វ៉ាក់សាំងដែលមីយ៉ាន់ម៉ាទទួលបាននេះជាប្រភេទវ៉ាក់សាំង Astra Zeneca ដែលទទួលបានសិទ្ធិផលិតដោយវិទ្យាស្ថាន Serum របស់ឥណ្ឌា។ បន្ថែមពីលើនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងនេះពីឥណ្ឌាចំនួន ៣០លានដូសទៀតរួចហើយដែរ។
នេះជាលើកទី១ហើយដែលប្រទេសមីយ៉ានម៉ាផ្តើមចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ដែលជំហានដំបូងត្រូវបានផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល និងបន្ទាប់មកនៅថ្ងៃទី៥កុម្ភៈ សម្រាប់ពលរដ្ឋដែលរស់នៅតំបន់មានហានិភ័យឆ្លងខ្ពស់ព្រមទាំងអ្នក ដែលមានសុខភាពខ្សោយ។
មួយថ្ងៃមុនពេលវ៉ាក់សាំងមកដល់ ទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់បុគ្គលិកសុខាភិបាល ដែលកំពុងធ្វើការនៅជួរមុខគេ ក៏ដូចជាមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាផងដែរ»។
កន្លងមករដ្ឋាភិបាលចិនធ្លាប់បានសន្យាថា នឹងផ្តល់វ៉ាក់សាំងដល់មីយ៉ាន់ម៉ាចំនួន ៣០ម៉ឺនដូសតែដោយសារតែ រងចាំយូរពេកមិនឃើញចិនផ្តល់ឲ្យ ទើបមីយ៉ាន់ម៉ាក៏សម្រេចចិត្តប្រើប្រាស់វ៉ាក់សាំងឥណ្ឌាតែម្តង។
ប្រទេសម៉ាល់ឌីវ បង់ក្លាដែស ប៊ូតាន និងនេប៉ាល់ ក៏សុទ្ធតែទទួលបានវ៉ាក់សាំងពីឥណ្ឌាដែរ ពោលគឺនៅប៉ុន្មានថ្ងៃមុន ពេលដែលមីយ៉ាន់ម៉ាទទួលបាននេះ។
សូមបញ្ជាក់ថា ប្រទេសមីយ៉ានម៉ាមានអ្នកឆ្លងកូវីដ១៩សរុបជាង ១៣ម៉ឺន៨ពាន់អ្នក និងបានឆក់យកជីវិតមនុស្សអស់ចំនួនជាង ៣ពាន់នាក់៕