ប្រទេសថៃ

នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ ក្រោយចាញ់ឆ្នោត


នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានប្រកាសថា លោកនឹងលាលែងពីជីវិតនយោបាយ និងលាឈប់ពីតួនាទីនៅក្នុងគណបក្សរួបរួមជាតិថៃ។ ការប្រកាសគួរឱ្យភ្ញាក់ផ្អើល និងដូចអ្វីដែលគេរំពឹងទុកនេះ បានកើតឡើង២ថ្ងៃប៉ុណ្ណោះ មុនពេលសភាថៃគ្រោងបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
ទីបំផុត លោក ប្រាយុទ្ធ ប្រកាសដើរចេញពីជីវិតនយោបាយ ក្រោយកាន់អំណាចបាន៩ឆ្នាំ

តាមរយៈទំព័រហ្វេបុកផ្លូវការរបស់គណបក្សរួបរួមជាតិថៃ, លោក ប្រាយុទ្ធ ចាន់អូចា ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍ មុនពេលក្លាយជាអ្នកនយោបាយ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋថៃ ដែលបានគាំទ្ររូបលោក និងក្រុមអ្នកនយោបាយរបស់លោក ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ឧសភា។

លោក ប្រាយុទ្ធចាន់អូរចារ បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីនយោបាយ ដោយលាលែងពីសមាជិកភាពក្នុងគណបក្សរួបរួមជាតិថៃ។ យោងតាមលទ្ធផលឆ្នោត គណបក្សរបស់លោកទទួលបានតែ ៣៦ អាសនៈប៉ុណ្ណោះ ក្នុងចំណោមអាសនៈសរុបចំនួន៥០០នៅក្នុងរដ្ឋសភា។ លោកនាយករដ្ឋមន្ត្រីចាំផ្ទះថៃរូបនេះ បានសំណូមពរឱ្យប្រធានគណបក្ស នាយកប្រតិបត្តិគណបក្ស និង សមាជិកបក្ស បន្តសកម្មភាពនយោបាយរបស់ខ្លួនជាមួយនឹងមនោគមវិជ្ជាឥតប្រែប្រួល, ការពារជាតិ សាសនា និងព្រះមហាក្សត្រ, ព្រមទាំងយកចិត្តទុកដាក់ចំពោះប្រជាជនថៃ។

សូមរំលឹកថា ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា ក្នុងឆ្នាំ២០១៤, លោក ប្រយុទ្ធ ចាន់អូចា ដែលជាអ្នកគាំទ្ររបបរាជានិយម បានកាន់អំណាចតាំងពីពេលនោះមក រហូតដល់ឆ្នាំ២០១៩ ជាពេលដែលមានការបោះឆ្នោតសកលក្រោមរដ្ឋធម្មនុញ្ញថ្មីដែលកែប្រែដោយក្រុមយោធា។ នៅពេលនោះ គាត់គឺជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្សគាំទ្ររបបយោធា ផាឡាង ប្រាឆារ៉ាត់ (Palang Pracharat)។ គណបក្សនេះបានបង្កើតរដ្ឋាភិបាលជាមួយនឹងសម្ព័ន្ធមិត្តនយោបាយរបស់ខ្លួនផ្សេងទៀត បើទោះបីជាពេលនោះ គណបក្សប្រឆាំង ភឿថៃ បានឈ្នះអាសនៈភាគច្រើនបំផុតនៅក្នុងសភាក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំនេះ គណបក្សថ្មីរបស់លោកប្រាយុទ្ធ គឺគណបក្សរួបរួមជាតិថៃ បានចាញ់ការបោះឆ្នោតដ៏ធ្ងន់លើសពីការរំពឹងទុក បើធៀបនឹងគណបក្សប្រឆាំងថ្មី គឺបក្សឆ្ពោះទៅមុខ និងបក្សភឿថៃ ដែលទទួលបានអាសនៈរៀងគ្នា ១៥១ និង១៤១។

ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបាន បក្សប្រឆាំងធំៗទាំងពីរបានព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធភាពជាមួយបក្សតូចៗប្រាំមួយផ្សេងទៀត ដែលបូកសរុបពួកគេមាន៣១២អាសនៈ។ គេនឹងរង់ចាំមើលថា តើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ភីថា លីមចារឿនរ៉ាត់ នឹងត្រូវបានសភាថៃអនុម័តតែងតាំងក្នុងការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ដើម្បីជំនួសតំណែងរបស់លោក ប្រាយុទ្ធ ចាន់អូចា ឬយ៉ាងណា ខណៈដែលលោកត្រូវការសំឡេងគាំទ្របន្ថែមពីយោធា ក៏ដូចជាពីអ្នករាជានិយម ដែលមិនសូវចូលចិត្តរូបលោករឿងចង់កែមាត្រាច្បាប់ប្រមាថព្រះមហាក្សត្រនោះ៕




អត្ថបទបន្ទាប់


ធនាគារសិង្ហបុរី UOB នឹងបិទគណនីក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា ក្រោយពីលេចឭរឿងជួញដូរអាវុធនិងវត្ថុធាតុដើម

ព័ត៌មាន
ធនាគារយូអូប៊ី (UOB) របស់ប្រទេសសិង្ហបុរី នឹងបិទគណនីទាំង៥របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា (MAI) នៅថ្ងៃទី១៥ ខែសីហា ក្រោយពីមា…

ណាតូបង្ហាញច្បាស់ថា«អនាគតរបស់អ៊ុយក្រែនគឺនៅជាមួយណាតូ» ខណៈលោកហ្សេលេនស្គីខកចិត្តយ៉ាងខ្លាំងថា មិនដឹងពេលណា

ព័ត៌មាន
ក្រោយកិច្ចប្រជុំកំពូលនៅទីក្រុង Vilnius ប្រទេសលីទុយអានី មេដឹកនាំណាតូបានសម្រេចចេញសេចក្តីប្រកាសមួយថា «អនាគតរបស់អ៊ុយក្រែនគឺស្ថិតនៅជាមួយសម្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ