ចាប់តាំងពីរដ្ឋប្រហារតាំងពីឆ្នាំ ២០២១ កន្លងទៅ ប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពចលាចល និងភាពវឹកវរទូទាំងប្រទេស ដោយកងកម្លាំងយោធាបានបង្ក្រាបការតវ៉ាដោយសន្តិវិធីពីសំណាក់ប្រជាជននៅក្នុងទីក្រុងជាច្រើន ព្រមទាំងការប៉ះទង្គិចប្រដាប់អាវុធជាមួយក្រុមបំបែកខ្លួនដែលគាំទ្ររដ្ឋាភិបាលស្រមោលផងដែរ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់អាស៊ាន ដែលមានសមាជិកទាំង ១០ ប្រទេសបានយល់ព្រមលើ «ការឯកភាព» ទាំងប្រាំចំណុច ដើម្បីបញ្ចប់បញ្ហានៅមីយ៉ាន់ម៉ានេះ ប៉ុន្តែមានសញ្ញាតិចតួចណាស់ដែលរបបយោធានឹងអនុវត្តផែនការប្រាំចំណុច ដែលរួមមានការបញ្ចប់អំពើហិង្សា និងការសន្ទនាជាដើមនោះ។
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយនៅក្នុងសុន្ទរកថាមួយដែលបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋភូមាថា ប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីជម្នះបញ្ហាប្រឈមនៃការរាតត្បាតនៃមេរោគឆ្លងកូវីដ១៩ ខណៈកំពុងប្រឈមមុខនឹងអំពើហិង្សាផ្ទៃក្នុងផងដែរ។
លោក Min Aung Hlaing បាននិយាយថា «ដូច្នេះហើយ វាពិតជាពិបាកណាស់ក្នុងការអនុវត្តការឯកភាព ៥ ចំណុចរបស់អាស៊ាន ដោយសារអស្ថិរភាព ដោយលោកបានបន្ថែមថា លុះត្រាតែស្ថានការណ៍មានលក្ខណៈធម្មតាឡើងវិញ ទើបអាចដំណើរការបានយុន្ធាការទាំងនោះបាន»។
ទោះជាយ៉ាងណា លោក Min Aung Hlaing មិនបានលម្អិតអំពីការពន្យារពេលនៃការដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ក៏ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសនេះបានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខនៃរបបយោធាបានអនុម័តជាឯកច្ឆ័ន្ទលើសំណើរបស់លោក Min Aung Hlaing ដែលបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត។
មួយវិញទៀត របបយោធាបានលើកឡើងថា ខ្លួនត្រូវតែធ្វើរដ្ឋប្រហារ និងឡើងកាន់អំណាចកាលពីឆ្នាំមុន ដោយសារតែការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជាតិកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដោយរបបយោធាចោទគណបក្សរបស់លោកស្រីអង់សាន ស៊ូជី បានឈ្នះដោយមិនស្របច្បាប់។ ទោះជាបែបនេះក្តី ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតរកមិនឃើញភស្តុតាងនៃការក្លែងបន្លំទ្រង់ទ្រាយធំ ដូចការចោទរបស់របបយោធានោះឡើយ។
របបយោធាដែលកំពុងកាន់អំណាចបានសន្យាថា នឹងរៀបចំការបោះឆ្នោតជាថ្មីនៅខែសីហាឆ្នាំ ២០២៣ ទោះបីជាគេមើលឃើញរួចទៅហើយថា ការបោះឆ្នោតនោះនឹងមិនមានភាពសេរី និងយុត្តិធម៌ឡើយ។
គួរជម្រាបថា បើយោងតាមទិន្នន័យនៃអង្គការអ្នកទោសនយោបាយមីយ៉ាន់ម៉ាបានឲ្យដឹងថា កងកម្លាំងសន្តិសុខនៃរបបយោធាបានសម្លាប់មនុស្សជាង ២.១០០ នាក់ចាប់តាំងពីការធ្វើរដ្ឋប្រហារ។ តែរបបយោធាបាននិយាយថា ទិន្នន័យទាំងនោះ គឺជាការបំផ្លើសទាំងស្រុង។
នៅក្នុងសុន្ទរកថានោះដែរ លោក Min Aung Hlaing បានលាបពណ៌សកម្មជនប្រឆាំង និងអ្នកទោសនយោបាយប្រឆាំងឯទៀតជា «ភេរវករ» ដែលមិនអាចលើកលែងបបាននោះទេ។
ទន្ធឹមនឹងនេះដែរ ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ានឹងកើនឡើង ៣% ក្នុងឆ្នាំសារពើពន្ធនេះ បន្ទាប់ពីការធ្លាក់ចុះ ១៨% កាលពីឆ្នាំមុន ហើយបានព្រមានថា សេដ្ឋកិច្ចប្រទេសនេះ នឹងមិនមានកំណើនខ្លាំង នាពេលខាងមុខដ៏ខ្លីខាងមុខនេះទេ៕