ព្រលានយន្តហោះ

សម្តេច ហ៊ុន ម៉ាណែត សង្ឃឹមថា ព្រលានយន្តហោះសៀមរាបអង្គរ នឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាទៅកាន់ពិភពលោក


ក្រោយបើកទទួលជើងហោះហើរអស់រយៈពេលមួយខែ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានតម្លៃវិនិយោគជាង១ពាន់លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
1
ដោយ

អាកាសយានដ្ឋាននេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន សំដៅជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍-ទេសចរណ៍-វិនិយោគ និងការតភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ​។ ​

ដូចការគ្រោងទុកកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលមានមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីបើកទទួលជើងហោះហើរជាផ្លូវការអស់រយៈពេលមួយខែកន្លងមកនេះ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោយបើកទទួលជើងហោះហើរអស់រយៈពេលមួយខែកន្លងមកនេះ អ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនេះមានការកើនឡើងជាបន្តបន្ទាប់ ដោយបច្ចុប្បន្នអាកាសយានដ្ឋាននេះទទួលបានអ្នកដំណើរជាធម្យម២ពាន់៤រយនាក់ក្នុង១ថ្ងៃ ខណៈពេលចាប់ដំណើរការដំបូងមានចន្លោះពី២,៥០០នាក់ទៅ២,៦០០នាក់ក្នុង១ថ្ងៃប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា អ្នកដំណើរធ្វើដំណើរតាមព្រលានយន្តហោះនេះមានចម្រុះជាតិសាសន៍ក្នុងនោះមកពីតំបន់អាស៊ាន មាន៧២% និងអឺរ៉ុប២៨% ហើយការហោះហើរភាគច្រើនពីតំបន់អាស៊ាន និងចិន។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៩ បានហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិនេះ ក្នុងនោះមានក្រុមហ៊ុនអន្តរជាតិ ចំនួន៨ និងក្រុមហ៊ុនក្នុងស្រុក១ ហើយរំពឹងថា ក្រុមហ៊ុនអាកាសចរណ៍នឹងកើនដល់១០ក្រុមហ៊ុននៅត្រឹមដំណាច់ឆ្នាំនេះ។

ថ្លែងនាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកព្រលានយន្តហោះនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយ ដែលកើតចេញពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។ សម្តេចធិបតីរំពឹងថា អាកាសយានដ្ឋានអន្តរជាតិនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងអភិវឌ្ឍន៍អាកាសចរណ៍ និងទេសចរណ៍ ក៏ដូចជាជួយជំរុញការអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប តាមរយៈការធ្វើជាដែកឆក់ក្នុងការស្រូបទាញការវិនិយោគពីក្រៅប្រទេស។ បើទោះបីជាអាកាសយានដ្ឋានអន្តរជាតិនេះមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃថា អាកាសយានដ្ឋាននឹងក្លាយចំណុចកណ្តាលនៃក្រុងសៀមរាបនាពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីលើកឡើងថា ការសម្រេចបាននូវកិច្ចព្រមព្រៀងវិនិយោគអាកាសយានដ្ឋាន, ការជ្រើសរើសទីតាំងសាងសង់អាកាសយានដ្ឋាន, និងការចាប់ផ្តើមសាងសង់អាកាសយានដ្ឋាននេះបានធ្វើឱ្យពលរដ្ឋខ្មែរចងចាំជានិច្ច និងពុំអាចបំភ្លេចបាននូវការចូលរួមចំណែក និងការខិតខំជួយជ្រោមជ្រែងរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានសិក្សាយ៉ាងល្អិតល្អន់ពីលក្ខខណ្ឌបច្ចេកទេសតាមការកំណត់របស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងរង្វង់ចម្ងាយសុវត្ថិភាព ដើម្បីបញ្ចៀសហានិភ័យ និងធានាដល់កិច្ចគាំពារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ មុននឹងសម្រេចលើកយោបល់ជ្រើសរើសទីតាំងនេះជូនប្រមុខរាជរដ្ឋាភិបាល។ សម្តេចធិបតីសង្ឃឹមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាតារារះនាទិសឧត្តរនេះ នឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា ទៅកាន់ពិភពលោកកាន់តែទូលំទូលាយ ហើយនឹងក្លាយជាជន្ទល់ដ៏រឹងមាំសម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ វិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល។

បើតាមការគូសបញ្ជាក់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កិច្ចព្រមព្រៀងសម្បទានសម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ។ អាកាសយានដ្ឋាននេះត្រូវបានចំណាយទុនវិនិយោគប្រមាណ១ពាន់១រយលានដុល្លារអាម៉េរិក និងបានសាងសង់ឡើងលើផ្ទៃដីទំហំ៧រយហិកតា និងមានដីបម្រុងប្រមាណ ១ពាន់ហិកតា សម្រាប់ការកសាងតំបន់អភិវឌ្ឍន៍ពហុបំណងរណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា “ទីក្រុងអាកាសយានដ្ឋាន/ Airport City” នាពេលខាងមុខ​។

អាកាសយានដ្ឋាននេះមានសមត្ថភាពអាចទទួលអ្នកដំណើរបានពី៧ទៅ១០លាននាក់ក្នុង១ឆ្នាំ សម្រាប់រយៈពេលខ្លីទៅមធ្យម និងអាចទទួលអ្នកដំណើររហូតដល់២០លាននាក់ក្នុង១ឆ្នាំ សម្រាប់រយៈពេលវែង​។ អាកាសយានដ្ឋាននេះអាចផ្ទុកទំនិញតាមផ្លូវអាកាសបាន១ម៉ឺនតោនក្នុង១ឆ្នាំ សម្រាប់រយៈពេលខ្លីទៅមធ្យម និង៦ម៉ឺនតោនក្នុង១ឆ្នាំសម្រាប់រយៈពេលវែង។ អាកាសយានដ្ឋាននេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ខតាមស្តង់ដារអន្តរជាតិ លំដាប់៤អ៊ី ដែលអាចបម្រើឱ្យការហោះហើររបស់យន្តហោះស្ទើរគ្រប់ប្រភេទសម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ ដែលមានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ មានសមត្ថភាពអាចទទួលយន្តហោះចុះចតបានជាមធ្យមចំនួន៣០ទៅ ៣២ជើងក្នុង១ម៉ោង និងមានចំណតអាកាសយានចំនួន៣៨ចំណត។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ពេលបច្ចុប្បន្ននេះក្រៅពីលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កម្ពុជាកំពុងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិថ្មី២ទៀត គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងលើកកម្រិតស្តង់ដារអាកាសយានដ្ឋានអន្តរជាតិចំនួន១ គឺអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះគម្រោងអភិវឌ្ឍអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងអាកាសយានដ្ឋានកោះរ៉ុង ក៏ស្ថិតនៅក្នុងរបៀបវារៈនៃផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអាកាសចរណ៍ ទេសចរណ៍ និងវិនិយោគរបស់កម្ពុជាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ស៊ីជិនពីង ប្រាប់លោកចូបៃដិន ថា តៃវ៉ាន់នឹងត្រូវបង្រួបបង្រួមដោយជៀសពុំរួច

ព័ត៌មាន
បន្ទាប់ពីមានការរៀបចំអស់រយៈពេលជាច្រើនខែសម្រាប់ជំនួបកំពូលជាងបួនម៉ោងនៅជាយក្រុង San Francisco សហរដ្ឋអាម៉េរិក នៅថ្ងៃពុធខែវិច្ឆិកានេះ ប្រធ…

តើស្ថានភាពវិស័យអចលនទ្រព្យនៅប្រទេសមហាអំណាចចិនមានស្ថានភាពយ៉ាងដូចម្តេច ?

ព័ត៌មាន
វិបត្តិទីផ្សារអចលនទ្រព្យនៅប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក កាន់តែមានស្ថានភាពអាក្រក់ទៅៗ ខណៈតម្លៃធ្លាក់ចុះខ្លាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ