថាជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញដល់ពលរដ្ឋរបស់ខ្លួន ដោយបានប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់បន្ថែមដល់អ្នកដែលបានចាក់វ៉ាក់សាំង Sinovac ឬ Sinopharm ពីមុនមក។ គិតមកដល់ត្រឹមថ្ងៃទី១១ ខែសីហា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងដូសជំរុញឬដូសទី ៣ ប្រមាណជាង ១០ម៉ឺននាក់ហើយ។ នេះបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ទន្ទឹមនឹងផែនការ ក៏ដូចជាសកម្មភាពចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣នៅប្រទេសជាច្រើនក្នុងពិភពលោក ប្រធានអង្គការសុខភាពពិភពលោក WHO លោក តេត្រូស កាលពីដើមខែសីហា នេះ បានអំពាវនាវឲ្យប្រទេសទាំងអស់ដែលកំពុងចាក់វ៉ាក់សាំងដូសទី៣ ឬដូសបន្ថែមដល់ប្រជាជន សូមឲ្យផ្អាកការចាក់នេះសិន យ៉ាងហោចណាស់ដល់ចុងខែកញ្ញាឆ្នាំនេះ។ ការអំពាវនាវឲ្យផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសបន្ថែមនេះ គឺមានគោលបំណង ដើម្បីអនុញ្ញាតឲ្យប្រទេសផ្សេងទៀត ជាពិសេសប្រទេសក្រីក្រដែលកំពុងខ្វះខាតវ៉ាក់សាំងប្រើប្រាស់ បានចាក់វ៉ាក់សាំងដូសធម្មតាដល់ពលរដ្ឋឲ្យបានយ៉ាងហោចណាស់១០%សិន៕