លោកឧត្តមសេនីយ មីន អោងលាំង (Min Aung Hlaing) ប្រមុខដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានសារព័ត៌មានរាយការណ៍ថា បានវិលត្រឡប់មកមាតុប្រទេសវិញប្រកបដោយផ្លែផ្កាពីដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិន ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ និងបានចូលកាន់កាប់អំណាចនៅ មីយ៉ាន់ម៉ា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មក។ នៅក្នុងដំណើរទស្សនកិច្ចនោះ មេដឹកនាំយោធារូបនេះ បានជួបជាមួយនឹងមេដឹកនាំចិន ជាម្ចាស់ផ្ទះ មេដឹកនាំថៃ និងមេដឹកនាំកម្ពុជា ផងដែរ។ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រមុខយោធាមីយ៉ាន់ម៉ា រូបនេះ បានចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ ដែលមានតំណាងប្រទេសចិន និងប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន៥។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ប្រមុខយោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា ចិននឹងគាំទ្ររដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ លោក ក៏បានជួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកាន់តែជិតស្និទ្ធ និងការបោះឆ្នោត ដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងនឹងរៀបចំនៅឆ្នាំក្រោយ។
នៅពេលនេះប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃសណ្តាប់ធ្នាប់សាធារណៈ និងការធ្លាក់ចុះសេដ្ឋកិច្ចចាប់តាំងពីយោធាបានឡើងកាន់អំណាច។ របបយោធាកំពុងការពារប្រឆាំងនឹងការបះបោរដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានចាប់ផ្តើមនៅក្នុងខេត្ត សាន (Shan) កាលពីខែតុលា ឆ្នាំ២០២៣ ហើយបានរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។
នៅក្នុងស្ថានភាពបែបនេះ អ្នកវិភាគបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា ទៅប្រទេសចិន លើកនេះ ជាផ្នែកមួយ ដើម្បីបង្ហាញថា មីយ៉ាន់ម៉ាមានទំនុកចិត្ត និងមានការគាំទ្រពីប្រទេសជិតខាង។ ប្រទេសចិន និងសមាជិកមួយចំនួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហាក់ដូចជាមានក្តីសង្ឃឹមក្នុងការស្តារឡើងវិញនូវសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលនៅក្នុងប្រទេសមីយ៉ាន់ម៉ា កងកម្លាំងប្រឆាំងរដ្ឋាភិបាល កំពុងបង្កើនការតស៊ូរបស់ពួកគេ៕
ដោយៈ សរ សុជាតិ