 
      លោកអ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ គ្រុបបានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតកម្មវិធីដើរម៉ារ៉ាតុន រយៈចម្ងាយ ៥គីឡូម៉ែត្រនេះឡើង គឺដើម្បីរួមគ្នាបង្ហាញក្ដីស្រឡាញ់សម្រាប់កុមារកម្ពុជា និងគាំទ្រសកម្មភាពសប្បុរសធម៌សម្រាប់ មន្ទីរពេទ្យកុមារអង្គរ ដែលមានអ្នកចូលរួមសរុបជិត ២ពាន់នាក់។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ។
 
      ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាពលរដ្ឋរស់នៅក្នុងគម្រោង បុរី វិមានភ្នំពេញ បានលើកឡើងថា សកម្មភាពដើរម៉ារ៉ាតុន ដើម្បី ក្ដីស្រឡាញ់សម្រាប់កុមារ មិនមែនជាការប្រកួតប្រជែងដណ្ដើមជ័យលាភីអ្វីឡើយ ប៉ុន្ដែ គឺជាស្មារតីនៃសកម្មភាពសប្បុរសធម៌ ប្រកបដោយទឹកចិត្តស្មោះស សប្បាយរីករាយ និងដើម្បីសុខភាពទាំងអស់គ្នាផងដែរ។
អ្នកដែលបានចូលរួមនៅក្នុងកម្មវិធីដើរម៉ារ៉ាតុននេះ បានលើកឡើងពីក្ដីរំភើបរីករាយ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ដ្បិតវា គឺជាការរធ្វើលំហាត់ប្រាណដើម្បីសុខភាព និងការចែករំលែកក្ដីស្រឡាញ់ទៅកាន់កុមារកម្ពុជា តាមរយៈការឧបត្ថម្ភថវិកាសប្បុរសធម៌ទៅកាន់មន្ទីរពេទ្យកុមារអង្គរ។
 
      សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ដើរម៉ារ៉ាតុននេះ គឺជាលើកទី២ហើយ ដែលក្រុមហ៊ុន លី ហួរ គ្រុប បានរៀបចំឡើង តួយ៉ាង ការរៀបចំព្រឹត្តិការណ៍ ដើរម៉ារ៉ាតុន លើកទី១ កាលពីខែធ្នូ ឆ្នាំ ២០២៣ ប្រមូលបានថវិកាសប្បុរសធម៌ជាច្រើន ដោយថវិកាទាំងនោះ ត្រូវបានប្រគល់ជូនសម្រាប់មូលនិធិគន្ធបុប្ជាកម្ពុជា សម្រាប់គាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ជា៕
 
       
       
       
       
       
       
       
       
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              