ក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូ NagaCorp ដែលបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង បានទម្លាយឱ្យដឹងកាលពីថ្ងៃទី១២ ខែសីហា ថា គម្រោងកាស៊ីណូ និងរីហ្សតរបស់ខ្លួននៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) នៅចុងបូព៌ានៃប្រទេសរុស្ស៊ី ប្រឈមនឹងការផាកពិន័យចន្លោះពី៨៥ ទៅ៩៥លានដុល្លារអាម៉េរិក។
ក្រុមហ៊ុននេះ បានអះអាងថា តាមការវាយតម្លៃឯករាជ្យបានប៉ាន់ប្រមាណថា ប្រាក់ចំណូលរបស់ខ្លួននៅ៦ខែឆ្នាំ២០២៤ អាចប្រែប្រួលពីចំណេញបានខ្ទង់៣,១លានដុល្លារអាម៉េរិក ទៅជាខាតបង់ចំនួន៦,៩លានដុល្លារអាម៉េរិកវិញ អាស្រ័យលើទំហំជាក់ស្ដែងចុងក្រោយនៃការផាកពិន័យដោយរដ្ឋរុស្ស៊ី។ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញសុទ្ធចំនួន៨៣លានដុល្លារអាម៉េរិកសម្រាប់រយៈពេល៦ខែដូចគ្នាកាលពីឆ្នាំមុន។
ការលាតត្រដាងរបស់ក្រុមហ៊ុន NagaCorp មិនបានបញ្ជាក់ជាក់លាក់អំពីអាជីវកម្មកាស៊ីណូដ៏សំខាន់របស់ខ្លួននៅកម្ពុជានោះទេ ប៉ុន្តែតួលេខបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះនឹងមានចំនួនប្រមាណ៨៨លានដុល្លារអាម៉េរិក ប្រសិនបើរុស្ស៊ីមិនផាកពិន័យខ្លួនទេនោះ។ តាមរយៈឯកសារផ្ញើទៅកាន់ផ្សារហ៊ុនហុងកុង អ្នកនាំពាក្យរបស់ក្រុមហ៊ុន NagaCorp លោកស្រី ឡាំ យី លីន (Lam Yi Lin) បានសង្កត់ធ្ងន់ថា សុខភាពហិរញ្ញវត្ថុជារួមរបស់ក្រុមនេះនៅតែល្អគ្មានអ្វីគួរឱ្យព្រួយបារម្ភនោះទេ។
របាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតរបស់ក្រុមហ៊ុន NagaCorp បញ្ជាក់ថា គម្រោងកាស៊ីណូ និងរីហ្សតនៅទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) ប្រទេសរុស្ស៊ី មានតម្លៃ១៥៤លានដុល្លារអាម៉េរិក គិតត្រឹមចុងឆ្នាំមុន ដោយការសាងសង់គម្រោងនេះបានចំណាយអស់១២៧លានដុល្លារអាម៉េរិករួចហើយ។
ទោះជាយ៉ាងណា គម្រោងនេះត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ មកម៉្លេះ នៅពេលក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងប្រើប្រាស់ប្រធានស័ក្ដិ ដែលមានចែងក្នុងកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយអាជ្ញាធររុស្ស៊ី ដោយបញ្ជាក់ថា ខ្លួននឹងផ្អាកគម្រោងដោយគ្មានពេលកំណត់រហូតដល់ស្ថានភាពប្រសើរឡើងវិញ៕
ដោយ: តែម សុខុម