បើតាមការចុះផ្សាយរបស់ Asia Nikkei បានឲ្យដឹងទៀតថា ជប៉ុនដែលមានទំនាក់ទំនងរកស៊ីជិតស្និតជាមួយមីយ៉ាន់ម៉ាបានបង្ហាញក្តីបាម្ភពីរបៀបដឹកនាំរបស់យោធា ដែលអាចជះឥទ្ធិពលដល់កិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ លើគោលនយោបាយរូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ធនាគារកណ្តាលជប៉ុនព្រួយថា រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាអាចធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការរូបិយវត្ថុអន្តរជាតិ។
មីយ៉ាន់ម៉ាក្នុងប៉ុន្មានឆ្នាំចុងក្រោយ ទាក់ទាញបានអ្នកវិនិយោគជាច្រើនពីជប៉ុន ខណៈក្រុមហ៊ុនជប៉ុនវិញរំពឹងថាទីផ្សារក្នុងស្រុកនឹងរីកចម្រើនយ៉ាងឆាប់រហ័សនៅពេលមីយ៉ាន់ម៉ាដើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ។
សូមជម្រាបជូនថា គិតត្រឹមពាក់កណ្តាលខែកុម្ភៈនេះ ស្ថានការណ៍អាក្រក់នៅមីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយដោយពួកយោធា ផ្តើមដាក់ចេញវិធានការណ៍បង្រ្កាបបាតុករដែលប្រឆាំងនឹងខ្លួនកាន់តែខ្លាំងឡើងៗ ដោយបានបញ្ចេញក្រុមទាហាន អមជាមួយនឹងរថពាសដែកជាច្រើន។ ការប៉ះទង្គិចគ្នារវាងប៉ូលីសនិងបាតុករ ក៏បានកើតឡើងជារឿយៗដែរ ដោយបានបណ្តាលឲ្យភាគីទាំងសងខាងរងរបួស។
សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិកដែលតែងតែប្រឆាំងនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ាតាំងពីដំបូងមកនោះ បានសម្រេចដាក់ទណ្ឌកម្មលើពួកយោធាមីយ៉ាន់ម៉ាហើយ ជុំវិញការធ្វើរដ្ឋប្រហារនេះ ខណៈដែលប្រទេសចិនដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់មីយ៉ាន់ម៉ា នៅបន្តភាពស្ងាត់ស្ងៀមដដែល៕