ក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរវៀតណាមបារម្ភពីការធ្លាក់ចុះប្រាក់ចំណេញ!

ក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរវៀតណាមបារម្ភពីការធ្លាក់ចុះប្រាក់ចំណេញ ខណៈការបញ្ជាទិញថមថយចុះ


វិស័យវាយនភណ្ឌ កាត់ដេរវៀតណាម នៅឆមាសទី២នេះ កំពុងប្រឈមនឹងស្ថានភាពមិនសូវល្អប្រសើរនោះទេ។ តួយ៉ាង ក្រុមហ៊ុនវាយនភណ្ឌ កាត់ដេរនៅក្នុងប្រទេសនេះជាច្រើន បច្ចុប្បន្ន កំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណេញ នៅក្នុងឆមាសទី២ ដោយសារតែចំនួនបញ្ជាទិញថ្មីៗពីក្រៅប្រទេសមានការថយចុះ តាំងតែពីពាក់កណ្ដាលត្រីមាសទី២មកម្ល៉េះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express ។
ក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរវៀតណាមបារម្ភពីការធ្លាក់ចុះប្រាក់ចំណេញ ខណៈការបញ្ជាទិញថមថយចុះ

បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សហគ្រាសភាគច្រើន បានទទួលការបញ្ជាទិញ សម្រាប់ផលិតកម្ម មានរហូតដល់ត្រីមាសទី៣ ឬត្រឹមខែតុលាប៉ុណ្ណោះ។

សម្ទុះកំណើននៅក្នុងឧស្សាហកម្មវាយនភណ្ឌ កាត់ដេររបស់វៀតណាម បានបង្ហាញពីការថមថយ តាំងតែពីត្រីមាសទី២ឆ្នាំ២០២២មក នៅពេលដែលទីផ្សារនាំចេញធំៗ ដូចជាអាមេរិក និងអឺរ៉ុប បានធ្លាក់ចូលក្នុងបញ្ហាអតិផរណា។ ជាលទ្ធផល វាបានធ្វើឲ្យ ការបញ្ជាទិញថ្មីៗ នៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរវៀតណាម បានធ្លាក់ចុះ ហើយអតិថិជនក៏បានបន្ថយរយៈពេលបញ្ជាទិញពី៦ខែ មកនៅត្រឹម៣ខែផងដែរ។

ក្រុមហ៊ុនឯកទេសផលិតសម្លៀកបំពាក់ម៉ាកសម្រាប់កុមារមួយកន្លែងនៅក្នុងទីក្រុង ដុងណៃ ប្រទេសវៀតណាមបានអះអាងថា ការទទួលបានការបញ្ជាទិញរបស់ពួកគេបានធ្លាក់ចុះពី២០% ទៅ៣០% នៅក្នុងរយៈពេល២ខែចុងក្រោយនេះ ខណៈដែលពីមុនក្រុមហ៊ុននេះ ធ្លាប់ទទួលបានការបញ្ជាទិញសម្លៀកបំពាក់ចន្លោះពី ៨ម៉ឺន ទៅ១០ម៉ឺនសម្រាប់ ក្នុងមួយខែៗពីដៃគូនៅសហរដ្ឋអាមេរិក។

អ្នកជំនួញនៅក្នុងវិស័យនេះ អះអាងថា ស្ថានភាពនេះ នឹងមិនប្រសើរឡើងវិញនៅក្នុងរយៈពេលខ្លីនោះទេ ប្រសិនបើបញ្ហាអតិផរណានៅអាមេរិក នៅតែបន្ដមានធ្ងន់ធ្ងរ ដោយបង្ខំឲ្យប្រជាជនដាក់កំហិតលើការចំណាយសម្រាប់ទំនិញដែលមិនចាំបាច់នោះ។

ការថយចុះនៃការបញ្ជាទិញវាយនភណ្ឌ និងកាត់ដេរ ភាគច្រើនដោយសារតែការប្រើប្រាស់យឺតនៅក្នុងទីផ្សារធំៗ ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំង ការកើនឡើងស្ដុកទំនិញរបស់អ្នកនាំចូល និងសម្ពាធអតិផរណាខ្ពស់នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២ ហើយអាចបន្ដដល់ដើមឆ្នាំ២០២៣ផងដែរ។

ក្រុមវាយនភណ្ឌ និងកាត់ដេរវៀតណាម (Vinatex) និងក្រុមហ៊ុនមូលបត្រ Rong Viet Securities បានព្យាករថា តម្រូវការសម្រាប់ផលិតផលវាយនភណ្ឌ និងកាត់ដេរ នៅក្នុងឆមាសទី២ឆ្នាំនេះ នឹងធ្លាក់ចុះ ដោយសារតែ ការបញ្ជាទិញមានលើសតម្រូវការប្រើប្រាស់ ហើយបញ្ហាអតិផរណា នឹងធ្វើអ្នកប្រើប្រាស់កាត់បន្ថយចំណាយលើផលិតផលមិនចាំបាច់កាន់តែច្រើន ពិសេសការចំណាយលើម៉ាកផលិតផលល្បីៗនេះតែម្ដង។

លើសពីនេះ ផលប៉ះពាល់ទ្វេដងនៃការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ក្រោយជំងឺរាតត្បាត និងជម្លោះរុស្ស៊ី-អ៊ុយក្រែន បានជំរុញឱ្យតម្លៃវត្ថុធាតុដើម សម្រាប់ឧស្សាហកម្មកាត់ដេរ ជាពិសេសក្រណាត់ និងកប្បាស កើនឡើងប្រហែល ៧ ទៅ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ បញ្ហាកង្វះកម្លាំងពលកម្មក្រោយការរាតត្បាត ការបង្កើនថ្លៃដឹកជញ្ជូន និងថ្លៃពលកម្មដែលបណ្តាលមកពីការដំឡើងថ្លៃប្រេងឥន្ធនៈ បានជះឥទ្ធិពលអវិជ្ជមានដល់ខ្សែចង្វាក់ផ្គត់ផ្គង់វាយនភណ្ឌ និងកាត់ដេរទាំងមូល រាប់តាំងពីក្រុមហ៊ុនផលិតរហូតដល់អ្នកលក់រាយផងដែរ។

ក្រោយមើលឃើញពីបញ្ហានៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ក៏ដូចជាទីផ្សារបញ្ជាទិញ ក្រុមហ៊ុនធំមួយរបស់វៀតណាម Song Hong Garment Jsc បានប៉ាន់ប្រមាណប្រាក់ចំណេញមុនបង់ពន្ធរបស់ខ្លួននឹងមានត្រឹមជាង ២០លានដុល្លារប៉ុណ្ណោះ នៅឆ្នាំ២០២១ ថយចុះប្រហែល៨% ធៀបនឹងឆ្នាំមុន។

សូមមបញ្ជាក់ថា បើតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរវៀតណាមនៅក្នុងឆមាសទី១ ឆ្នាំ២០២២ សម្រេចបានជាង ២២ពាន់លានដុល្លារ កើនឡើងប្រហែល២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


របបសឹកមីយ៉ាន់ម៉ាបានសម្រេចកាត់ទោសប្រហារជីវិតសកម្មជនគាំទ្រប្រជាធិបតេយ្យចំនួន ៤ នាក់

ព័ត៌មាន
អាជ្ញាធរយោធាមីយ៉ាន់ម៉ា អះអាងថា ពួកគេបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤ នាក់ដែលត្រូវបានចោទប្រកាន់ថា បានជួយអនុវត្ត«អំពើភេរវកម្ម»…

អាមេរិក នឹងដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកតាមប្រព័ន្ធវីដេអូនៅសប្ដាហ៍នេះ

ព័ត៌មាន
សហរដ្ឋអាមេរិក កំពុងស្វែងរកការពង្រីកទំនាក់ទំនងកាន់តែខ្លាំងក្លាជាមួយប្រទេសសំខាន់ៗនៅក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងរះត្រដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ