នយោបាយអាមេរិក-ចិន

លោក បៃដិន កំណត់ជួបលោក ស៊ី ជិនពីង លើទឹកដីអាមេរិក នៅខែក្រោយ


ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ បាននិយាយថា លោកអាចនឹងកំណត់ឱ្យមានជំនួបទល់មុខផ្ទាល់មួយជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅខែក្រោយក្នុងទីក្រុងសានហ្វ្រេនស៊ីស្កូ សហរដ្ឋអាមេរិក។ កម្មវត្ថុនៃជំនួបទ្វេភាគីនៃប្រទេសគូប្រជែងនឹងគ្នានេះ គឺសហរដ្ឋអាមេរិកចង់រៀបចំការប្រកួតប្រជែង និងបន្ធូរបន្ថយភាពតានតឹងនឹងគ្នាឡើងវិញ ក្រោយអាក់ខានការពិភាក្សាមួយទល់នឹងមួយ ក្នុងកម្រិតមេដឹកនាំកំពូលនៃមហាអំណាចទាំងពីរជិតមួយឆ្នាំមកនេះ។
នយោបាយអាមេរិក-ចិន
ដោយ

លោក ចូ បៃដិន ​បានប្រាប់អ្នកកាសែតថា អំឡុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងរៀបចំឡើងនៅលើទឹកដីអាមេរិក ក្នុងទីក្រុងសានហ្វ្រេនស៊ីស្កូ នៅខែវិច្ឆិកា ក្រោយនេះ លោកបានកំណត់ជាមួយក្តីសង្ឃឹមខ្ពស់ថា នឹងជួបជាមួយលោក ស៊ី ជិនពីង មេដឹកនាំកំពូលចិន។ យ៉ាងណា លោក បៃដិន បានបញ្ជាក់ថា មិនទាន់មានកាលវិភាគណាមួយត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ។

គួរជម្រាបថា កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលសហរដ្ឋអាមេរិក ជាម្ចាស់ផ្ទះនៅឆ្នាំនេះ នឹងរៀបចំឡើងរយៈពីរថ្ងៃ គឺពីថ្ងៃទី១៦ ដល់១៧ ខែវិច្ឆិកា ក្នុងទីក្រុងសានហ្វ្រេនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រទេសសមាជិកប្រមាណ២១ប្រទេស។

យោងតាមការចុះផ្សាយដោយកាសែត Washington Post ដោយស្រង់សំដីមន្ត្រីអាមេរិក មុនការលើកឡើងរបស់លោក បៃដិន នេះថា សេតវិមានបានរៀបចំគម្រោងសម្រាប់ជំនួបនេះតាំងពីយូរ គឺដើម្បីសម្រួលឡើងវិញនូវទំនាក់ទំនងចិន-អាមេរិក។

ក្នុងនោះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរមកទីក្រុងវ៉ាស៊ីនតោនមុនកិច្ចប្រជុំ APEC ក្នុងការបើកផ្លូវសម្រាប់ជំនួបលោក បៃដិន ជាមួយលោក ស៊ី ជិនពីង។

យ៉ាងណាមិញ ទីក្រុងប៉េកាំង មិនទាន់មានការបញ្ជាក់ផ្លូវការថា លោក ស៊ី ជិនពីង នឹងមកចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំ APEC ឬជួបសមភាគីសហរដ្ឋអាមេរិកនោះទេ។ ទន្ទឹមគ្នានេះ សេតវិមានក៏មិនបានបញ្ជាក់ច្បាស់ពីជំនួបមេដឹកនាំទាំងពីរដែរ។

មែនទែនទៅ លោក ចូ បៃដិន និងលោក ស៊ី ជិនពីង មានជំនួបចុងក្រោយបង្អស់ក្នុងខែវិច្ឆិកា ឆ្នាំមុន នៅឯជំនួប G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ នៅកាលនោះ មេដឹកនាំទាំងពីរបានបង្ហាញពីភាពស្និទស្នាល ហើយទំនាក់ទំនងប្រទេសទាំងពីរ ក៏ចុះត្រជាក់មកវិញ។

ប៉ុន្តែ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងចិន-អាមេរិក ហាក់ប្រែមានភាពតានតឹងឡើងវិញ ហើយលោក ចូ បៃដិន និងលោក ស៊ី ក៏លែងមានជំនួបនឹងគ្នាតទៅទៀត សូម្បីតែជំនួបតាមទូរសព្ទដែលមេដឹកនាំទាំងពីរធ្លាប់ធ្វើកាលពីពេលមុនៗមក។

បើគេមើលឱ្យមែនទែនទៅ មានបញ្ហាចាក់ស្រេះជាច្រើនក្នុងទំនាក់ទំនងរវាងមហាអំណាចគូប្រជែងទាំងពីរ ដែលមិនងាយនឹងដោះស្រាយបានឡើយ។ ជាអាទិ៍ដូចជា សំណុំរឿងកោះតៃវ៉ាន់ ការអាងយ៉ាងយោធាចិន នៅក្នុងតំបន់ ក៏ដូចជាពិភពលោក រឿងបាឡុងចារកម្មចិន និងជាពិសេសការប្រណាំងប្រជែងឥទ្ធិពលគ្នាខ្លាំងក្នុងពិភពលោកតាមរយៈរូបភាពការទូត យោធា សេដ្ឋកិច្ចរយៈមួយឆ្នាំចុងក្រោយមកនេះ។

កាលពីជំនួប G20 ដែលធ្វើឡើងក្នុងប្រទេសឥណ្ឌា កាលពីខែមុន លោក ស៊ី ជិនពីង មិនបានមកចូលរួមឡើយ ដែលធ្វើឱ្យលោក ចូ បៃដិន មានការសោកស្តាយបំផុត ក្រោយរំពឹងថា នឹងបានជួបនៅក្នុងឱកាសនោះ។

ទោះជាយ៉ាងណា ក្នុងជំនួប APEC ខាងមុខនេះ គេដាក់ក្តីសង្ឃឹមខ្ពស់ថា មេដឹកនាំទាំងពីរនឹងអាចជួបគ្នា ដ្បិតថា ក្របខណ្ឌសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ហើយដែលប្រទេសមហាអំណាចចិន និងអាមេរិក កំពុងប្រជែងគ្នាខ្លាំងក្នុងតំបន់យុទ្ធសាស្ត្រនេះ៕

None



អត្ថបទបន្ទាប់


ធនាគារកណ្ដាលអាមេរិក ពិចារណាក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត

ទេសាភិបាលធនាគារកណ្តាលសហរដ្ឋអាមេរិក លោកស្រី មីឆេល បូម៉េន (Michelle Bowman) កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា បានបញ្ជាក់ជាថ្មីនូវការយល់ឃើញរបស…

ក្រុមហ៊ុន Xiaomi Cambodia បង្ហាញទូរស័ព្ទម៉ូឌែថ្មី និងប្រកាសលក់ជាផ្លូវការនៅកម្ពុជា

ក្រុមហ៊ុន Xiaomi Cambodia បង្ហាញស្មាតហ្វូនស៊េរីថ្មី Xiaomi 13T Series ត្រូវបានរចនា សម្រាប់អតិថិជនទូទាំងពិភពលោក ដើម្បីត្រៀមខ្លួនរួចជាស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ