មីយ៉ាន់ម៉ាច្រានចោលការចោទប្រកាន់របស់អាមេរិក

មីយ៉ាន់ម៉ាច្រានចោលការចោទប្រកាន់របស់អាមេរិក ជុំវិញនឹងរឿងអំពើប្រល័យពូជសាសន៍


រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានច្រានចោលការចាត់ទុករបស់អាមេរិកចំពោះការគាបសង្កត់ទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយយោធាមីយ៉ាន់ម៉ាថា ជាអំពើប្រល័យពូជសាសន៍។ ប្រទេសមីយ៉ាន់ម៉ាអះអាងថា ខ្លួន មិនដែលចូលរួមក្នុងសកម្មភាពប្រល័យពូជសាសន៍ណាមួយឡើយ ដូចការចោទប្រកាន់របស់អាមេរិកនោះទេ។ នេះបើតាមការររាយការណ៍ពីរ៉យទ័រ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅលើទូកភៀសខ្លួន

ក្រសួងការបរទេស​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី ២៣ ខែមីនា​ថា "​ការ​រៀបរាប់​នៅ​ក្នុង​សុន្ទរកថា របស់​រដ្ឋមន្ត្រី​ការ​បរទេស​អ​មេ​រិ​ក​នោះ ដែល​ថា​មី​យ៉ា​ន់​ម៉ា​មាន​ប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍​នោះ គឺ​ខុស​ឆ្ងាយ​ពី​ការ​ពិត ហើយ​ឯកសារយោង​ភ្ជាប់​ក្នុង​ខ្លឹមសារ​នោះ ក៏​បាន​មក​ពី​ប្រភព​ដែល​មិន​គួរ​ឱ្យ​ទុកចិត្ត និង​មិន​អាច​ផ្ទៀងផ្ទាត់​បាន​ផង​ដែរ​។

ការ​ឆ្លើយ​តប​របស់​មី​យ៉ា​ន់​ម៉ា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក អង់​តូ​នី ប្លី​ន​ខិ​ន (Antony Blinken) បាន​លើក​ឡើង​កាលពីដើម​ស​ប្ដា​ហ៍​នេះ​ថា យោធា​មី​យ៉ា​ន់​ម៉ា កំពុង​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​ទៅ​លើ​ជនជាតិភាគតិច​មូ​ស្លី​ម ហើយ​អំពើ​នេះ​គឺ​មាន «​លក្ខណៈ​រីក​រាលដាល​និង​ជា​ប្រព័ន្ធ​»​។

ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក​ចាត់​ថ្នាក់​អំពើ​ឃោ​ឃៅ​នេះ​ថា ជា​អំពើ​ប្រល័យពូជសាសន៍​នោះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ឯកសារ​លម្អិត​ដែល​ចងក្រង​ដោយ​អង្គការសិទ្ធិមនុស្ស និង​ប្រភព​មិន​លម្អៀង​ផ្សេង​ទៀត និង​តាម​រយៈ​កិច្ច​ប្រឹងប្រែង​ស្វែងរក​ការ​ពិត​ផ្ទាល់​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​ផង​ដែរ​។ នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Blinken​។

ក្រសួងការបរទេស​មី​យ៉ា​ន់​ម៉ា​បាន​និយាយ​ថា ក្រសួង​នេះ​សូម​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​កត់សម្គាល់​របស់​លោក ប្លី​ន​ខិ​ន ដោយ​ចាត់​ទុក​ការ​ចាត់​ថ្នាក់​នេះ​ថា​ជា​«​ហេតុផល​នយោបាយ និង​មាន​ន័យ​ស្មើនឹង​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​របស់​មី​យ៉ា​ន់​ម៉ា​»​។

សូម​រំលឹក​ថា កាលពី​ឆ្នាំ​២០១៧ ជា​ពេល​ដែល​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ី​វិល​ដែល​ក្រោយមក​ត្រូវ​បាន​ផ្ដួលរំលំ​វិញ​នោះ យោធា​បាន​ធ្វើ​យុទ្ធនាការ​ស​ង្ក្រា​ប​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា ដែល​ភាគច្រើន​រស់នៅ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​នៅ​ភាគ​ខាងលិច​ប្រទេស​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៩ ពាន់ និង​ជាង ៧៤​ម៉ឺន​នាក់​ទៀត​បាន​បង្ខំចិត្ត​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាង​ដូច​ជា​បង់​ក្លា​ដេ​ស​។

តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ក្នុង​ឆ្នាំ​២០១៩ បាន​ចាប់ផ្តើម​សវនាការ​លើ​ការ​ចោទប្រកាន់​ពី​បទ​ធ្វើទុក្ខបុកម្នេញ និង​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ហើយ​នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត តុលាការ​នេះ​ក៏​បាន​ចេញ​ដីកា​បណ្តោះអាសន្ន​មួយ​សម្រាប់​ឱ្យ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ចាត់វិធានការ​គ្រប់យ៉ាង ដើម្បី​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ផង​ដែរ​។

សូម​បញ្ជាក់​ថា សវនាការ​ជុំវិញ​ករណី​ថា​តើ​ប្រទេស​យ៉ា​ន់​ម៉ា​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​មែនឬ​យ៉ាងនោះ​នឹង​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​ឡា​អេ​នៅ​ប្រទេស​ហូ​ឡង់​នា​ពេល​ខាង​មុខ​៕

អត្ថបទ​ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ច្បាប់ថ្មីហ្វីលីពីនអនុញ្ញាតឲ្យជនបរទេសអាចកាន់កាប់ភាគហ៊ុន១០០% លើធុរកិច្ចសំខាន់ៗក្នុងវិស័យមួយចំនួន

ព័ត៌មាន
ប្រធានាធិបតីហ្វីលីពីន លោក Duterte បានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ថ្មីមួយ ដោយអនុញ្ញាតឱ្យជនបរទេសអាចមានសិទ្ធិកាន់កាប់ភាគហ៊ុនទាំងស្រុងនៅក្…

រដ្ឋាភិបាលរុស្ស៊ីបិទ Facebook និង Instagram ក្រោមបទញុះញង់ប្រឆាំងរដ្ឋាភិបាល

ព័ត៌មាន
តុលាការរុស្ស៊ីនៅដើមសប្តាហ៍នេះ បានចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងបណ្តាញសង្គម Facebook និង Instagram របស់ក្រុមហ៊ុនអាមេរិក Meta ក្រោមច្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ