អាជីវកម្មហាងកាហ្វេធំៗនៅកម្ពុជា

ក្រុមម្ចាស់អាជីវកម្មហាងកាហ្វេធំៗនៅកម្ពុជា៖ ទោះចំណូលធ្លាក់ចុះ តែអាជីវកម្មនេះនៅតែឈរជើងរឹងមាំ


អាជីវកម្មហាងកាហ្វេកាលពីមុនពេលកូវីដ-១៩ ផ្ទុះរីករាលដាលឆ្លងចូលក្នុងសហគមន៍ បានរីកដុះដាលយ៉ាងខ្លាំង។ ប៉ុន្ដែ ចាប់តាំងពីមានកូវី-១៩ រាតត្បាតក្នុងសហគមន៍ខ្លាំងមក អាជីវកម្មដែលធ្លាប់គេច្រើនហៅថា ចាក់ទឹកយកលុយនេះ ក៏រងផលប៉ះពាល់មិនខុសពីអាជីវកម្មផ្សេងៗជាច្រើនទៀតដែរ។ តើអាជីវកម្មហាងកាហ្វេកំពុងជួបហែលឆ្លងបញ្ហាអ្វីខ្លះ ក្នុងអំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំងនេះ?
ហាងម៉ូបាលកាហ្វេនៅ រាជធានីភ្នំពេញ

បើ​តាម​ម្ចាស់​ហាង​កាហ្វេ​ធំ​ៗ​នៅ​កម្ពុជា​បាន​អះអាង​ថា ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ គឺ​ពិតជា​បាន​បង្ក​ផល​ប៉ះពាល់ ប៉ុន្ដែ វា​មិន​បាន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ការ​ប្រកប​អាជីវកម្ម​របស់​ហាង​កាហ្វេ​នោះ​ទេ ពោល​គឺ​ទីផ្សារ​កាហ្វេ​នៅ​តែ​ទទួល​បានការ​គាំទ្រ​ច្រើន​គួរសម​ពី​អតិថិជន​។

ក្រុម​ម្ចាស់​ហាង​កាហ្វេ​ក្នុងស្រុក បាន​កត់សម្គាល់​ឃើញ​ថា ការ​លក់​របស់​ពួក​គេ​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ មាន​ធ្លាក់​ចុះ​តិចតួច​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ពេល​ធម្មតា មាន​ន័យ​ថា​មុន​ពេល​មិន​ទាន់​កើត​មាន​កូ​វី​ដ​១៩​។ បច្ចុប្បន្ន​សម្រាប់​អ្នករក​ស៊ីក្នុង​វិស័យ​ហាង​កាហ្វេ ទោះបី​ការ​ឆ្លង​កូ​វី​ដ​-១៩ កំពុង​បង្ក​ឲ្យ​មាន​វិបត្តិ​ក៏​ពិតមែន ក៏​ប៉ុន្តែ​វា​ក៏​នៅ​តែ​មានឱកាស​ពង្រឹង​ខ្លួន និង​ពង្រីក​ខ្លួន​សម្រាប់​ពួក​គេ​ដែរ​។

លោក ដួង តារា នាយក​ប្រតិបត្តិ Mister Brew បាន​អះអាង​ប្រាប់ ខេ​ម​បូ​ណូ​មី​ស ថា ទោះបី​កម្ពុជា​ផ្ទុះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ តែ​ហាង​កាហ្វេ​របស់​លោក ក៏​ដូច​ជា​អាជីវកម្ម​ហាង​កាហ្វេ​ធំ​ៗ​មួយ​ចំនួន​ទៀត​នៅ​តែ​អាច​ទ្រទ្រង់​ការ​ចំណាយ និង បន្ត​ប្រតិបត្តិការ​បានជា​ធម្មតា​។ ទោះបី​យ៉ាងនេះ​ក្តី លោក តារា បាន​គូសបញ្ជាក់​ថា នៅ​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ ការ​លក់​នៅ​ហាង​កាហ្វេ​របស់​លោក​មានការ​ធ្លាក់​ចុះ​ក្នុង​រង្វង់​៣០% ប៉ុន្តែ​ការ​ធ្លាក់​ចុះ​នេះ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​ទាំងមូល​នោះ​ទេ​។

សម្រាប់​លោក ដួង តារា ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ គឺជា​វិបត្តិ​ក៏​ពិតមែន តែ​វា​ក៏​ជា​ឱកាស​ក្នុង​ការ​ពង្រឹង​ប្រតិបត្តិការ និង​ពង្រីក​អាជីវកម្ម​ផង​ដែរ​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០២១ លោក នឹង​ពង្រីក​សាខា​បន្ថែម ៥​សាខា​ទៀត ខណៈ​បច្ចុប្បន្ន ហាង​របស់​លោក​មាន ៥​សាខា ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ​មាន ៣​សាខា និង នៅ​តាម​ខេត្ត ២​សាខា​។ 

ជាមួយ​គ្នា​នេះ លោក យ៉ែ​ម ឈី​ម ស្ថាបនិក​ហាង​ម៉ូ​បាល​កាហ្វេ​បាន​កត់សម្គាល់​ឃើញ​ថា អាជីវកម្ម​លក់​កាហ្វេ និង ម្ហូបអាហារ​អាច​មាន​អាទិភាព​ជាង​វិស័យ​មួយ​ចំនួន​នៅ​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ ដ្បិត​វា​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។ ទោះបី​នៅ​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ របរ​លក់​កាហ្វេ​នេះ​មានការ​ថយ​ចុះ​បរិមាណ​លក់​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​អាច​ឈរជើង​បាន​យ៉ាង​រឹង​មាំ​ខុស​ពី​វិស័យ​ដទៃ​ទៀត ដែល​ត្រូវ​បាន​បិទទ្វារ ឬ​ផ្អាក​អាជីវកម្ម​នៅ​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ នេះ​។ ជាក់ស្តែង ការ​លក់​នៅ​ហាង​ម៉ូ​បាល​កាហ្វេ​ទាំង ១០​សាខា​ផ្ទាល់ ក៏​មានការ​ធ្លាក់​ចុះ​ផង​ដែរ ប៉ុន្តែ ម៉ូ​បាល​កាហ្វេ​នៅ​តែ​បន្ត​ប្រតិបត្តិការ​ជា​ធម្មតា​។

បើ​តាម​ស្ថាបនិក​ម៉ូ​បាល​កាហ្វេ​រូប​នេះ វិបត្តិ​កូ​វី​ដ​-១៩ មិនសូវ​បង្ក​ផល​ប៉ះ​ខ្លាំង​ដល់​ហាង​កា​ហ្វ​ប្រ៊េ​ន​ធំ​ៗ​នោះ​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ហាង​កាហ្វេ​តូច​ៗ​នៅ​តាម​ដងផ្លូវ ឬ​លក្ខណៈ​គ្រួសារ​។ សម្រាប់​លោក ឈី​ម នៅ​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ ម្ចាស់​ហាង​កាហ្វេ​ប្រ៊េ​ន​ធំ​ៗ ក៏​អាច​ពង្រីក​សាខា​បន្ថែម​ផង​ដែរ ប្រសិនបើ​ពួក​គេ​មាន​ទុនបម្រុង​គ្រប់គ្រាន់ ដ្បិត​ក្នុង​វិបត្តិ​វា​តែងតែ​មានឱកាស​។

ជាមួយ​គ្នា​នេះ​លោក ហេង សេង​លី នាយក​គ្រប់គ្រង​ទូទៅ​នៅ​ភោជនីយដ្ឋាន​ផាក​កាហ្វេ​បាន​អះអាង​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រតិបត្តិការ​របស់​ហាង​កាហ្វេ​នោះ​ទេ ជាក់ស្ដែង ផាក​កាហ្វេ​ផ្ទាល់ នៅ​បន្ត​បើក​ដំណើរ​គ្រប់​សាខា​ជា​ធម្មតា ទោះបី​មានការ​យាយី​ពី​វិបត្តិ​កូ​វី​ដ​-១៩​។ ប៉ុន្តែ លោក​ទទួលស្គាល់​ថា បរិមាណ​លក់​របស់​ផាក​កាហ្វេ​ហាក់​មានការ​ធ្លាក់​ចុះ​នៅ​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ នេះ បើ​ធៀប​នឹង​ការ​លក់​ធម្មតា​។  

សូម​បញ្ជាក់​ថា ទីផ្សារ​ហាង​កាហ្វេ ហាក់​មានការ​រីក​ដុះដាល​ខ្លាំង​នៅ​អំឡុង​មុន​ពេល​កូ​វី​ដ​-១៩​ចូល​រាតត្បាត ដោយ​កន្លង​មក​គេ​ឃើញ​ថា​ហាង​កាហ្វេ​ជា​ច្រើន​បាន​ពង្រីក​សាខា​របស់​ខ្លួន​ជា​បន្ដបន្ទាប់ ទាំង​ម៉ាក​យីហោ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ប៉ុន្ដែ មក​ទល់​ពេល​នេះ ការ​ពង្រីក​ខ្លួន​របស់​ហាង​កាហ្វេ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន​គួរ​ឲ្យ​កត់សម្គាល់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញអចលនទ្រព្យពន្យល់ពី ស្ថានភាពទីផ្សារផ្ទះល្វែង វីឡា និងខុនដូ ក្នុងអំឡុងពេលកូវីដ-១៩

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាមើលឃើញថា ទីផ្សារលក់ផ្ទះល្វែងនៅតែអាចរក្សាបាននូវភាពធន់ ទោះបីទីផ្សារអចលនទ្រព្យនៅកម្ពុជាត្រូវបានអុកឡុកដោ…

ម្រេច និងផលិតផលកសិកម្មដទៃទៀតកំពុងត្រូវបានវិស័យឯកជនជំរុញនាំចេញកាន់ទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង

ព័ត៌មាន
សហព័ន្ធម្រេច និង គ្រឿងទេសកម្ពុជា (CPSF) កំពុងរៀបចំសម្របសម្រួលក្រុមហ៊ុនចំនួន២៥ ដើម្បីបើកឱកាសទីផ្សារនាំចេញម្រេច និងផលិតផលកសិកម្មជាច្រើនទៀត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ