ប្រធានសភាអាមេរិកមិនបានបញ្ជាក់ថា នឹងទៅតៃវ៉ាន់ឬយ៉ាងណាទេ!

នៅទីបំផុត ប្រធានសភាអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីហើយ ប៉ុន្ដែមិនបានបញ្ជាក់ថានឹងទៅកោះតៃវ៉ាន់នោះទេ


ប្រធានសភាសហរដ្ឋអាមេរិក លោកស្រីណេនស៊ី ផេឡូស៊ី (Nancy Pelosi) បានចាប់ផ្តើមដំណើរទស្សនៈកិច្ចរបស់លោកស្រីមកកាន់ប្រទេសអាស៊ីចំនួនបួននៅថ្ងៃអាទិត្យទី៣១កក្កដា ក៏ប៉ុន្ដែ ការិយាល័យរបស់លោកស្រីមិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ឬយ៉ាងណានោះទេ ចំពេលដែលភាពតាមតឹងផ្នែកយោធា និងការទូតរវាងអាមេរិក និងចិន ស្ទើរតែផ្ទុះម្ដងៗទៅហើយជុំវិញរឿងរ៉ាវដ៏រសើបបំផុតមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
នៅទីបំផុត ប្រធានសភាអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីហើយ ប៉ុន្ដែមិនបានបញ្ជាក់ថានឹងទៅកោះតៃវ៉ាន់នោះទេ

ការិយាល័យរបស់លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ​បាននិងកំពុងដឹកនាំគណៈប្រតិភូសភាដទៃទៀតទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងដំណើរទស្សនកិច្ច​ទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន»។ ដំណើរកម្សាន្តនេះនឹងផ្តោ​តលើពង្រឹងសន្តិសុខរវាងគ្នា​ទៅវិញទៅមក និងភាពជាដៃគូសេដ្ឋកិច្ច ព្រមទាំងអភិបាលកិច្ចបែបប្រជាធិបតេយ្យនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះផងដែរ។

គណៈប្រតិភូដែលអមដំណើរជាមួយលោកស្រី ផេឡូស៊ី រួមមាន លោកហ្ក្រេកូរី មីកស៍ (Gregory Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេស​នៃសភាអាមេរិក លោកម៉ាក តាកាណូ (Mark Takano) ប្រធានគណៈកម្មាធិការកិច្ចការអតីតយុទ្ធជនអាមេរិក និងលោកស្រី ស៊ូហ្សាន ដេលប៊េនេ (Suzan DelBene)អនុប្រធានគណៈកម្មាធិការមធ្យោបាយ និងចាត់ការទូទៅក្នុងសភា ព្រមទាំងសមាជិកសភាគណបក្សប្រជាធិបតេយ្យ​ពីរនាក់ទៀតគឺ លោករ៉ាចា (Raja Krishnamoorthi) និងលោកអេឌី គីម (Andy Kim)ផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការបរទេសរបស់សិង្ហបុរីថា លោកស្រី Pelosi ត្រូវបានគេរំពឹងថា មកដល់ប្រទេសសិង្ហបុរីនៅថ្ងៃចន្ទ ទី០១ ខែកសីហានេះ ដែលលោកស្រីនឹងធ្វើដំណើរទស្សនៈកិច្ច​នៅប្រទេសនេះចំនួនពីរថ្ងៃ។

ទោះយ៉ាងណា គេសង្កេតឃើញាថា «នៅក្នុងសេចក្តីថ្លែងការណ៍នៃដំណើរទស្សនៈកិច្ចនោះ ការិយាល័យ​សភា​អាមេរិកបានប្រើពាក្យពេចន៍​​ប្រយ័ត្នប្រយែងណាស់ ដោយមិនបានលើកឡើងថា លោកស្រីនឹងធ្វើដំណើរទៅកោះតៃវ៉ាន់ ឬយ៉ាងណានោះទេ តែក៏មិនប្រាកដថា លោកស្រីនឹងមិនទៅនោះដែរ»។

ជាការពិត ប្រទេសចិនចាត់ទុកដំណើរទស្សនកិច្ច​របស់មន្ត្រីកំពូលទី ៣ របស់អាមេរិកនេះ ទៅកាន់កោះតៃវ៉ាន់ថា ជាការផ្ញើសារលើកទឹកចិត្ត ក៏ដូចជាគាំទ្រ​ឲ្យដែនកោះនេះហ៊ានប្រកាស​ឯករាជ្យ ដែលទីក្រុងប៉េកាំង​មិនអាចទទួលយកបានជាដាច់ខាត ដ្បិតថា ទីក្រុងប៉េកាំង​ តែងចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។

គួររំលឹកថា កាលជំនួបតាមទូរស័ព្ទនៅសប្តាហ៍​មុនប្រធានាធិបតីចិន លោក Xi Jinping បានព្រមានលោក Joe Biden ថា ទីក្រុងវ៉ាស៊ីនតោនគួរតែគោរព​តាមគោលការណ៍ចិនតែមួយ ហើយ "អ្នកដែលប្រលែងលេងជាមួយភ្លើង អ្នកនោះតែងតែរលាកឆេះខ្លោចមិនខានឡើយ»។ ហើយសារដ៏ច្បាស់ៗរបស់លោកស៊ី ជីនពីងនេះ គឺចង់សំដៅដល់សំណុំរឿង​ដ៏រសើប​​កោះតៃវ៉ាន់នេះតែម្តង។

ជាមួយគ្នានោះដែរ លោក Biden បានប្រាប់លោក Xi វិញថា គោលនយោបាយរបស់សហរដ្ឋអាមេរិកលើកោះតៃវ៉ាន់មិនដែលផ្លាស់ប្តូរទេ ហើយថា ទីក្រុងវ៉ាស៊ីនតោននឹងប្រឆាំងយ៉ាងដាច់ខាតក្នុងការផ្លាស់ប្តូរទឹកដីដោយឯកតោភាគី​នៃប្រទេសណាមួយ ដែលធ្វើឲ្យវឹកវរសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។

នៅសប្តាហ៍នេះ កងនាវាចរទី ៧ នៃកងយោធាជើងទឹករបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា ខ្លួនបានបញ្ជូននាវាផ្ទុកយន្តហោះ (USS Ronald Reagan) ពីកំពង់ផែក្នុងប្រទេសសិង្ហបុរីឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង។ ប៉ុន្ដែ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងឈរជើងនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការដែលបានគ្រោងទុកតែប៉ុណ្ណោះ។

ជួនជាមួយគ្នានេះដែរ ទីក្រុងប៉េកាំងឯណោះវិញក៏ធ្វើសមយុទ្ធដោយប្រើគ្រាប់ពិត ក្បែរច្រកសមុទ្រតៃវ៉ាន់ និងនៅសមុទ្រចិនខាងត្បូងផងដែរ ដែលធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វា​នឹងអាចបង្កឲ្យការប៉ះទង្គិចផ្នែកយោធាណាមួយជាមួយអាមេរិកក៏អាចថាបាន។

អ្នកនាំពាក្យកងទ័ពអាកាសចិន លោកហ្សេន ជីន (Shen Jinke) ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដែលបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉េកាំងនឹង «ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ហើយចិនមិនរារែកចិត្តឡើយក្នុងការប្រើកម្លាំង»៕




អត្ថបទបន្ទាប់


តើទីផ្សារធ្យូងថ្មនឹងជួបបញ្ហាកាន់តែអាក្រក់យ៉ាងណាខ្លះ ក្រោយការដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី?

ព័ត៌មាន
សង្រ្គាមនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ីកំពុងតែផ្លាស់ប្តូរពាណិជ្ជកម្មធ្យូងថ្មជាសាកល ដោយប្រទេសសេដ្ឋកិច្ចធំៗ នឹងត្រូវទទួលបានការដឹក…

របបយោធាមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ៦ខែទៀត ក្រោមហេតុផល «គ្រប់គ្រង និងរក្សាស្ថិរភាព»

ព័ត៌មាន
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានស្តីបន្ទោសថា អស្ថិរភាពនៅក្នុងប្រទេសបានរារាំងយ៉ាងខ្លាំងដល់ដំណើរការនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ