
ភាពច្របូកច្របល់កំពុងរីករាលដាលពេញការិយាធិបតេយ្យរបស់សហព័ន្ធដោយសារភ្នាក់ងារមួយចំនួនបានណែនាំបុគ្គលិកឱ្យគោរពតាមឱសានវាទរបស់លោក ម៉ាស នៅត្រឹមថ្ងៃចន្ទ សប្ដាហ៍ក្រោយ ហើយខ្លះទៀតមិនធ្វើតាមនោះទេ ដែលជាការសាកល្បងមួយថា តើលោក ម៉ាស មានសិទ្ធិអំណាចប៉ុនណាលើប្រតិបត្តិការរបស់រដ្ឋាភិបាល ខណៈលោកបន្តយុទ្ធនាការកាត់បន្ថយការចំណាយមិនធ្លាប់មានពីមុនមក ដោយមានការគាំទ្រពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
បុគ្គលិកចំនួន២១នាក់ បានលាលែងពីការងារនៅនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DODE) របស់លោក ម៉ាស កាលពីថ្ងៃអង្គារ ដោយនិយាយថា ពួកគេបានបដិសេធមិនជួយដល់កិច្ចខិតខំក្នុងការកាត់បន្ថយការចំណាយរបស់លោក ម៉ាស ឡើយ ហើយពួកគេ ក៏នឹងមិនប្រើជំនាញខាងបច្ចេកវិទ្យារបស់ពួកគេ ដើម្បីសម្របសម្រួលប្រព័ន្ធរដ្ឋាភិបាលស្នូល ដែលបង្កគ្រោះថ្នាក់ដល់ទិន្នន័យដ៏រសើបរបស់ជនជាតិអាម៉េរិក។
សូមរំលឹកថា បុគ្គលិកដែលបានលាឈប់ពីការងារទាំងនេះ បានរាប់បញ្ចូលទាំងអ្នកវិទ្យាសាស្ត្រទិន្នន័យ អ្នកគ្រប់គ្រងផលិតផល និងប្រធានផ្នែក IT ដែលត្រូវបានជួលឱ្យធ្វើការនៅក្នុងការិយាល័យដែលហៅថា សេវាឌីជីថលរបស់អាម៉េរិក មុនពេលលោក ម៉ាស បានគ្រប់គ្រងវា ហើយដាក់ឈ្មោះជំនួសវិញថា នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។
ទន្ទឹមនឹងនេះមនុស្សជាង១០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខហាងមួយរបស់ក្រុមហ៊ុន ថេស្លា នៅក្នុងទីក្រុងរ៉េឡេក រដ្ឋន័រខារ៉ូឡាញណា ដើម្បីតវ៉ាប្រឆាំងនឹងលោក ម៉ាស និងនាយកដ្ឋាន DOGE របស់លោក។
ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេកំពុងតែស្អប់នូវអ្វីដែលលោក ម៉ាស កំពុងធ្វើសព្វថ្ងៃនេះព្រោះលោកកំពុងយកញញួរទៅដំលើរដ្ឋាភិបាលរបស់ពួកគេ និងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ហើយអ្នកតវ៉ាខ្លះទៀតបាននិយាយថា ពួកគេពិតជាមិនយល់ស្របចំពោះទិសដៅដែលប្រទេសរបស់ពួកគេកំពុងតែធ្វើនោះទេ៕
អត្ថបទ៖ សុខ មង្គល