សេដ្ឋកិច្ចចិនឆ្នាំ២០២២

តើសេដ្ឋកិច្ចចិនឆ្នាំ២០២២ នឹងប្រែប្រួល ឬជួបកត្តាប្រឈមអ្វីខ្លះ?


ការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២២ ទាមទារឲ្យរដ្ឋអំណាចក្រុងប៉េកាំង អនុវត្តនូវវិធានការ និងគោលនយោបាយថ្មី ស្របពេលដែលសេដ្ឋកិច្ចចិនកំពុងមានកំណើនយឺតនៅចុងឆ្នាំ២០២១នេះ ដែលបណ្តាលឲ្យមានក្តីបារម្ភចំពោះភាពមិនច្បាស់លាស់ លើការអភិវឌ្ឍប្រទេសជាតិនៅឆ្នាំក្រោយ។ នេះបើតាមការព្រមានពី ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលចិនកាលពីពេលថ្មីៗនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
លោក យ៉ាង វ័យម៊ីន អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងនយោបាយ របស់បក្សកុម្មុយនិស្តចិន

លោក យ៉ាង វ័យម៊ីន អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងនយោបាយ របស់បក្សកុម្មុយនិស្តចិន បានណែនាំថា អ្នករៀបចំគោលនយោបាយរបស់រដ្ឋាភិបាលប៉េកាំង គួរតែបង្កើតគោលនយោបាយគាំទ្រឲ្យបានច្រើនសម្រាប់ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹង ការធ្លាក់ចុះនៃសេដ្ឋកិច្ច និង ការកើនឡើងនៃបញ្ហាប្រឈមផ្នែកខាងក្រៅ។

ជាងនេះទៅទៀត លោកបាននាំណែថា ដើម្បីរក្សាសន្ទុះនៃការងើបឡើងវិញនៅឆ្នាំក្រោយ ក្រុងប៉េកាំង គួរតែខិតខំប្រឹងប្រែងឲ្យបានខ្លាំង ដើម្បីរក្សាស្ថិរភាពអត្រាកំណើន ព្រោះថា ការអភិវឌ្ឍដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ចាំបាច់ ត្រូវមានកំណើនសេដ្ឋកិច្ចថេរ ឬក្នុងអត្រាសមហេតុសមផលមួយ ជៀសវាងការងើបឡើងនិងធ្លាក់ចុះ គ្មានលំនឹងច្បាស់លាស់។

ទន្ទឹមនឹងការណែនាំនេះ លោក យ៉ាង វ័យម៊ីន ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលចិនរូបនេះ ក៏បានព្រមានថា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំក្រោយអាចជាបញ្ហាប្រឈមធំបំផុតមួយរបស់រដ្ឋាភិបាលលោកស៊ី ជីនពីង។ លោកអះអាងយ៉ាងដូច្នេះ ក៏ដោយសារតែលោកបានសង្កេតឃើញពីកំណើនយឺតជាងការរំពឹងទុករបស់សេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០២១។ 

គួរជម្រាបថា សេដ្ឋកិច្ចចិននៅត្រីមាសទី៣ឆ្នាំនេះ បានធ្លាក់ចុះច្រើនមែនទែន បើធៀបនឹងត្រីមាសដំបូង។ ពោលសេដ្ឋកិច្ចចិនមានកំណើនរហូតដល់ជាង ១៨% ក្នុងរយៈពេលបីខែដំបូងឆ្នាំ ២០២១ ប៉ុន្តែបានធ្លាក់ចុះមកនៅត្រឹមកំណើន តែជិត៥%ប៉ុណ្ណោះក្នុងត្រីមាសទី៣ឆ្នាំនេះ ខណៈត្រីមាសចុងក្រោយសេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថា នឹងបន្តមានកំណើនយឺតជាងនេះទៀត។

ធនាគារចិន Bank of China ដែលជាធនាគារធំ១ ក្នុងចំណោមធនាគារធំៗទាំង៤ដែលគ្រប់គ្រងដោយរដ្ឋចិន កាលពីសប្តាហ៍មុនបានព្យាករសេដ្ឋកិច្ចចិននៅឆ្នាំក្រោយ ថានឹងមានកំណើនប្រមាណ៥%ប៉ុណ្ណោះ តិចជាងការព្យាកររបស់ IMF ដែលប៉ាន់ស្មានថា ចិននឹងមានកំណើនសេដ្ឋកិច្ច ៥,៥%នៅឆ្នាំ២០២២។

សូមជម្រាបថា ចិនជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់តាំងពីកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង ហានិភ័យហិរញ្ញវត្ថុ ដែលបណ្តាលមកពីបញ្ហាបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំ Evergrande និងទំនាក់ទំនងពាណិជ្ជកម្មមិនល្អជាមួយរដ្ឋបាលលោក ចូ បៃឌិនជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមេរោគបំប្លែងថ្មីអូមីក្រុង នឹងបង្ករាំងស្ទះដល់វិស័យធនាគារ និងហិរញ្ញវត្ថុឆ្នាំ២០២២ ដែរឬយ៉ាងណា?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានទំនុកចិត្ត ភាពជឿជាក់ខ្ពស់ចំពោះការរីកលូតលាស់ នៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្…

អូមីក្រុង ទាញទម្លាក់ទីផ្សារភាគហ៊ុនសកលលោកធ្លាក់ចុះ ៣,៧ទ្រីលានដុល្លារនៅ១សប្ដាហ៍កន្លងមកនេះ

ព័ត៌មាន
ទីផ្សារមូលធនសកលលោក បានធ្លាក់ចុះតម្លៃ ៣,៧ទ្រីលានដុល្លារអាមេរិក ឬស្មើនឹងអត្រាធ្លាក់ចុះ ៣% នៅអំឡុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ខណៈពេលដែលមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ