រដ្ឋមន្ត្រីក្រសួងការងារលោកស្រី ម៉ុននូចាន ស៊ូហ្វៀន (Monnujan Sufian) អាយុ៧០ឆ្នាំ បាននិយាយថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរនឹងត្រូវដំឡើងពីជិត៧៣ដុល្លារ ទៅដល់ជាង១១៤ដុល្លារក្នុងមួយខែចាប់ពីថ្ងៃទី១ ខែធ្នូ តទៅជាមួយនឹងការដំឡើងប្រចាំឆ្នាំ៥%។ ការដំឡើងប្រាក់ឈ្នួលនេះ បានធ្វើឡើងក្រោយពីមានការតវ៉ាមួយសប្ដាហ៍ ដែលនាំឱ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលិសបណ្ដាលឱ្យស្លាប់កម្មករ២នាក់ និងរបួសរាប់សិបនាក់ជាហេតុបង្ខំឱ្យរដ្ឋាភិបាលជួបប្រជុំជាមួយក្រុមថៅកែរោងចក្រ មេដឹកនាំសហជីព និងមន្ត្រីពាក់ព័ន្ធមួយចំនួនដើម្បីពិចារណាលើការទាមទារដំឡើងប្រាក់ខែរបស់កម្មករ។
លោកស្រី ស៊ូហ្វៀន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមហ៊ុន និងអ្នកពាក់ព័ន្ធថា ពួកគេនឹងប្រកាសអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរតាមការណែនាំរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី សេក ហាស៊ីណា។
ប្រាក់ឈ្នួលទាបបានជួយឱ្យប្រទេសបង់ក្លាដែសបង្កើតឧស្សាហកម្មកាត់ដេរដោយមានរោងចក្រប្រមាណ៤ពាន់កន្លែងផ្ដល់ការងារដល់កម្មករចំនួន៤លាននាក់ និងផ្គត់ផ្គង់ម៉ាកយីហោដូចជា H&M និង GAP ជាដើម។ វិស័យកាត់ដេរគឺជាផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ ដែលមានចំនួនជិត១៦% នៃផលិតផលក្នុងស្រុកសរុបរបស់បង់ក្លាដែស។
លោក ស៊ីឌីគូ រ៉ះម៉េន (Siddiqur Rahman) តំណាងរបស់ម្ចាស់ក្រុមហ៊ុនមួយចំនួនបានប្រាប់សារព័ត៌មានមួយថា ភាគីពាក់ព័ន្ធទាំងអស់បានយល់ព្រមចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ ដោយបានបន្ថែមថា ប័ណ្ណ សុខុមាលភាពរដ្ឋាភិបាលនឹងត្រូវផ្តល់ជូនដល់កម្មករនិយោជិត ហើយប័ណ្ណរបបអាហារនឹងត្រូវផ្តល់ឱ្យពួកគេនៅពេលក្រោយទៀត ដើម្បីឱ្យពួកគេអាចទិញទំនិញចាំបាច់ប្រចាំថ្ងៃក្នុងតម្លៃថោកជាងមុន។
ទោះជាយ៉ាងណា កម្មករនៅមិនទាន់ពេញចិត្តចំពោះចំនួនប្រាក់ឈ្នួលដែលគេបានដំឡើងឱ្យនេះនោះទេ ស្របពេលដែលអតិផរណាកំពុងស្ថិតក្នុងកម្រិត៩,៥% ដូច្នេះហើយពួកគេចង់ទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាន២០៨ដុល្លារក្នុងមួយខែ ទើបអាចទប់ទល់នឹងការចំណាយសម្រាប់ជីវិតប្រចាំថ្ងៃបាន។