របបសឹកមីយ៉ាន់ម៉ា

របបសឹកមីយ៉ាន់ម៉ាបានសម្រេចកាត់ទោសប្រហារជីវិតសកម្មជនគាំទ្រប្រជាធិបតេយ្យចំនួន ៤ នាក់


អាជ្ញាធរយោធាមីយ៉ាន់ម៉ា អះអាងថា ពួកគេបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤ នាក់ដែលត្រូវបានចោទប្រកាន់ថា បានជួយអនុវត្ត«អំពើភេរវកម្ម» ដែលវាបានបង្ហាញពីការអនុវត្តច្បាប់ប្រហារជីវិតលើកដំបូងមិនធ្លាប់មានក្នុងប្រទេសនេះ គិតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ខណៈដែលអង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏បានប្រតិកម្មខ្លាំងចំពោះការកាត់ទោសប្រហារជីវិតនេះផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដែលបានរាយការណ៍នៅថ្ងៃចន្ទនេះ។
របបសឹកមីយ៉ាន់ម៉ាបានសម្រេចកាត់ទោសប្រហារជីវិតសកម្មជនគាំទ្រប្រជាធិបតេយ្យចំនួន ៤ នាក់

អ្នកទាំង៤នាក់នេះ ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងខែមករា កន្លងទៅ នៅក្នុងការកាត់ក្តីបិទទ្វារមួយដោយចោទពួកគេថា បានជួយកងជីវពលក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន និងបានបើកការបង្ក្រាបយ៉ាងបង្ហូរឈាមទៅលើគូប្រជែងរបស់ខ្លួន។

ការប្រហារជីវិតតាមការគ្រោងទុកនេះបានរងការថ្កោលទោសជាអន្តរជាតិដោយអ្នកជំនាញរបស់អង្គការសហប្រជាជាតិចំនួន ២ នាក់បានហៅការកាត់ទោសនេះថាជា«ការប៉ុនប៉ងដ៏អាក្រក់ក្នុងការបង្កការភ័យខ្លាច»ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។

កាសែត Global New Light of Myanmar បាននិយាយថា អ្នកដែលត្រូវបានប្រហារជីវិតនោះរួមមានឥស្សរជនប្រជាធិបតេយ្យលោក ក្យាវ មីន យូ (Kyaw Min Yu) ហៅថាលោក Jimmy និងអតីតសមាជិកសភា និងសិល្បករតន្ត្រីលោក ផ្យូ ហ្សេយ៉ា ថាវ (Phyo Zeya Thaw)។

លោក Kyaw Min Yu អាយុ ៥៣ ឆ្នាំ និងលោក Phyo Zeya Thaw អាយុ ៤១ ឆ្នាំដែលជាសម្ព័ន្ធមិត្តរបស់មេដឹកនាំមីយ៉ាន់ម៉ាគឺលោកស្រី Aung San Suu Kyi នោះបានចាញ់ក្ដីផ្ដល់នៅឧទ្ទរណ៍ កាលពីខែមិថុនា។ ចំណែក បុរស ដែលត្រូវបានកាត់ទោស២នាក់ទៀតគឺលោក ឡា ម្យ៉ូ អ៊ុង (Hla Myo Aung) និង លោក អុង ធូរ៉ា ហ្សាវ (Aung Thura Zaw) ។

កាសែតមីយ៉ាន់ម៉ានេះបានរាយការណ៍ទៀតថា អ្នកទាំង៤នេះត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រឆាំងភេរវកម្ម និងក្រមព្រហ្មទណ្ឌ ហើយការកាត់ទោសនេះត្រូវបានអនុវត្តតាមនីតិវិធីពន្ធនាគារដោយមិនបានបញ្ជាក់លម្អិតនោះទេ។

ក្នុងពេលកន្លងមកនេះប្រទេសមីយ៉ាន់ម៉ាបានអនុវត្តទោសប្រហារជីវិតដោយការព្យួរក ហើយបើតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) នៅមីយ៉ាន់ម៉ាដែលជាក្រុមសកម្មជនមួយនោះបាននិយាយថា ការកាត់ទោសប្រហារជីវិតចុងក្រោយនៅប្រទេសមីយ៉ាន់ម៉ាគឺបានកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ម្ល៉េះ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុនបង្កឱ្យមានជម្លោះរីករាលដាលនៅពាសពេញប្រទេសនេះ បន្ទាប់ពីកងទ័ពបានបង្ក្រាបការតវ៉ាដែលធ្វើដោយសន្តិភាពភាគច្រើននៅតាមទីក្រុងមួយចំនួន។

សមាគមជំនួយអ្នកទោសនយោបាយ AAPP បាននិយាយថា មនុស្សជាង ២ ១០០ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលចាប់តាំងពីការធ្វើរដ្ឋប្រហារជាតួលេខមួយដែលរបបយោធានិយាយថា ជាការបំផ្លើសទាំងស្រុង។

រូបភាពពិតនៃអំពើហិង្សាបានធ្វើឱ្យគេលំបាកនឹងវាយតម្លៃចាប់តាំងពីការប៉ះទង្គិចគ្នាបានរីករាលដាលដល់តំបន់ដាច់ស្រយាលកាន់តែច្រើនដែលក្រុមបះបោរជនជាតិភាគតិចក៏កំពុងតែប្រយុទ្ធជាមួយយោធាផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យកសិកម្មនៅតែមានភាពធន់ និងមានសុវត្ថិភាពជាងវិស័យផ្សេងៗ សម្រាប់ការផ្ដល់ឥណទាននៅអំឡុងពេលកូវីដ១៩

អ្នកជំនាញនៅក្នុងវិស័យធនាគារនៅកម្ពុជា ក៏បានអះអាងដែរថា វិស័យកសិកម្មជាវិស័យដែលមានភាពធន់ និងមានសុវត្ថិភាពជាងវិស័យផ្សេងៗទៀត នៅអំឡុងពេលវ…

ក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរវៀតណាមបារម្ភពីការធ្លាក់ចុះប្រាក់ចំណេញ ខណៈការបញ្ជាទិញថមថយចុះ

វិស័យវាយនភណ្ឌ កាត់ដេរវៀតណាម នៅឆមាសទី២នេះ កំពុងប្រឈមនឹងស្ថានភាពមិនសូវល្អប្រសើរនោះទេ។ តួយ៉ាង ក្រុមហ៊ុនវាយនភណ្ឌ កាត់ដេរនៅក្នុងប្រទេសនេះជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ