មានមូលដ្ឋាននៅសហរដ្ឋអាមេរិក អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា ការចាប់ខ្លួននិងការចោទប្រកាន់ទាំងនោះ ហាក់ដូចជា«គ្មានមូលដ្ឋាននិងមានចរិតនយោបាយ» ហើយបានអំពាវនាវឲ្យបញ្ឈប់ការចាប់ខ្លួន និងការឃុំខ្លួនអតីតសមាជិកគណបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្សទាំងនោះ។
ការចាប់ខ្លួននិងការចោទប្រកាន់តាមផ្លូវតុលាការនេះ បានកើតឡើងបន្ទាប់ពីអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងអ្នកផ្សេងទៀត បានប្រកាសកាលពីខែសីហា ថា គ្រោងនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា។
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បានចេញបញ្ជាកាលពីថ្ងៃទី៧ ខែតុលា ឲ្យដាក់ពង្រាយកងទ័ពដើម្បីបង្រ្កាបការវិលត្រលប់ចូលប្រទេសវិញរបស់លោក សម រង្ស៊ី និងសមាជិកផ្សេងទៀត ដោយបានហៅការវិលត្រលប់នេះ ថាជាការប៉ុនប៉ងរដ្ឋប្រហារមកលើរដ្ឋាភិបាល។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយដូច្នេះថា «រដ្ឋាភិបាលបរទេសនិងម្ចាស់ជំនួយគួរតែអំពាវនាវឲ្យបញ្ឈប់នូវការចាប់ខ្លួននេះ ហើយជំរុញឲ្យកម្ពុជាដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ នូវអ្នកទាំងអស់នោះ ដែលត្រូវបានឃុំឃាំងដោយគ្មានកំហុស ដោយសារតែរិះគន់រដ្ឋាភិបាល។»
អង្គការឃ្លាំមើលសិទិ្ធមនុស្ស នៅថ្ងៃចន្ទ ទី២១ ខែតុលា ដដែល ក៏បានបើកគេហទំព័រថ្មីរបស់ខ្លួន ដោយមានបញ្ជីឈ្មោះអ្នកទោសនយោបាយចំនួនជាង ៦០នាក់។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា លោក សម រង្ស៊ី គឺជាដើមចមនាំឲ្យសកម្មជនរបស់ខ្លួនរងគ្រោះ ដោយបានបោកប្រាស់សកម្មជន ឲ្យប្រព្រឹត្តល្មើសច្បាប់ ដែលនាំឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់បាន។
លោក សុខ ឥសាន បាននិយាយដូច្នេះថា «ទោះជាសង្គ្រាមចិត្តសាស្ត្រ ឬមិនចិត្តសាស្ត្រក្តី បើមេឧទ្ទាម និងក្រុមឧទ្ទាម ចូលមកក្នុងស្រុក ឃើញមុខភ្លាម នឹងត្រូវចាប់វ៉ៃខ្នោះ រុញចូលគុកភ្លែត ព្រោះមានសាលក្រមនិងដីកាចាប់ខ្លួនរួចហើយ។»
លោក សុខ ឥសាន បានបន្តថា «តាមគោលការណ៍នីតិរដ្ឋ គឺអ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ មិនមែនយកការចរចា មកអនុវត្តទេ៕»