ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសចិន

រដ្ឋមន្ត្រីការបរទេសចិន នឹងមកទស្សនកិច្ចនៅកម្ពុជាឆាប់ៗនេះ តើកម្ពុជានឹងចំណេញអ្វីខ្លះ?


បើមិនមានអ្វីប្រែប្រួលទេ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាសប្ដាហ៍ក្រោយនេះហើយ។ ក្រៅតែពីកម្ពុជា ឯកឧត្តម វ៉ាង យី ក៏នឹងមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន៣ផ្សេងទៀត រួមមាន វៀតណាម សិង្ហបុរី និង កូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី មកកាន់ប្រទេសទាំង៤នេះ គឺមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា។ នេះបើយោងតាមប្រភពព័ត៌មានចិនពី CGTN។
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី

ជុំវិញ​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ចិន​មក​កាន់​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ គឺ​មាន​គោលបំណង​សំខាន់ ដើម្បី​បង្កើន​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​ឲ្យ​កាន់តែ​ស្អិត​ល្មួត​ថែម​ទៀត ខណៈ​ដែល​អ្នកជំនាញ សេដ្ឋកិច្ច​ឯណោះ​វិញ​មើលឃើញ​ថា វត្តមាន​របស់​ឯកឧត្តម វ៉ាង យី​មក​កាន់​កម្ពុជា​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ គឺ​មាន​សញ្ញា​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា​យើង​ទទួលផល​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ដ្បិតថា​ចិន​គឺជា​ដៃគូ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ មិន​អាច​ខ្វះ​បាន​របស់​កម្ពុជា​។

ឯកឧត្តម កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ឯកឧត្តម វ៉ាង យី ពិតជា​មានដំណើរ​ទស្សនកិច្ច មក​កាន់​កម្ពុជា នា​ពេល​ខាង​មុខ ពិតប្រាកដ​មែន តែ​ចំពោះ​កាលបរិច្ឆេទ ក៏​ដូច​ជា​បេស​កម្ម​កា​ទូត រវាង​ប្រទេស​ទាំង​ពីរ នៅ​មិន​ទាន់​មានការ​ការ​កំណត់​ជាក់លាក់​នៅឡើយ​ទេ​។ ប៉ុន្តែ ឯកឧត្តម កុយ គួ​ង បង្ហើប​ឲ្យ​ដឹង​ថា គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ទីប្រឹក្សា​រដ្ឋ​ចិន​មក​កាន់​កម្ពុជា គឺ​ដើម្បី​បង្កើន​ចំណងមិត្តភាព​រវាង​កម្ពុជា​-​ចិន ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម វ៉ាង យី មក​កាន់​កម្ពុជា​នេះ​ដែរ ត្រូវ​បាន បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញ​ថា ជា​សញ្ញា​វិជ្ជមាន​មួយ ចំពោះ​សេដ្ឋកិច្ច​កម្ពុជា ជាមួយ​ប្រទេស​ចិន​។ អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ បាន​លើក​ឡើង​ថា បើ​ទោះបីជា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​ចិន ក្នុង​គោលបំណង​អ្វី​ក៏​ដោយ តែ​កម្ពុជា នឹង​ទទួល​បាន​អត្ថប្រយោជន៍ ពី​ដំណើរ​ទស្សនកិច្ច​នេះ ពិសេស​ផ្នែក​សេដ្ឋកិច្ច​។ បណ្ឌិត ហុង វណ្ណៈ យល់​ថា​វត្តមាន​របស់ ឯកឧត្តម វ៉ាង យី នឹង​ជួយ​ពង្រឹង​ផ្នែក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ជួយ​ជ្រោមជ្រែង​ផ្នែក​សេដ្ឋកិច្ច ក៏​ដូច​ជា​បង្កើន​អ្នក​វិនិយោគិន​ចិន នៅ​កម្ពុជា​ផង​ដែរ​។

បច្ចុប្បន្ន ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​មួយ​របស់​កម្ពុជា ទាំង​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ពិសេស​ចិន​គឺជា​ទីផ្សារ​នាំ​ចេញ​សម្រាប់​កសិផល​សក្ដានុពល​របស់​កម្ពុជា​ជា​ច្រើន​ដូច​ជា អង្ករ ផ្លែស្វាយ​ស្រស់ និង​ចេកអំបូង​លឿង​ជាដើម​។ យ៉ាងណាមិញ កម្ពុជា និង​ចិន​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​រួចរាល់​ហើយ​ដែរ ដែល​រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២​ខាង​មុខ​។ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ កម្ពុជា​អាច​នាំ​ចេញ​ទំនិញ​រហូត​ដល់​ទៅ​ជាង​៣០០​មុខ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ដោយ​មិន​ចាំបាច់​បង់ពន្ធ​នោះ​ទេ ដែល​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​បើកឱកាស​កាន់តែ​ធំ​ទូលាយ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន និង​ការ​ស្រូប​ទាញ​ការ​វិនិយោគ​ពី​ក្រៅប្រទេស​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម កន្លង​មក​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ជាមួយនឹង​ប្រទេស​ចិន មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៨.១០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ភាគី​ទាំង​ពីរ​ក៏​មាន​ក្ដី​រំពឹង​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​ឈាន​ដល់ ១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន​ឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិធីសម្ពោធជាផ្លូវការ​ការិយាល័យលក់ 6A របស់ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល

ព័ត៌មាន
បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែ កញ្ញា ឆ្នាំ 2021 ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្…

កម្ពុជានាំចេញផលិតផលកសិកម្មទៅវៀតណាមកាន់តែច្រើន នៅអំឡុងវិបត្តិកូវីដ-១៩

ព័ត៌មាន
ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩យ៉ាណាក្តី ការនាំចេញកសិផលកសិកម្មរបស់កម្ពុជា នៅតែមានសន្ទុះខ្លាំងដដែលទេ។ ដ្បិតថាកន្លងមកកម្ពុជា បានជួបបញ្ហាមួយច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ