របាយការណ៍សិក្សាមួយរបស់សមាគមពាណិជ្ជកម្មលក់រាយអាម៉េរិក (NRF) បានបញ្ជាក់ថា ផែនការពន្ធគយដ៏ចម្រូងចម្រាសដែលលោក ដូណាល់ ត្រាំ បានស្នើឡើងនឹងជះផលផលប៉ះពាល់ដល់ផលិតផលប្រើប្រាស់ជាច្រើនប្រភេទដូចជាសម្លៀកបំពាក់ ប្រដាប់ក្មេងលេង គ្រឿងសង្ហារិម សម្ភារប្រើប្រាស់ ស្បែកជើង និងទំនិញធ្វើដំណើរជាដើម ជាពិសេសប៉ះពាល់ដល់ទំនិញដែលប្រទេសចិន ជាអ្នកផ្គត់ផ្គង់។
អតិថិជនជាអ្នកប្រើប្រាស់បានចាប់ផ្ដើមរឹតត្បិតការចំណាយរបស់ខ្លួនរួចទៅហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកំពុងពិចារណាកាត់បន្ថយការចំណាយមិនចាំបាច់បន្ថែមទៀត ដែលនឹងជះផលប៉ះពាល់ដល់ការលក់របស់បណ្ដាក្រុមហ៊ុនលក់រាយ និងក្រុមហ៊ុនលក់ទំនិញប្រើប្រាស់នៅសហរដ្ឋអាម៉េរិក។
លោក ចូណាថាន់ ហ្គោល (Jonathan Gold) អនុប្រធានសមាគមពាណិជ្ជកម្មលក់រាយអាម៉េរិក (NRF) ទទួលបន្ទុកផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលនយោបាយពន្ធគយ បានលើកឡើងថា អ្នកលក់រាយពឹងផ្អែកយ៉ាងខ្លាំងលើផលិតផលនាំចូល និងគ្រឿងបង្គុំដើម្បីផ្ដល់ជម្រើសសម្បូរបែបដែលមានតម្លៃសមរម្យសម្រាប់អតិថិជន។
ទោះជាយ៉ាងណា ប្រសិនបើពន្ធគយលើទំនិញនាំចូលត្រូវបានអនុវត្តតាមសំណើរបស់លោក ដូណាល់ ត្រាំ មែននោះ វានឹងជះផលប៉ះពាល់ដល់គ្រួសារ ដែលមានចំណូលទាបកាន់តែខ្លាំង ព្រោះការដំឡើងពន្ធលើទំនិញនាំចូលនឹងធ្វើឱ្យទំនិញហក់ឡើងថ្លៃកាន់តែខ្ពស់។
កាលពីខែមុន សមាគមពាណិជ្ជកម្មលក់រាយអាម៉េរិក (NRF) បានព្យាករថា ការលក់អំឡុងរដូវកាលបុណ្យឈប់សម្រាកនៅសហរដ្ឋអាម៉េរិក នឹងកើនឡើង៣,៥% ឈានដល់៩៨៩ពាន់លានដុល្លារ ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ដែលជាកំណើនយឺតបំផុតក្នុងរយៈពេល៦ឆ្នាំមកនេះ។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីខែសីហា ឆ្នាំ២០២៣ បានស្នើកំណត់ពន្ធគយជាសកល១០% លើទំនិញនាំចូលពីគ្រប់ប្រទេសទាំងអស់ ហើយបានប្រកាសកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ថា សហរដ្ឋអាម៉េរិក នឹងដំឡើងពន្ធចន្លោះពី៦០% រហូតទៅ១០០% លើទំនិញនាំចូលពីប្រទេសចិន៕
ដោយ: តែម សុខុម